រដ្ឋមន្ត្រី​បរិស្ថាន​អញ្ជើញបើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​

969
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​លោក សាយ សំ​អាល់ រ​ដ្ខ​មន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​​ដោយ​ចីរភាព​បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កាលពី​ព្រឹក​ថ្ងៃទី​២ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​គី​ត្រា​។ ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏មាន​វត្តមាន​ចូលរួម​ពី​សំណាក់​លោក វ៉ាន់ ឆា​រស៍ ប្រធានស្តីទី​នៃ​សហគមន៍​ធនាគារ​នៅ​កម្ពុជា លោក Kyle Kelhofer នាយក​ប្រចាំ​ប្រទេស កម្ពុជា វៀតណាម ឡាវ នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​( International Finance Copertion )​ព្រមទាំង​អស់លោក លោកស្រី​និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​ព្រឹត្តិការណ៍​នេះ​ដំណើរការ​ពេញ​មួយថ្ងៃ​។​

​រដ្ឋមន្ត្រី​បរិស្ថាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​(រូបក្រសួងបរិស្ថាន)

​ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក សាយ សំ​អាល់ មានប្រសាសន៍ថា សម្រាប់​នីតិកាល​ទី​៦​នេះ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ «​យុ​ទ្ឋ​សាស្ត្រ​កោណ​ដំណាក់កាល​ទី​៤» បន្ត​ពី​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​៣​ដំណាក់កាល​កន្លងទៅ ដោយ​ផ្តោត​ការយកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើងទៅ​លើ​ការ​សម្រប​ខ្លួន​របស់​កម្ពុជា​ចំពោះ​ការប្រែប្រួល​អាកាស​ធាតុ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព បន្ថែម​លើ​កិច្ចប្រឹងប្រែង និង​សមិទ្ធផល​ផ្នែក​សេដ្ឋកិច្ច សង្គម​ជាច្រើន​ដែល​សម្រេចបាន​ក្នុង​នីតិកាល​មុនៗ ។​

​លោក​បន្តថា​ជាក់ស្តែង​កញ្ចប់​ថវិកាជាតិ ដែល​ត្រូវបាន​វិភាជន៍​សម្រាប់​ការចំណាយ​លើ​ការប្រែប្រួល​អាកាសធាតុ មានការ​កើតឡើង​ជាង​បី​ដង​នៅ​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​។​ក្នុង​ការបន្ត​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ​និង​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​កំណើន​វិនិយោគ​ផ្នែក​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បៃតង​និង​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​ផង ដែលជា​ជ​ន្ទ​ល់​នៃ​កំណើត​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដោយ​គុណភាព​និង​ចីរភាព ។​ចំណុច​ទាំងនេះ​នៅតែ​ជា​អាទិភាព​ខ្ពស់​របស់​រាជរដ្ឋាភិបាល​។

​លោក​រដ្ឋមន្ត្រី​បន្តថា ក្រសួង​បាននិងកំពុង​ខិតខំ​ជំរុញ​ដល់​គម្រោង​បៃតង​ឲ្យ​កាន់តែច្រើន ទាំង​គម្រោង​វិនិយោគ​ដែល​យកចិត្តទុកដាក់​ចំពោះ​ប្រ​សិ​ទ្ឋ​ភាព​ថាមពល ទាំង​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ថាមពល​កើតឡើង​វិញ ដូចជា​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ ឬ​ខ្យល់ សំដៅ ចូលរួម​ជំរុញ​បន្ថែមទៀត​នូវ​ល្បឿន​នៃ​កំណើត​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​ដោយ​កាត់បន្ថយ​ការបញ្ចេញ​កា​បោ​ន​ឲ្យ​នៅ​កម្រិត​ទាប ។​

​លោក​បញ្ជាក់ថា​ជា​ការពិត​ទាំងអស់នេះ​តម្រូវ​ឲ្យ​មានការ​ទ្រាំទ្រ​គោលនយោបាយ​បន្ថែមទៀត​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​ការលើកទឹកចិត្ត​ផ្នែក​ពន្ធ និង​ការគាំទ្រ​ផ្សេងៗ​ទៀត ព្រមទាំង​មានការ​ចូលរួម​គាំទ្រ​ហិរញ្ញប្បទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ត្រូវមាន​ការយល់ដឹង​ច្បាស់លាស់​អំពី​ផលប្រយោជន៍​រយៈពេល​វែង​នៃ​គម្រោង​វិ​នោ​យោគ​ដោយ​ចីរភាព មាន​មូលដ្ឋាន​ចំណេះដឹង បច្ចេកទេស និង​ជំនាញ មាន​ឆន្ទៈ​ក្នុងការ​អភិវឌ្ឍ​ឡើង​នូវ​ផលិតផល​ហិរញ្ញវត្ថុ​ថ្មី​និង​សំបូរបែប និង​មាន​បែបបទ​នីតិវីធី​ឥណទាន​ងាយស្រួល​សម្រាប់​គាំទ្រ​ដល់​គម្រោង​។​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន​ជា​តួអង្គ​មួយ​សំខាន់​នៅក្នុង​ប្រ​ព័​ន្ឋ​អេកូឡូស៊ី​ហិរញ្ញវត្ថុ​។​មាន​តួនាទី​ស្នូល​ក្នុងការ​អនុវត្ត​ដោយផ្ទាល់​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​ដោយ​ចីរភាព​នេះ ហើយ ក្រសួងបរិស្ថាន​ដែលមាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចីរភាព​ជា​សេនាធិការ​ក្នុងការ​ផ្តល់​កិច្ចសហការ​ក្រសួង​ស្ថាប័ន​វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​នៅក្នុង​កិច្ចការ​ដ៍​សំខាន់​ដើម្បី​កម្ពុជា​មានការ​អភិវឌ្ឍ​ដោយ​ចីរភាព ហើយ​ចូលរួម​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹ​ការប្រែប្រួល​អាកាសធាតុ និង​គាំពារ​ដល់​ភពផែនដី​យើង​៕សរន

​រដ្ឋមន្ត្រី​បរិស្ថាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​