រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មកកាន់​ខេត្តមណ្ឌលគិរី ធ្វើការ​ប្រកាស​ប្តូរ​ព្រះរាជអាជ្ញា​

1025
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: នា​រសៀល​ថ្ងៃទី​១៦​ខែវិច្ឆិកា បន្ទាប់ពី​ប្រតិភូ​កាកបាទក្រហមកម្ពុជា​វិលត្រឡប់​ទៅ​ទីក្រុង​ភ្នំពេញ​វិញ ខេត្ត​ភាគ​ឥសាន​មួយ​នេះ បាន​បន្តធ្វើ​កម្មវិធី​ផ្លាស់ប្តូរ​ព្រះរាជអាជ្ញា​បន្តទៀត ក្រោម​វត្តមាន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក​អង្គ វង្ស​វ​ឌ្ឍ​នា រួមជាមួយ​ថ្នាក់ដឹកនាំ​បណ្តា​អង្គភាព​ទាំងអស់​ក្នុង​ខេត្ត​។​

​ក្នុង​ពិធី​នៃ​ការផ្លាស់ប្តូរ​តំណែង​ព្រះរាជអាជ្ញា​លើក​នេះ លោក​ឡុង​ហុក​ម៉េង ព្រះរាជអាជ្ញា​ខេត្តមណ្ឌលគិរី​ត្រូវ ព្រះមហាក្សត្រ​ត្រាស់បង្គាប់​អោយទៅជា​ព្រះរាជអាជ្ញា​ខេត្ត​ត្បូងឃ្មុំ ជំនួស​លោក​ហៀ​ង​សុភ​ក្ត្រ ដែល​និង​ចូលមក​អង្គុយ​លើ​កៅអី​លោក​ឡុង​ហុក​ម៉េង​វិញ​។​

​លោក​ហៀ​ង សុភ​ក្ត្រ បានធ្វើការ​ប្តេជ្ញាចិត្ត ពង្រឹង​វិន័យ​ការងារ រក្សា​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​រវាង​ស្ថាប័ន​អយ្យការ និង​តុលាការ ដើម្បី​ពង្រឹងសមត្ថភាព​បច្ចេកទេស​ការងារ និង​សហ​ការធ្វើការងារ​ល្អជា​មួយ​អាជ្ញាធរ​រដ្ឋបាល​គ្រប់​ថ្នាក់​ក្នុង​ខេត្ត មន្ត្រីនគរបាល​យុត្តិធម៌ គ្រប់លំដាប់​ថ្នាក់ ក៏ដូចជា​មន្ត្រី​សាធារណៈ​ដទៃទៀត ដែល​ច្បាប់​ប្រគល់​សិទ្ធិ​ឱ្យ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​។​

​លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្តមណ្ឌលគិរី​ក៏បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ត្រូវ​បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ក៏ដូចជា​អាជ្ញាធរខេត្ត​គ្រប់​ជាន់ថ្នាក់ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា បណ្តឹង​ផ្សេងៗ ឬ​សំណុំរឿង​ដែល​នៅ​សេសសល់ មិនទាន់បាន​ដោះស្រាយ ដោយ​ឈរលើ​តម្លាភាព ភាពយុត្តិធម៌​។​

​នៅក្នុង​ឱកាស​នោះ លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌ ក៏បាន​ណែនាំ និង​ផ្តាំផ្ញើ​ដល់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ដែល​ចូលកាន់​តំណែង​ថ្មី​នេះ រួមជាមួយ​លោក​ប្រធាន​សាលាដំបូង​ខេត្ត ក៏ដូចជា​មន្ត្រី​ចំណុះ សាលាដំបូង​ខេត្ត​ទាំងអស់ ត្រូវ​បង្កើន​ការ​សាមគ្គីភាព​ផ្ទៃក្នុង ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​សម្រេច​កិច្ចការងារ​ស្វែងរក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​ជនរងគ្រោះ ទូទៅ​ជាពិសេស​ត្រូវមាន​កិច្ចសហការ​ល្អជា​មួយផ្នែក​ពាក់ព័ន្ធ ទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំង​អាជ្ញាធរ​ដែនដី គ្រប់លំដាប់​ថ្នាក់​៕