រដ្ឋមន្ត្រី​ចិន​និង​អ៊ីរ៉ង់​ជួបប្រជុំ​គ្នា​និង​រិះគន់​ការប្រតិបត្តិ​បែប​បំភិតបំភ័យ​

121
ចែករម្លែក

​ក្នុង​ការរិះគន់​ចុងក្រោយ​មួយ​របស់​ចិន​លើ​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាម៉េរិក​នៅក្រោម​រដ្ឋការ​របស់​ប្រធានាធិបតី​ត្រាំ រដ្ឋមន្ត្រីការបរទេស​ចិន​ បាន​ថ្កោលទោស​ទម្លាប់​បំភិតបំភ័យ​ជា​អន្តរជាតិ​របស់​មហាអំណាច​មួយ នៅ​ពេល​លោក​ជួបប្រជុំ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​ធ្នូ ។​

​នៅ​ពេល​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ជាមួយ លោក ម៉ូ​ហា​ម៉ា​ត ចា​វ៉ាល់ ហ្សារី​ហ្វ លោក​វ៉ាង យី បានបញ្ជាក់​អះអាង​ឡើងវិញ​អំពី​កម្លាំង​នៃ​ទំនាក់ទំនង​ទ្វេភាគី​។​លោក​វ៉ាង​​បាន​និយាយថា «​យើង​ត្រូវ​ឈរ​រួមគ្នា​ប្រឆាំង​ឯ​តោ​ភាគី​និយម​និង​ការប្រតិបត្តិ​បែប​បំភិតបំភ័យ​»​។​

​ចិន​ជា​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​ពិភពលោក​ដែល​អាម៉េរិក​បាន​ដកខ្លួន​ចេញ​និង​ងាក​មក​ដាក់​សម្ពាធ​សេដ្ឋកិច្ច​​និង​ការទូត​លើ​អ៊ីរ៉ង់​វិញ​។​

​ដោយ​មិន​និយាយ​ចំឈ្មោះ​អាម៉េរិក លោក​វ៉ាង​បាន​និយាយថា ចិន​និង​អ៊ីរ៉ង់​នឹង​ងើបឈរ​ការពារ​ផលប្រយោជន៍​របស់​ខ្លួន ព្រមទាំង​រក្សា​ការពារ​ពហុភាគី​និយម​​និង​បទដ្ឋាន​សំរាប់​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​។​

​ដំណើរ​របស់​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​បាន​កើត​ឡើង​ក្រោយ​លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​សម្ពន្ធមិត្ត​រុស្ស៊ី និង​កើតឡើង​ក្រោយ​ប្រទេស​ទាំង​បី​រួមគ្នា​ធ្វើ​សមយុទ្ធ​ទ័ព​​ជើង​ទឹក​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា​។​

​សមយុទ្ធ​៤​ថ្ងៃ​បានចាប់ផ្តើម​នៅ​ទីក្រុង​មួយ​ក្នុង​ឈូង​សមុទ្រ​អូ​ម៉ង់​កាលពី​ថ្ងៃ​សុក្រ​ទី​២៨​ធ្នូ ។​វា​បញ្ជាក់​អំពី​សម្ពន្ធមិត្ត​ក្រៅផ្លូវការ​ក្នុង​ចំណោម​ចិន រុស្ស៊ី​និង​អ៊ីរ៉ង់​នៅ​​ក្នុងការ​ប្រឈម​នឹង​អាម៉េរិក​។​

​ជុំវិញ​សមយុទ្ធ​នេះដែរ មន្ត្រីជាន់ខ្ពស់​ក្រសួងការបរទេស​អាម៉េរិក​ម្នាក់​កាលពី​ថ្ងៃ​ចន្ទ​បាន​រិះគន់​រុស្ស៊ី​និង​ចិន ចំពោះ​ការធ្វើ​សមយុទ្ធ​ជាមួយ​អ៊ីរ៉ង់ និង​បាន​អំពាវនាវ​​អោយ​ពួកគេ​ទាំង​ពីរ​បែរមក​ចូលរួម​យុទ្ធនាការ​ដាក់ទណ្ឌកម្ម​និង​ដាក់អោយ​អ៊ីរ៉ង់​ឯកោ​វិញ​។​

​មន្ត្រី​រូប​នេះ​បាន​និយាយថា​«​ឥឡូវ​មិនមែនជា​ពេល​សំរាប់​រដ្ឋាភិបាល​ទាំងនេះ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​របប​នេះ​ទេ ។​យើង​គិតថា​ឥឡូវ​ជា​ពេល​ដាក់​ទណ្ឌកម្ម​លើ​​ក្រុម​មេដឹកនាំ​អ៊ីរ៉ង់ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស និង​ដាក់​ប្រទេស​នេះ​អោយ​នៅ​ឯកោ​ជា​អន្តរជាតិ​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​»៕​ប្រែ​សម្រួល​៖​វាសនា​

រដ្ឋមន្ត្រីការបរទេស​ចិន ជួបពិភាក្សា​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​៣១​ធ្នូ​