រដ្ឋមន្ត្រី​ជប៉ុន​ម្នាក់​ទៀត​ហើយ​សុំ​លាឈប់​ដោយសារ​រឿងអាស្រូវ​លុយកាក់​បន្តិចបន្តួច​

233
ចែករម្លែក

​រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន​បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​តុលា ដោយសារ​ការចោទប្រកាន់​អំពី​ការលួចបន្លំ​ក្នុង​ការបោះឆ្នោត ពាក់ព័ន្ធ​នឹង​ប្រពន្ធ​របស់​លោក ដែល​​ក៏​ជា​សមាជិក​សភា និង​ប្រហែលជា​ពាក់ព័ន្ធ​នឹង​ការផ្តល់​អំណោយ​របស់​លោក​ផ្ទាល់​។​

​នេះ​ជា​រដ្ឋមន្ត្រី​ជប៉ុន​លើ​ក​ទី​២​ដែល​សុំ​ចុះចេញ​ពី​តំណែង​នៅក្នុង​រយៈពេល​មួយ​សប្តាហ៍​មក​នេះ​។​

​​រដ្ឋមន្ត្រី​យុត្តិធម៌​កាត់​ស៊ូ​យូគី កា​វ៉ា​អ៊ិ និយាយ​ទៅកាន់​អ្នកយក​ព័ត៌មាន​ក្រោយ​ដាក់​ពាក្យសុំ​លាឈប់​ទៅកាន់​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​៣១​តុលា​

ការលាឈប់​របស់លោក​កាត់​ស៊ូ​យូគី កា​វ៉ា​អ៊ិ កើត​ឡើង​ក្រោយ​ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បាន​លាឈប់​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ដែល​ក៏​ពាក់​ពាក់ព័ន្ធ​អំណោយ​ជូន​អ្នក​បោះឆ្នោត​(​លុយ​​ចូល​បុណ្យ​សព​ជាង​មួយ​រយ​ដុល្លារ​)​។​

​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ទទួល​យក​ការសុំ​លាឈប់​របស់​លោក​កា​វ៉ា​អ៊ិ ដែល​បាន​និយាយថា​លោក​មិន​ចង់​បង្កបញ្ហា​ដល់​គោលនយោបាយ​​យុត្តិធម៌​របស់​រដ្ឋាភិបាល​ដោយសារតែ​រឿងអាស្រូវ​របស់​លោក​។​ទោះជា​យ៉ាងណា លោក​កា​វ៉ា​អ៊ិ បាន​បដិសេធ​ថា​លោក​និង​ភរិយា​មិន​បាន​ប្រព្រឹត្ត​ខុស​ឡើយ​។​​

​អាបេ បាន​ចូល​កាន់តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ខែ​ធ្នូ​ឆ្នាំ​២០១២ និង​ប្រុង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​កាន់តំណែង​បាន​យូរ​ជាង​គេ​នៅ​ខែ​ក្រោយ​។​លោក​ព្យាយាម​បញ្ចៀស​រឿង​​អាស្រូវ​ផ្សេងៗ ដើម្បី​កាន់​អំណាច​បាន​យូរ​ជាង​គេ​ចំពេល​ក្រុមប្រឆាំង​បែកបាក់​និង​មិន​មាន​ប្រជាប្រិយភាព​។​

​ទស្សនា​វ​ដ្តី​The Weekly Bunshun​បាន​និយាយថា ភរិយា​របស់​លោក​កា​វ៉ា​អ៊ិ បាន​ផ្តល់​ប្រាក់​ថ្លៃឈ្នួល​ការងារ​ហួស​ពី​កំរិត​កំណត់​ដោយ​ច្បាប់​នៅក្នុង​អ្វីដែល​សារព័ត៌មាន​នេះ​​ហៅថា​«​សំណូក​ដល់​បុគ្គលិក​បោះឆ្នោត​»​។​

​ទស្សនា​វ​ដ្តី​បាន​និយាយថា លោកស្រី​អាន់​រី កា​វ៉ា​អ៊ិ បាន​ចំណាយ​ដល់​បុគ្គលិក​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​លើស​ប្រាក់​កំណត់​១៥០.០០០​យេន​(១៣៨​ដុល្លារ​)​ក្នុង​មួយថ្ងៃ​ដល់​ទៅ​២​ដង​​សំរាប់​ការបោះឆ្នោត​កាលពី​ខែ​កក្កដា​នៅ​ហ៊ី​រ៉ូស៊ី​ម៉ា​ដែលជា​ស្រុកកំណើត​របស់​លោកស្រី កន្លែង​ដែល​លោកស្រី​ឈ្នះ​បាន​អាសនៈ​សភា​។​

​លោក​កា​វ៉ា​អ៊ិ ខ្លួន​លោក​បាន​បញ្ជូន​អំណោយ ដូចជា​ដំឡូងបារាំង ពោត​និង​អំណោយ​ផ្សេង​ទៀត​ទៅ​អោយ​អ្នកគាំទ្រ​ដោយ​សារព័ត៌មាន​ខាង​លើ​ចោទប្រកាន់​លោក​ថា​«​ទិញ​សន្លឹក​​ឆ្នោត​»៕​ដោយ​៖​វាសនា​