រដ្ឋមន្ត្រី​ទេសចរណ៍​រំពឹងថា​វេទិកា​«​ខ្សែក្រវាត់​និង​ផ្លូវ​»​របស់​ចិន​នឹង​ធ្វើឱ្យ​អ្នកទេសចរ​និង​អ្នកវិនិយោគ​មក​កម្ពុជា​កាន់តែច្រើន​

244
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​:​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ក្តី​រំពឹង​និង​ជឿជាក់ថា តាមរយៈ​វេទិកា​«​ខ្សែក្រវាត់​និង​ផ្លូវ​»​លើក​ទី​២​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កម្ពុជា​នឹង​មានឱកាស​ទាក់ទាញ​អ្នកទេសចរ និង​វិនិយោគិន​ចិន​ឱ្យមក​កម្ពុជា​កាន់តែច្រើន​ថែមទៀត​។​

​មុននឹង​អមដំណើរ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ហោះ​ទៅកាន់​ទីក្រុង​ប៉េកាំង លោក​ថោង ខុន បាន​លើកឡើងថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» របស់លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន គឺជា​នយោបាយ​ឈ្នះ​-​ឈ្នះ​មួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​ទាំងមូល​។​

​លោក​បានលើកឡើង​ទៀតថា តាមរយៈ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​និង​ផ្លូវ​»​បាន​ជំរុញឱ្យមាន​កសាង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​ជាច្រើន នៅ​កម្ពុជា មាន​ផ្លូវថ្នល់ ស្ពាន រថភ្លើង​ក៏ដូចជា​អាកាសយានដ្ឋាន ដែល​សុទ្ធ ជា​ចំណែក​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

ពលរដ្ឋ​ចិន​ដែលមាន​លទ្ធភាព ដើរលេង​ក​ម្សា​ន្ ត​ក្រៅប្រទេស​មាន​រហូតដល់​ប្រមាណ ១៣០​លាន​នាក់ ដោយបាន​ចំណាយ​ថវិកា​ប្រមាណ ២៦០​ពាន់​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០២០ មានការ​រំពឹងថា អ្នកទេសចរ​ចិន​នឹង​ដើរចេញ​ក្រៅ​ជាង ២០០​លាន​នាក់ ដោយ​ចំណាយ​ថវិកា​ប្រមាណ ៤៦០​ពាន់​លាន​ដុល្លារ​។​

ក្នុងចំណោម​អ្នកទេសចរ​របស់​ចិន ដែល ចេញ​ក្រៅប្រទេស​នេះ មក​តំបន់​អាស៊ាន​មាន​ចំនួន ២៩​លាន​នាក់​។ ក្នុងចំណោម​ទេសចរ​ចិន​មក​អាស៊ាន​នេះ ថៃ​ទទួលបាន​ប្រមាណ ១០​លាន​នាក់ វៀតណាម​បាន​ជាង​៥​លាន​នាក់​និង​កម្ពុជា​បាន​ជាង​២​លាន​នាក់​។​

ដោយឡែក​នៅក្នុង​រយៈពេល​៣​ខែ​ឆ្នាំ​២០១៩​នេះ កម្ពុជា​ទទួល បាន អ្នកទេសចរ​ចិន​ជាង ៦៥​ម៉ឺន​នាក់ មានការ​កើនឡើង​ជាង ៣០​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ចិន​ជាទី​ផ្សារ​ផ្គត់ផ្គង់​ទេសចរណ៍ មួយ​ដ៏​ធំ​។ នេះ​បើតាម​ការវាយតម្លៃ​រប​ស់​អង្គការ​ទេសចរណ៍​ពិភពលោក​។​ចិន​ជាទី​ផ្សារ​ផ្គត់ផ្គង់ ទេសចរណ៍​មួយ​ដ៏​ធំ តែ​ចិន​ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ធំ​ផងដែរ​។

យើង​ដឹង​ហើយ​ថា ចិន​មាន​ប្រជាជន​ជាង ១​ពាន់ ៣០០​លាន​នាក់​។ អ្នក​ដែលមាន​លទ្ធភាព​ដើរ​ជា​ទេសចរ​គឺ​ច្រើន​មាន​ប្រហែល ៣០០​លាន​នាក់ បច្ចុប្បន្ននេះ​តាមរយៈ​ការវាយតម្លៃ​របស់លោក​នាយករដ្ឋមន្ត្រី លី ខឺ​ឈាង​។ ប៉ុន្តែ​អ្នក​ដែល បាន​ដើរ​ហើយពី​ឆ្នាំ​កន្លងទៅ​គឺ​១៣០​លាន​នាក់​។​អីចឹង​ចិន​បាន​ផ្គត់ផ្គង់​និង​ផ្តល់នូវ​លំហូរ​ទេសចរណ៍​យ៉ាង​ធំ​សម្រាប់​តំបន់ និង​ពិភពលោក​»​។​

«​យើង​ឃើញថា ទេសចរណ៍​ក្នុងចំណោម ១៣០​លាន​នាក់​ដែល​ដើរចេញ​ក្រៅ គឺ​មក​អាស៊ាន ២៩​លាន​នាក់​។ មក​អាស៊ាន​ក្នុងចំណោម ២៩​លាន​នាក់​នេះ ថៃ​ទទួលបាន​អ្នកទេសចរ​ចិន​ជិត ១០​លាន​នាក់ វៀតណាម​ជាង ៥​លាន ហើយ​កម្ពុជា​យើង​ទទួលបាន​អ្នកទេសចរ​ចិន​ក្នុង​កំណើន ៦០​ភាគរយ កាលពី​ឆ្នាំ​ទៅក្នុង​ចំនួន​អ្នកទេសចរ ២​លាន ២​ម៉ឺន​នាក់​។ នេះ​ដោយសារតែ នយោបាយ​ដ៏​ល្អ​នេះ យើង​បាន​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ច្រើន ហើយ​បាន បង្កើត​នូវ​សណ្ឋាគារ បាន​បង្កើត​នូវ​តំបន់​ទេសចរណ៍​ជាច្រើន​ផងដែរ​»​។

​លោក​រដ្ឋមន្ត្រី​ទេសចរណ៍​ក៏បាន​បង្ហាញ​ក្តី​រំពឹងថា​តាមរយៈ​វេទិកា​«​ខ្សែក្រវាត់​និង​ផ្លូវ​»​លើក​ទី​២​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នាពេល នេះ​នឹង​ជំរុញឱ្យមាន​អ្នកទេសចរ និង​អ្នកវិនិយោគ​ចិន​មកកាន់​កម្ពុជា កាន់តែច្រើន​ថែមទៀត​។

ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចិន ក្រសួងទេសចរណ៍ និង​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ត្រៀមលក្ខណៈ​សម្បត្តិ​ក្នុង​ការផ្តល់សេវា​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ​រួម​ជាមួយនឹង​ការប្រឹងប្រែង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ បង្កើត​សណ្ឋាគារ និង​ផលិតផល​ទេសចរណ៍​ជាដើម​៕S/​