រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជា​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​យ៉ាង​តឹងរឹង​បំផុត​ចំពោះ​ទង្វើ​ទណ្ឌិត សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

269
ចែករម្លែក

ដោយ​: លីន​ណា / ភ្នំពេញ​: នៅ​ថ្ងៃទី​១៣​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានចេញ​បញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់​យ៉ាងធ្ងន់ធ្ងរ និង​តឹងរឹង​បំផុត​ចំពោះ​ទង្វើ​ទណ្ឌិត សម រង្ស៊ី ដែល​ហ៊ាន​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​នៃ​យើង​។​

​អធិបញ្ជា​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៩ បាន​រៀបរាប់​បញ្ជាក់ថា​៖ «​ពាក្យសម្តី​របស់​ឈ្មោះ សម រ​ង្ស៉ី ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​គោរព​ស្រឡាញ់​ស្មើ​ជីវិត​»​។​

«​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ​ខាងលើ​នេ គឺជា​ទង្វើ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ទង្វើ​នេះ​ត្រូវ​បានកំណត់​ជា បទល្មើស​ព្រហ្មទណ្ឌ ដែលមាន​ចែង និង​ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា​៤៣៧​ស្ទួន នៃ​ក្រមព្រហ្មទណ្ឌ​» នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​អធិបញ្ជារ របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។​

​ការចេញ​អធិបញ្ជា​របស់​ក្រសួងយុត្តិធម៌ ជូនទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​យប់​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ ជន​ក្បត់ជាតិ សម រ​ង្ស៉ី ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​បំផុត​លើ​អង្គ​ព្រះមហាក្សត្រ ជាថ្មី​ម្តងទៀត ដោយបាន​វាយប្រហារ​ថា «….​ព្រះមហាក្សត្រ​របស់​យើង គឺជា​ចំណាប់ខ្មាំង​របស់ ហ៊ុន សែន ដូច្នេះ​លោក​អត់​ហ៊ាន​ធ្វើ​អី​ទេ លោក​ខ្លាច ហ៊ុន សែន លោក​ចង់តែ​រក្សា​រាជបល្ល័ង្គ​លោក ដូច្នេះ​យើង​ទុក​ព្រះអង្គ​មួយអន្លើរ​ទៅ យើង​មិនអាច​រំពឹង​ព្រះមហាក្សត្រ​ដែលជា​អាយ៉ង​របស់ ហ៊ុន សែន ដូច​សព្វថ្ងៃ​ទេ​បាទ​»​។​

​ចំណែក​សេចក្តីថ្លែងការណ៍​របស់​ក្រសួងព្រះបរមរាជវាំង បាន​បញ្ជាក់ថា​៖ «​ក្រសួងព្រះបរមរាជវាំង សូម​ប្រកាស​ដាច់អហង្កា​ថ្កោលទោស​ចំពោះ​លោក សម រង្សី ដែលមាន​ចរិត​ជា​ជន​ក្បត់ជាតិ តែងតែ​ពោល​ពាក្យ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះអង្គ កំពុង​គង់ប្រថាប់​បំពេញ​ព្រះរាជតួនាទី​ដ៏​ឧត្តុង្គឧត្តម ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និង​រិ​រ​ន្ត​រ​ភាព​ជាតិ​»៕ ល​