រដ្ឋមន្ត្រី​ដែនដី​នឹង​បញ្ជូន​មន្ត្រី​ចុះ​សិក្សា​តាម​បណ្តា​កោះ​នៅ​កម្ពុជា​

600

(​ភ្នំពេញ​):​មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ចុះទៅ​​សិក្សា​នៅតាម​បណ្តា​កោះ​ទាំងអស់ នៅ​កម្ពុជា ដែលមាន​ចំនួន​សរុប​៧៥​កោះ​។​

​លោក​ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប នីយកម្ម​និង​សំណង់​បាន​គូសបញ្ជាក់​ក្នុងការ​បូកសរុប​លទ្ធផល​ការងារ​​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ឆ្នាំ ២០១៨​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ដែល​ប្រព្រឹត្តិ​ទៅ​កាល ពី​ពេល ថ្មីៗ​នេះ​ថា ការបញ្ជូន​មន្ត្រី​ជំនាញ​របស់​ក្រសួង​ទៅ​សិក្សា​លើ​កោះ​ទាំង​៧៥​នេះ អាច​ចាប់ផ្ដើម​នៅ​ខែឧសភា ឆ្នាំ ២០១៨​ដោយ​សិក្សា​ឲ្យ​បាន​ច្បាស់​ពីស​ក្ដា​​នុព​ល​នៃ​កោះ​នីមួយៗ​។​

​លោក​បាន​បន្តថា “​យើង​មិន​ត្រូវមាន​មោទនភាព ព្រោះ​បាន​ស្គាល់​កោះ​នៅ​ប្រទេស ដទៃ​នោះទេ អ្វីដែល​សំខាន់​គឺ​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​កោះ​​នៅ​កម្ពុជា​ទើប​ជាការ​ប្រសើរ ជាការ​ការពារ​បូរណភាព​ទឹកដី​”​។​

​លោក​បន្តថា “​ការបញ្ជូន​មន្ត្រី​ឲ្យ​ទៅ​សិក្សា រាល់​បណ្ដា​កោះ​ទាំង ៧៥​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​សិក្សា​ពី​សក្ដានុពល​សម្រាប់​ការវិនិយោគ​និង​ជៀស​​ផុតពី​ការ សាងសង់​រំលោភ​លើ​ផ្ទៃ​កោះ ដោយ​អនុ​ញា​ត្ត​ឲ្យ​មានការ​សាងសង់​រួច ទើប​ហាមឃាត់​និង រុះរើ តាម​ក្រោយ​នោះទេ​”​។​

​បណ្តា​កោះ​នានា​នៅតាម​សមុទ្រ​ក្នុង​ខេត្ត​ទាំង​បួន ជាប់​តំបន់ឆ្នេរ​មាន​កោះ​តិចតួច ប៉ុណ្ណោះ ដែល​បាននិងកំពុង​អភិវឌ្ឍ​ដូចជា​កោះ​ដែក​​គោល កោះ​សង្សារ កោះ​ឬ​ស្សី កោះក្របី កោះ​ស្តេច កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​ឋានសួគ៌​ជាដើម​ខណៈ​រដ្ឋាភិបាល​បានផ្តល់​សិទ្ឋិ​សម្បទាន​​ដល់​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​នានា​ដើម្បី អភិវឌ្ឍ​កោះ​ទាំងនោះ​រួចហើយ​៕​ដោយ​:​ច្រាយ ចំណាន​/sn

​បណ្តា​កោះ​ដ៏​ស្រស់ស្អាត​របស់​កម្ពុជា​( រូបភាព​ឯកសារ​)