រដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប្រេស៊ីលម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ៥ កញ្ញាថា ជំទាវទីមួយរបស់បារាំងលោកស្រី ព្រីជីទី ម៉ាក្រុង គឺ “មុខពិតជាយ៉ាប់មែនទែនហ្មង” ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីប្រេស៊ីលបង្ហាញការយល់ស្របលើការវាយប្រហារលើសម្រស់របស់លោកស្រី។
លោក ផូឡូ ហ្គេដេស រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចប្រេស៊ីលបាននិយាយថា លោកយល់ស្របជាមួយនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ជែរ បូលសូណារ៉ូ អំពីមុខមាត់របស់លោកស្រីម៉ាក្រុង។
ថ្លែងទៅកាន់ហ្វូងមនុស្សដែលកំពុងទះដៃអបអរសាទរក្នុងវេទិកាសេដ្ឋកិច្ចមួយ លោកហ្គេដេសនិយាយថា “លោកប្រធានាធិបតីបាននិយាយថាលោកស្រីមានមុខមាត់អាក្រក់ណាស់។ ការពិតវាគឺអ៊ីចឹងមែន។ ជំទាវនេះមានមុខមាត់យ៉ាប់ខ្លាំងណាស់”។
ក្រោយមក ជំនួយការម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកហ្គេដេស “សុំអភ័យទោសចំពោះការនិយាយកំប្លែងបែបនេះនៅថ្ងៃនេះ (ព្រហស្បតិ៍) ក្នុងព្រឹត្តិការណ៍សាធារណៈ…នៅពេលគាត់និយាយអំពីជំទាវទីមួយរបស់បារាំង”៕ ដោយ៖ កញ្ញាដាលីស