រដ្ឋមន្ត្រី​ទេសចរណ៍ ៖ ​ទេសចរណ៍ និង​វប្បធម៌​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍វប្បធម៌​

343
ចែករម្លែក
  • 7
    Shares

•​អង្គការ​ទេសចរណ៍​ពិភពលោក វាយតម្លៃថា ចិន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក នា​ឆ្នាំ​២០២០

ដោយ:​សុផល/​ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រី​ទេសចរណ៍ បាន​មានប្រសាសន៍ថា​៖​ទេសចរណ៍ និង​វប្បធម៌​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​វិស័យទេសចរណ៍​វប្បធម៌​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៥ កន្លងមក កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​​ពិភពលោក​លើក​ទី​១ ស្តីពី​ទេសចរណ៍ និង​វប្បធម៌ នៅ​ខេត្តសៀមរាប ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក និង​អង្គការ​យូណេស្កូ ដោយមាន​ប្រតិភូ​ជាង ១​ពាន់​នាក់ មកពី ១០០​ប្រទេស​បាន​ចូលរួម និង​បាន​ដាក់ចេញ​នូវ​គំរូ​ភាពជា​ដៃគូ​ថ្មី​រវាង​ទេសចរណ៍​និង​វប្បធម៌​។​

ថ្លែង​ក្នុងឱកាស​អបអរសាទ​រការ​បើកសម្ពោធ “​ឆ្នាំ​ទេសចរណ៍​និង​វប្បធម៌ ចិន​-​កម្ពុជា​” លើកដំបូង​កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ចតុមុខ លោក​ថោង ខុន បាន​បន្ត​ឱ្យដឹងថា​លទ្ធផល និង​ស្មារតី​នៃ​សន្និសីទ​លើក​ទី​១​នៅ​កម្ពុជា​នេះ ត្រូវបាន​យកទៅ​បង្ហាញ​នៅលើ​ពិភពលោក តាមរយៈ​សន្និសីទ​លើក​ទី​២ ឆ្នាំ​២០១៧ នៅ​ប្រទេស​អូ​ម៉​ង់ លើក​ទី​៣ ឆ្នាំ​២០១៨ នៅ​ប្រទេស​ទួរគី និង​លើក​ទី​៤ ឆ្នាំ​២០១៩​នេះ នៅ​ប្រទេស​ជប៉ុន​។

ទន្ទឹមនឹងនេះ ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​ទេសចរ​ណ៍​ពិភពលោក រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​អរិយធម៌​ពិភពលោក និង​ខ្សែ​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ (International Conference on World Civilization and Historical Route) នា​ចុងឆ្នាំ​២០២១​ខាងមុខ ដែល​នឹងមាន​ប្រតិភូ​ចូលរួម​ប្រមាណ ១​ពាន់​នាក់ មកពី​ជាង ១០០​ប្រទេស​ផងដែរ​។​

ជាមួយគ្នា ទេសចរណ៍វប្បធម៌​ក៏ត្រូវ​បាន​អង្គការ​ទេសចរណ៍​ពិភពលោក​ចាត់ទុក​ជាទី​ផ្សារ​ទេសចរណ៍​ពិភពលោក​ដែលមាន​ទំហំ​ធំជាងគេ ស្មើនឹង​ប្រមាណ៤០​ភាគរយ​នៃ​ទីផ្សារ​ទេសចរណ៍​សរុប និង​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ខណៈដែល​ទេសចរណ៍វប្បធម៌​នៅ​កម្ពុ​ជាមាន​ចំនួន​ជាង៥០​ភាគរយ ​នៃ​ទីផ្សារ​ទេសចរណ៍​សរុប​។ អង្គការ​ទេសចរណ៍​ពិភពលោក​ក៏បាន​វាយតម្លៃថា ចិន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍វប្បធម៌​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក នា​ឆ្នាំ​២០២០ ពីព្រោះ​ចិន​សំបូរ​ទៅដោយ​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌ ទាំង​រូបី​យ និង​អរូបី​យ ហើយ​កម្ពុជា​ក៏​ជា​គោលដៅ​ទេសចរណ៍វប្បធម៌​ដ៏​លេចធ្លោ​សម្រាប់​ពិភពលោក តាមរយៈ​ភាពសំបូរ​បែប​នៃ​ប្រាង្គ​ប្រាសាទ​បូរាណ​រាប់ពាន់​កន្លែង​ដែលមាន​អាយុកាល​រាប់ពាន់​ឆ្នាំ រួមជាមួយ​បេតិកភណ្ឌ​វប្បធម៌​រូបី​យ និង​អរូបី​យ​ដ៏​អស្ចារ្យ​នានា ដែល​ត្រូវបាន​ប្រសិទ្ធិ​នាម​ថា​ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ និង​ជា​ព្រះរាជាណាចក្រ​នៃ​វប្បធម៌​។​

អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ក៏បាន​ព្យាករណ៍​ថា ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​នៅ​ជុំវិញ​ពិភពលោក​នឹង​កើន​ឡើងដល់​ប្រមាណ ១៦០០ លាន​នាក់ នៅ​ឆ្នាំ​២០២០ ហើយ​ចំនួន​ទេសចរ​ចិន​ចេញ​ក្រៅប្រទេស (Outbound Tourist)​នឹង​កើន​ឡើងដល់​ប្រមាណ​២០០​លាន​នាក់​ហើយ​ចំណាយ​ប្រមាណ ៤២០ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ចិន​ក្លាយជា​ប្រភព​ផ្គត់ផ្គង់​ទីផ្សារ​ធំជាងគេ​បំផុត​លើ​ពិភពលោក ហើយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​បាន​ត្រៀមខ្លួន​ក្នុងការ​ទាក់ទាញ និង​ទទួល​ស្វាគមន៍​ទេសចរ​ចិន​។​

លោក​បាន​បញ្ជាក់ថា​ តាមរយៈ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព រវាង​ប្រជាជន​យើង​ទាំងពីរ នឹង​កាន់តែ​ជិតស្និទ្ធ ព្រោះ​ចិន និង​កម្ពុជា ជា​អ្នកជិតខាង​ល្អ និង​មាន​ទំនាក់ទំនង​ល្អ​តាំងពី​បូរាណ​កាល​រហូតមកដល់​បច្ចុប្បន្ន​៕B/

#