រដ្ឋមន្ត្រី​ទេសចរណ៍​អះអាងថា​លោក​ជាប់​ក្នុង​រថយន្ត​ប្រមាណ​ប្រាំ​ម៉ោង​និង​ថា​គួររៀបចំ​ឲ្យ​មាន​គណៈកម្មការ​គ្រប់គ្រង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​

1094

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​លើក​ជា​ទស្សនៈ​ថា​គួរ ឲ្យ​មានការ​រៀបចំ​គណៈកម្មកា​រ​មួយ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សម្រាប់​ការ​​កម្សាន្ត សប្បាយ​របស់​ប្រជាពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឲ្យ​មាន​របៀបរៀបរយ​។​
​ ​
​លោ ក​ថោង ខុន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១ ខែមករា​នេះ​ថា​នៅ​រាជធានី​ភ្នំពេញ​ប្រជាជន​ប្រមាណ​ជាង​មួយ​លាន​​នាក់ បានមក​កម្សាន្ត​នៅ​តំបន់​មាត់ទន្លេ និង​ជុំវិញ​ព្រះបរមរាជវាំង​ដែល​ធ្វើ​ឲ្យ​ចំនួន​មនុ​ស្សមានភាព​កកកុញ​និង​ការកកស្ទះ​ចរាចរណ៍​រាប់​​ម៉ោង​។​ហេតុនេះ យើង​គួររៀបចំ​គណៈកម្មការ​មួយ ដូច​គណៈកម្មការ​បុណ្យអុំទូក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កំសាន្ត​បាន​សប្បាយរីករាយ និង​មាន​សណ្តាប់ធ្នាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​រថយន្ត និង​ម៉ូតូ​ចូល​តំបន់​កំសាន្ត​ឡើយ​។​
​ ​
​លោក​បន្តថា “​ខ្ញុំ​គិតថា​ប្រជាជន​ជាង​មួយ​លាន​នាក់ បាន​ដើរ​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​សូម្បីតែ​ខ្ញុំ​​ជាប់​ក្នុង​រថយន្ត​ប្រមាណ​ប្រាំ​ម៉ោង​”​។​លោក​បន្តថា “​បុណ្យចូលឆ្នាំ​សកល​មិនមែនជា​បុណ្យប្រពៃណី​ជាតិ​របស់​យើង​ទេ តែ​ជា​បុណ្យ​សកល ដែល​ប្រជាជន​នៅ​គ្រប់​ប្រទេស​រីករាយ​ស្វាគមន៍​ការមកដល់​នៃ​ឆ្នាំ​ថ្មី​”​។​
​ ​
​លោក​ថោង ខុន​បន្តថា កន្លងមក​យើង​រៀបចំ​គណៈកម្មការ​សម្រាប់​បុណ្យអុំទូក តែ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ដូចជា​យើង​ភ្លេច​។​ហេតុនេះ​យើង​គួរ​​តែ​រៀបចំ​ឲ្យ​មាន​គណៈកម្មការ​មួយ និង​រៀបចំ​កន្លែង​ផ្ញើរ​ឡាន​ម៉ូតូ​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ដោយ​ថ្មើ​ជើង​ទៅកាន់​កន្លែង​កំសាន្ត​នៅ​​មាត់ទន្លេ និង​ជុំវិញ​រាជវាំង​។​
​ ​
​ទាក់ទង​នឹង​ដំនើរ​កំសាន្ត​របស់​ប្រជាពលរដ្ឋ នៅតាម​រមណីយដ្ឋាន​នានា​រដ្ឋមន្ត្រី​រូបនេះ​បាន​លើកឡើងថា​ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​ដើរ​កម្សាន្ត​​នៅតាម​រមណីយដ្ឋាន​នានា​បាន​កើនឡើង​ច្រើនណាស់​ដោយសារ​តម្លៃ​នៃ​សុខសន្តិភាព ស្ថិរភាព​ន​យោ​យ​បាយ​និង​កំណើន​ប្រាក់ចំណូល​​របស់​ប្រជាពលរដ្ឋ​។​
​ ​
​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី​ឆាយ ស៊ី​វលី បាន​គាំទ្រ​នូវ​ការលើកឡើង​របស់​រដ្ឋ​ម​ន្ត្រូ​ទេសចរណ៍​ទាំងស្រុង​។​លោក​​ស្រី​មានប្រសាសន៍ថា យើង​គួរតែរៀបចំ​ឲ្យ​មាន​គណៈកម្មការ ដើម្បី​រៀបចំ​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ក្នុង​ពិធីបុណ្យ​នេះ​ព្រោះ​បុណ្យ​​ផ្សេងៗ​សុ​ទ្ឋ​តែមាន​គណៈកម្មការ​រៀប​ចំ និង​ទទួលខុសត្រូវ​ហេតុនេះ​យើង​គួរតែមាន​ការរៀប​ចំគ​ណៈ​កម្ម​ការ​សម្រាប់​បុណ្យចូលឆ្នាំ​​សកល​ផងដែរ​។​
​ ​
​លោកស្រី​បន្តថា “​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ចេញ​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​ពិធីបុណ្យ​ចូលឆ្នាំ​សាកល​ទោះជា​មិនបាន​រៀបចំ​បានល្អ​ក្តី តែ​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ដោយ​ខ្លួនឯង​”​។​
​ ​
​លោក​ធួន ស៊ីណាន​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បានលើកឡើង​ថា ការរៀបចំ​បែបនេះ​ជាការ​ល្អប្រសើរ ព្រោះ​មនុស្ស​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ច្រើនណាស់ ហើយ​យើង​មាន​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​និង​អន្តរជាតិ​រួចហើយ​។ ហេតុនេះ​ការរៀបចំ​គណៈកម្មការ​ទទួលខុស ត្រូវ​បុណ្យ​ឆ្លង​ឆ្នាំ​សកល វា​មិន​បញ្ហា​អ្វី​នោះទេ​៕​ដោយ​:​ច្រាយ ចំណាន​/sn

​រូបថត លោក​ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​(​រូបថត​ឯកសារ​)​