រដ្ឋមន្ត្រី​ទេសចរណ៍ ធានា​ដោះស្រាយ​ការ​ស្នាក់នៅ និង​ហូបចុក នា​ថ្ងៃបុណ្យ​សមុទ្រ​

1050
ចែករម្លែក

ដោយ:សុ​ផានី​តា/កោះកុង​ ៖ លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​២០១៨ បានប្រកាស​ធានា​ដោះស្រាយ​បញ្ហា​ទីកន្លែង​ស្នាក់នៅ និង​ហូបចុក រយៈពេល​ពេល​៣​ថ្ងៃ​ក្នុងឱកាស​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្តកោះកុង​។ ខណៈ​ផ្លូវជាតិ​លេខ​៤៨ កំពុង​ជួសជុល​បាន​ជាង​៧០​ភាគរយ សម្រាប់​បម្រើការ​ដល់​ធ្វើដំណើរ​ទៅមក​។​

​បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​លម្អិត​លើក​ទី​៣ ជិត​៤​ម៉ោង​ជាមួយ​អាជ្ញាធរ និង​ស្ថាប័ន​មន្ទីរជំនាញ​ខេត្តកោះកុង សម្រាប់​រក​យុទ្ធសាស្ត្រ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ប្រព្រឹត្ត​ទៅដោយ​រលូន លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹង​កាលពី​ថ្ងៃទី​៤ វិច្ឆិកា ថា សូម​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត​បុណ្យ​សមុទ្រ​ដោយ​ក្តី សប្បាយរីករាយ ស្រប​ពេលដែល​ផ្លូវជាតិ​លេខ​៤៨ មាន​ភាពល្អប្រសើរ​ចំពោះ​ការធ្វើដំណើរ​តាមរយៈ​ការយកចិត្តទុកដាក់​ជួសជុល​កែលម្អ​របស់​ក្រសួង និង​មន្ទីរ​សាធារណៈ ពោល​បើ​ធ្វើដំណើរ​ពី​ចំណុច​ស្រុក​ស្រែអំបិល​មកកាន់​ក្រុង​ខេមរភូមិន្ទ​មាន​រយៈពេល​តែ​២​ម៉ោង​កន្លះ​ប៉ុណ្ណោះ​។

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បន្ថែមថា វា​ពុំមែន​ជា​ឧបសគ្គ​ទេ ទោះបីជា​តំបន់​ផ្លូវ​មាន​ភាពរ​ដិ​ករ​ដុប​យ៉ាងណាក្តី យើង​មាន​ពេល​១​ខែ ទៀត​សម្រាប់​ការងារ​ជួសជុល​អោយ​រួចរាល់​។ ចំពោះ​ទីកន្លែង​ស្នាក់នៅ និង​ផលិតផល​ម្ហូបអាហារ​ហូបចុក​វិញ គឺមាន​ការតាំង​ពិ​ពរ​ណ័ និង​លក់​ចំណីអាហារ​ជាច្រើន​មុខ​ផងដែរ​។ ក្រសួង​ក៏​បំផុស​ឱ្យ​មន្ត្រី​អាជ្ញាធរ​សហការ​ជាមួយ​ពលរដ្ឋ​រៀបចំផ្ទះ​សំបែង និង​តង់ ផ្តល់​ទីកន្លែង​ស្នាក់​ជូន​ភ្ញៀវទេសចរ ខណៈ​ខេត្តកោះកុង មានតែ​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាង​១​ពាន់​កន្លែង​។​

​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ក៏បាន​បញ្ជាក់ទៀតថា ដូច​កាលពី​ឆ្នាំ​២០១៤ កម្ពុជា​នឹង​សម្របសម្រួល​ជាមួយ​ភាគី​អាជ្ញាធរ​ថៃ ដែល​អាច​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មកលេង​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ បាន​ទៅ​ចូលទៅ​ទឹកដី​ខេត្ត​ត្រាត ករណី​បើ​ខ្វះខាត​ទីកន្លែង​ស្នាក់នៅ​។​

​គួរ​ជម្រាប​ដែរ​ថា នៅសល់តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧ ជុំ​ទី​២ នៅ​ខេត្តកោះកុង នឹង​ប្រព្រឹត្តឡើង​ទៅតាម​អ្វីដែល​ជាការ​ត្រៀម​ទុក ដោយមាន​ការអញ្ជើញ​ក្រោម​អធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​ចំណែក​លោកស្រី មិថុន ភូ​ថង អភិបាលខេត្ត​កោះកុង ថ្លែងថា លោកជំទាវ និង​មន្ត្រី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ នឹង​ខិតខំ​ព​ន្លឿ​ន​ការតុបតែង​លម្អ​ទីតាំង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយចំនួន គុណភាព​ផលិតផល សេវាកម្ម​ស្នាក់នៅ​អោយបាន​ល្អ​។ ពិសេស ការបង្ហាញ​ផ្ទាំង​ផ្សព្វផ្សាយ​អំពី​ពិធីបុណ្យ​សមុទ្រ​នេះ រួមមាន​៖ នៅ​រង្វង់​មូល​ផ្លូវបំបែក​ស្រែអំបិល និង​រង្វង់​មូល​ដើម​វិថី​សាយ​ភូ​ថង ដើម្បី​បម្រើ​ដល់ ពិធីបុណ្យ​សមុទ្រ​ឱ្យ​កាន់តែ​ទូលំទូលាយ​ទៅដល់​ប្រជាពលរដ្ឋ​។​

​បើតាម​ការត្រៀម​ទុក ប្រជាពលរដ្ឋ​តាម​សហគមន៍​ទេសចរណ៍​នឹង​បង្ហាញ​ចំណីអាហារ​ដែលជា​អត្តសញ្ញាណ​របស់ខ្លួន​រៀងៗ​ជូន​ដល់​អ្នកទេសចរ​បាន​តេស្ត​រសជាតិ​។ ពាក់ព័ន្ធ​នឹង​ការ​ស្នាក់នៅ និង​ផលិតផល​ចំណីអាហារ​នេះ លោកស្រី​អភិបាលខេត្ត ចាត់​មន្ត្រី​ជំនាញ​ចុះ​ណែនាំ​ដល់​ប្រតិបត្តិ​ករ និង​អាជីវករ កុំ​តម្លើងថ្លៃ​ហួសហេតុ​ពេល​អំឡុង​ថ្ងៃបុណ្យ​សមុទ្រ​៣​ថ្ងៃ ជៀសវាង​មានការ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកទេសចរ​មកលេង​ក​ម្សា​ន្ត​។​
​គោលដៅ​ទេសចរណ៍ធម្មជាតិ​សំខាន់ៗ​នៅ​ខេត្តកោះកុង ដែល​គណៈកម្មការ​បាន​រៀបចំ សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ មាន​ដូច​ជ​ចា​៖ រមណីយដ្ឋាន​វិស្សមកាល​តារា​សាគរ (​កោះ​ស្ដេច​) សហគមន៍​ជាយ​អា​រ៉ែ​ង សហគមន៍​ធម្មជាតិ​តា​តៃ​ក្រោម ឆ្នេរសមុទ្រ​ប៉ាក​ខ្លង សហគមន៍​ធម្មជាតិ​ជី​ផាត ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម សហគមន៍​ធម្មជាតិ​ព្រៃកោងកាង​ពាម​ក្រសោប ជាដើម​៕B/