រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​-​ថៃ​ឯកភាពគ្នា​ដាក់ចេញ​ផែនការ​ជាច្រើន​ចំណុច​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិ​

1287
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​កំ​ពតៈ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទ្វេភាគី​កម្ពុជា​-​ថៃ​លើក​ទី​២​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រួចមក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​លោក​ថោង​ខុន​រួមជាមួយ​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ថៃ​លោ​កវី​រ៉ា​ស័ក្តិ​កូវ​ស៊ូ​រ៉ាត់​បាន​ឯកភាពគ្នា​ដាក់ចេញ​ផែនការ​ធំៗ​មួយចំនួន​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​។​

​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ ត្រូវបាន​រៀបចំឡើង​នា​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ឡឺ បូកគោ​ផា​លេស (​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​)​ខេត្តកំពត​។​ភាគី​កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា ដូចខាងក្រោម​៖១៖ ជំរុញ​លំហូរ​ទេសចរ ទស្សនា​ទៅវិញទៅមក ទាំង​ទេសចរ​កម្ពុជា និង ទេសចរ​ថៃ​ព្រមទាំង ទេសចរ​មកពី​ប្រទេស​ទី​បី​ទស្សនា​ប្រទេស​ទាំងពីរ​។​

​រដ្ឋមន្ត្រី​ទាំងពីរ​ឯកភាពគ្នា​ធ្វើការ​បន្ថែមទៀត​ជាមួយ​ភាគី ពាក់ព័ន្ធ​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង ដឹកជញ្ជូន​ទេសចរ​។ ការរៀបចំ សម្បា​ទា និង ហេ​ដ្ឋា​រចនា​សម្ព​ន័នា​នា នៅតាម​ច្រកទ្វារព្រំដែន ព្រមទាំង​បញ្ហា ទិ​ដ្ឋ​ការ និង ការប្រើប្រាស់ ប័ណ្ណ​ព្រំដែន​។ ភាគី​ទាំងពីរ បាន​លើក​គំនិត ធ្វើការ​បូកសរុប ពី ACMECS Single Visa ជូន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន នៅពេល​ខាងមុខ​។​

២៖​ការសិក្សា​ទីផ្សារ​និង​ការផ្សព្វផ្សាយ​ទេសចរណ៍​៖​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​ជំរុញ​សកម្មភាព​ផ្សព្វផ្សាយ​រួមគ្នា «​ព្រះរាជាណាចក្រ​ពីរ គោលដៅ​ទេសចរណ៍​មួយ​» ចូលរួម​គ្នា​ផលិត​ឯកសារ​ផ្សព្វផ្សាយ video និង​ការចូលរួម​ការតាំង​ពិ​ពរណ៍​ទេសចរណ៍​។

​៣៖ ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នៅ​ច្រករបៀង ទេសចរណ៍​ភាគខាងត្បូង​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ជំរុញ​ខ្សែ​ទស្សនកិច្ច​ដែល​ក្រុម​ជំនាញ​បានរៀបចំ​ដោយ​ត្រូវ​រៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ត្រីភាគី តំបន់ត្រីកោណ​សមុទ្រ​កម្ពុជា ថៃ វៀតណាម​និង ត្រូវ​ជំរុញ​ទេសចរណ៍ សមុទ្រ ទេសចរណ៍ តាម​នាវា​។ ភាគី​ទាំងពីរ​ក៏បាន​ស្រប​យោបល់​គ្នា ក្នុងការ​ជំរុញ ការតភ្ជាប់​ការហោះហើរ​ត្រង់​ទៅវិញទៅមក​រវាង​ប្រទេស​ថៃ ពិសេស ភាគខាងត្បូង​ថៃ និង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

៤៖​ភាគី​កម្ពុជា​ស្នើសុំ​ភាគី​ថៃ​ពិចារណា​ជួយផ្ដល់​ការបណ្ដុះបណ្ដាល​ផ្នែក​ជំនាញ​ទេសចរណ៍​ការគ្រប់គ្រង​គោលដៅ​ទេសចរណ៍​រមនីយដ្ឋាន​ទេសចរណ៍​និង​បដិសណ្ឋារកិច្ច​ពិសេស​ដល់​មន្ទីរ​ទេសច​រណ៍​នៃ​ខេត្ត​ជាប់​ព្រំដែន​។ ភាគី​ថៃ​បាន​ឆ្លើយតប​ការជួយ​ជំរុញ​ការងារ​នេះ ខណៈ​ថៃ​កំពុង​ជួយ​បណ្ដុះបណ្ដាល (​តាមរយៈ​ការចុះ​អនុស្សរណៈ​ជាមួយ​ក្រសួងទេសចរណ៍ និង​សាកលវិទ្យាល័យ រា​ចា​ម៉ាន់​ហ្កា​ឡា ថា​ន់​យ៉ា​បុរី​)​។​

៥៖​ភាគី​ទាំង​ពីរបាន​គាំទ្រ​គ្នា​ក្នុង​ការជំរុញ​ការវិនិយោគ​លើ​វិ​ស​យ័​ទេសចរណ៍​។​កម្ពុជា​បាន​អញ្ជើញ​វិនិយោគិន​ថៃ​ក៏ដូចជា​អ្នកពាក់ព័ន្ធ​ខាង​ភាគី​ថៃ​មក​វិនិយោគ​នៅ​កម្ពុជា​និង​ចូលរួម​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍ ក្នុង​ព្រឹត្តិការ​បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​។​៦៖ អង្គប្រជុំ​ក៏បាន​អនុម័ត​ផែនការ​សកម្មភាព​រួម សម្រាប់ អភិវឌ្ឍន៍​វិ​ស​យ័​ទេសចរណ៍​ឆ្នាំ​២០១៩-២០២១ (The Joint Action Plan 2019-2021)​។​

​សូមបញ្ជាក់ថា​នៅ​ឆ្នាំ​២០១៧​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​៥,៦​លាន​នាក់​ក្នុង​អត្រាកំណើន​១១,៨​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៦​។​ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ​៤០​ម៉ឺន​នាក់​រីឯ​ទេសចរ​កម្ពុជា​ទៅ​ថៃ​មាន​ប្រមាណ​៨៤​មុ​ី​ន​នាក់​។​សម្រាប់​៨​ខែ​ដើមឆ្នាំ​២០១៨​នេះ​កម្ពុជា​ទទួលបាន​ទេសច​រ​អន្តរជាតិ​ចំនួន​៣,៩៤៩,៧៥៩​កើនឡើង​ចំនួន​១១.៧​ភាគរយ​ក្នុងនោះ​ទេសចរ​ថៃ​មាន​ប្រមាណ ២១០,៨២៦​នាក់​៕S/​

​រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា​-​ថៃ​ឯកភាពគ្នា​ដាក់ចេញ​ផែនការ​ជាច្រើន​ចំណុច​ដើម្បី​បន្ត​កិច្ច​សហប្រតិបត្តិ​