រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន​រុស្ស៊ី​មក​កម្ពុជា​ពីថ្ងៃ​ទី​២៤-២៥ ខែមករា

642
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន រដ្ឋមន្ត្រី​ធនធានធម្មជាតិ និង​បរិស្ថាន​នៃ​សហព័ន្ធរុស្ស៊ី នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំសហប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ តប​តាម​ការអញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នា​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា កិច្ចប្រជុំ​សហប្រធាន​នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី នឹង​ពិនិត្យ​ពិភាក្សា​ការវិវឌ្ឍ​ដែល​សម្រេចបាន​ពី​សម័យប្រជុំ​លើក​ទី​១០ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ព្រមទាំង​កំណត់​មាគ៌ា​ថ្មី​សម្រាប់​សកម្មភាព​ជាក់លាក់ ដើម្បី​លើក​កំពស់​ភាពជា​ដៃគូ និង​ការប្រើប្រាស់​សក្តានុពល​ស​ម្រា​ប់​វិស័យ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​កម្ពុជា លោក ឌី​មី​ត​ទ្រី កូ​ប៊ី​ល​គីន នឹង​អ​ញ្ចើ​ញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា និង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ផងដែរ​៕ ល​

#