រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា​អំពី​ការរៀបចំ​វិស័យ​យុត្តិធម៌​ស្អែក​នេះ​

694
ចែករម្លែក
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ចូល​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា​អំពី​ការរៀបចំ​វិស័យ​យុត្តិធម៌​ស្អែក​នេះ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នឹង​ដឹកនាំ​ដឹកនាំ​ប្រតិភូ​ចូល​ឆ្លើយបំភ្លឺ​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ ស្អែក​នេះ ។ ការចូល​បំភ្លឺ​នេះ គឺពាក់ព័ន្ធ​ការរៀបចំ​វិស័យ​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា និង​កិច្ចការងារ​មួយចំនួនទៀត​។
ការចូល​ឆ្លើយបំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ គឺ​បន្ទាប់ពី​មានការ​អនុញ្ញាត​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១ ខែកក្កដា​។​
លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា នេះ​ថា លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ចូល​បំភ្លឺ​នៅ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ស្អែក​នេះ គឺពាក់ព័ន្ធ​ការរៀបចំ​វិស័យ​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា ច្បាប់​តុលាការ ការដោះស្រាយ​វ​វិវាទ​ក្រៅ​ប្រព័ន្ធ ការលើកកម្ពស់​សមត្ថ​ភាព​ខាង​តុលាការ និង​ការលើកកម្ពស់​សមត្ថភាព​របស់​មន្ត្រី​តុលាការ ជាដើម​។ ក្រៅពីនេះ បើសិនជា​សម្តេច​ប្រធានរដ្ឋសភា​អនុញ្ញាត​ឲ្យ​មានការ​សួរដេញដោល គឺ​នឹងមាន​សំនួរ​សួរ​បន្ថែមទៀត​ពី​ក្រុម​អ្នកតំណាងរាស្ត្រ​។​
អគ្គលេខាធិការ​រដ្ឋសភា​បាន​បញ្ចា​ក់ថា “​អ្នកតំណាងរាស្ត្រ​ក្រុមទី​៦ នៃ​រដ្ឋសភា បាន​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ មក​បំភ្លឺ​អំពី​ការងារ​យុត្តិធម៌​កាលពី​សប្តាហ៍​មុន ។ ហើយ​ការស្នើសុំ​នេះ គឺ​បាន​សុំ​ទៅ​រាជរដ្ឋាភិបាល ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១ ខែកក្កដា បានអនុញ្ញាត​យល់ព្រម​ឲ្យ​លោក​អង្គ វង្សវឌ្ឍានា មក​បំភ្លឺ​ជូន​រដ្ឋសភា​នៅ​ថ្ងៃទី​៤ ខែកក្កដា ស្អែក​នេះ​”៕​សរន​