រដ្ឋមន្ត្រីៈ​ ​ជំរុញ​​សម្រេច​ឲ្យបាន​​ការបញ្ចប់លក់​វត្ថុ​អនុស្សាវរីយ៍​ក្លែងក្លាយ​

403
ចែករម្លែក
  • 5
    Shares

ដោយ:មូល​សម្បត្តិ​/​ភ្នំពេញ ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាស​បញ្ជាក់​ផង និង​ជំរុញ​ណែនាំ​ផង​ដល់​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ (​ផ្នែក​អធិការកិច្ច​) សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន វិស័យ​ឯកជន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​ទប់ស្កាត់​ការលក់​វត្ថុ​អនុស្សាវរីយ៍ ឬ​ផលិតផល​ក្លែងក្លាយ ពីព្រោះ​បញ្ហា​នេះ​ធ្វើឱ្យ​ខូច​នូវ​ភាពជឿជាក់​ពី​សំណាក់​ភ្ញៀវទេសចរ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​ជាតិ​។​

​ការណែនាំ​យ៉ាង​ម៉ឺងម៉ាត់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​ក្រសួង ដើម្បី​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ ត្រីមាស​ទី​១ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​បន្ត​នៅ​ត្រីមាស​ទី​២ និង​ទី​៣ ឆ្នាំ​២០១៩ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០២-០៣ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា «​ធ្លាប់មាន​ករណី​ភ្ញៀវទេសចរ​បាន​ទិញ​ទំនិញ​ពី​កម្ពុជា ក្រោយមក​ក៏​ដឹងថា​ជា​ទំនិញ​អលង្កា​ក្លែងក្លាយ ហើយ​ពួកគេ​ក៏បាន​ប្ដឹង​មក​ក្រសួង​ការបរទេស​យើង តាមរយៈ​ស្ថានទូត​គេ​នៅ​កម្ពុជា ហើយ​ករណី​ថ្មីៗ​នេះ មានការ​ប្តឹង​ផ្ទាល់​មក​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។ ACU បានដាក់​លិខិត​មក​ក្រសួងទេសចរណ៍​»​។​

​នេះ​ជា​បញ្ហាសំខាន់​មួយ​ដែល​លោក ថោង ខុន តែងតែ​ដាស់តឿន​ជំរុញ​ជារឿយៗ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ហើយ​លោក​បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​សាជាថ្មី​ឡើងវិញ ដល់​អគ្គាធិការដ្ឋាន​នៃ​ក្រសួងទេសចរណ៍ ដែលមាន​លោក ប្រាក់ ច័​ន្ធ​តារា ជា​អគ្គាធិការ ត្រូវ​រួមគ្នា​ជាមួយ​មន្ទីរ​ទេសចរណ៍​គ្រប់​រាជធានី​-​ខេត្ត ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ធ្វើ​អធិការកិច្ច​លើ​មូលដ្ឋាន​អាជីវកម្ម​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ពិសេស​សហការ​ជាមួយ​ក្រសួង​ពាណិជ​កម្ម ក្នុងការ​ត្រួតពិនិត្យ​មូល​ដ្ថា​ន​អា​ជី​កម្ម​លក់​គ្រឿងអលង្កា ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​ដ៏​អាក្រក់​នេះ​។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​ទទូច​ដល់​ភាគី​ពាក់ព័ន្ធ​ផងដែរ សូម​ចូលរួម​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ពិសេស​លោក​បាន​ស្នើថា បើ​រកឃើញ​មូលដ្ឋាន​អាជីវកម្ម​ណា​លក់​របស់​របរ​ក្លែងក្លាយ​ជូន​ភ្ញៀវទេសចរ សូមមេត្តា​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ភ្លាមៗ​។​

​លោក​បាន​បញ្ជាក់ទៀតថា គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចូលរួម​ធ្វើយ៉ាងណា​ធានាថា គ្រប់​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា មាន​ការទទួល​បដិសណ្ឋារកិច្ច​ល្អប្រសើរ​ជូន​ភ្ញៀវទេសចរ គ្មាន​ការលក់ទំនិញ​ក្លែងក្លាយ​ដូច​ករណីខ្លះៗ​ដែល​បាន​កើតឡើង​មកនេះ ដើម្បី​ស្របតាម​ការ​ប្រសិទ្ធ​នាម​របស់​រាជរដ្ឋាភិបាល​ថា «​កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្ដល់​ភាពកក់ក្ដៅ​»​។​

លោក​បាន​បង្ហើប​ឲ្យដឹងថា​ មាន​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​នៅ​ខេត្តសៀមរាប តែងតែ​លក់ទំនិញ​និង​វត្ថុ​អនុស្សាវរីយ៍​ស្ទើរតែ​ក្លែងក្លាយ​ទាំងអស់​។ ​យើង​អប់រំ​ណែនាំ​ច្រើនលើកច្រើនសារ​ហើយ​នៅតែ​មិន​ស្តាប់​។​ឥឡូវ​សុំ​គោលការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម សុំ​បឹ​ទ​ហាង​នេះ​មួយ​ឲ្យបាន​ ហើយ​ដាក់ទោស​ ​អាច​ម្ចាស់​ហាង​ជាប់គុក​ក៏បាន​ដែរ​។

​លោក​រដ្ឋមន្ត្រី​ធ្លាប់​លើកឡើងថា ​ជាទូទៅ​ភ្ញៀវទេសចរ​មក​ទ​ស្សនាក​ម្ពុ​ជា មុននឹង​ទៅ​ស្រុក​គេ​វិញ​គឺ​លុយ​ពី​២០​ទៅ​២៥% ​នៃ​ការចំណាយ​សរុប​គេ​តែងតែ​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​ចំណី​ហូបចុក របស់របរ​ប្រើប្រាស់​យកទៅ​វិញ​៕B/