រដ្ឋមន្ត្រី​ពត៌មាន​៖ ពត៌មាន​ក្លែងក្លាយ នឹង​ក្លាយជា​គ្រាប់បែក​បើ​យើង​មិន​ប្រយ័ត្ន​

196
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន បាន​ថ្លែងថា​៖« ពត៌មាន​ក្លែងក្លាយ​ឬ ពត៌មាន​បន្លំ » នឹង​ក្លាយជា​គ្រាប់បែក​មួយ​ដ៏​គ្រោះថ្នាក់​បើ​យើង​មិន​ប្រយ័ត្ន​វា​។​

​លោក​បាន​បន្ត​លើកឡើង​ទៀតថា « យើង​ត្រូវ​បន្សាប​ពត៌មាន​ក្លែងក្លាយ​ដោយ​ពត៌មាន​ពិត តែ​មិនត្រូវ​ទុកឱ្យ​វា​នៅ​យូរពេក​ទេ ត្រូវ​ប្រញាប់​ប្រតិកម្ម​រហ័ស ។​យើង​ត្រូវ​ពន្លត់​វា​ទាន់​នៅ​តិច កុំឱ្យ​ឆេះ​រាលដាល​ទាន់​»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងពត៌មាន​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ពី​ធី​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការពង្រឹង​សមត្ថភាព​ម​ន្ដ្រី​ព័ត៌មាន​ទាក់ទង​នឹង​អ្នកសារព័ត៌មាន​ឌីជីថល និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ នៅ​ព្រឹក​ថ្ងៃទី ០៩ ខែតុលា នៅ​ទីស្ដីការក្រសួង​ព័ត៌មាន​។​

​ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ ក៏បាន​ណែនាំ​ឲ្យ​មន្ដ្រីក្រោមឱវាទ និង​អ្នក​សា​ព័ត៌មាន​ត្រូវ​តាមដាន​ដំណឹង និង​ស្វែងយល់​អំពី​ប្រភព​ដំណឹង​ឲ្យ​បានច្បាស់លាស់ ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​លោក​បាន​បញ្ជាក់ថា​ការបង្កើន​សមត្ថភាព​ម​ន្ត្រី​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នេះ បាន​ធ្វើឡើង​ខណៈដែល​ព័ត៌មាន​ក្លែងក្លាយ​នៅលើ​បណ្ដាញ​សង្គម​កំពុង​កើតមានឡើង​ច្រើន ដែល​វា​បាន​បង្ក​ហានិភ័យ និង​បំពុល​ដល់​សង្គមជាតិ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់ច្រឡំ​ផ្ទុយ​ពី​ការពិត​។​

​លោក ផុស សុវណ្ណ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​បាន​មានប្រសាសន៍ថា ក្រសួង​បាន​បង្កើត​ក្រុមការងារ​មួយ ក្នុងការ​សិក្សា និង​តាមដាន​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពន្យល់​ទៅដល់​សាធារណជន ឲ្យ​បាន​យល់​អំពី​ព័ត៌មាន​ពិត ត្រលប់​ទៅវិញ​។​

​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ប្រកាស​ឲ្យ​មានការ​ប្រឡង​ប្រកួតប្រជែង​ធ្វើជា​សារព័ត៌មាន និង​វិ​ដេ​អូ​សម្រាប់​ទម្រង់​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​ដល់​ប្រជា​ល​រដ្ឋ​ទូទៅ​ផងដែរ​។​

សូមបញ្ជាក់ថា វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​ការពង្រឹង​សមត្ថភាព​ម​ន្ដ្រី​ព័ត៌មាន​ទាក់ទង​នឹង​អ្នកសារព័ត៌មាន​ឌីជីថល​និង​ការទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​នេះ​មាន​រយៈពេល​មួយថ្ងៃ ដោយ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ព័ត៌មាន និង​អ្នកយកព័ត៌មាន​មកពី​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ និង​ឯកជន​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​ផ្តល់​ចំណេះដឹង និង​ជំនាញ​ដល់​មន្ត្រី​ព័ត៌មាន នៃ​ក្រសួង​ព័ត៌មាន​ទាក់ទង​នឹង​សារព័ត៌មាន​ឌីជីថល ស្ថានភាព​នៃ​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោត​ជាក់លាក់​ទៅលើ​របៀប​យក​ព័ត៌មាន និង​សរសេរ​ព័ត៌មាន​ឌីជីថល ព្រមទាំង​វិធីសាស្ត្រ​មួយចំនួន​ក្នុងការ​ទប់ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​។ មន្ត្រី​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន នឹង​បាន​យល់​នូវ​ភាពខុសគ្នា​រវាង​របៀប​សរសេរ​ព័ត៌មាន​បែប​ប្រពៃណី​ដែល​ចុះផ្សាយ​ក្នុង​កាសែត វិទ្យុ ទូរទស្សន៍ និង​ព័ត៌មាន​ឌីជីថល ដែល​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ុន​ថឺ​ណិ​ត និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​បន្ទាប់ពី​បញ្ចប់​វគ្គ​ពង្រឹងសមត្ថភាព​នេះ មន្ត្រី​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន នឹង​បាន​យល់​អំពី​អ្វី​ទៅជា​សារព័ត៌មាន​ឌីជីថល​របៀប​សរសេរ​ព័ត៌មាន​ឌីជីថល​ដែល​ទាក់ទាញ ព្រមទាំង​រចនាសម្ព័ន្ធ​អត្ថបទ​ព័ត៌មាន​ឌីជីថល​ទាំងមូល តាំងពីដើម​រហូតដល់​ចុងបញ្ចប់​។ ទន្ទឹមនឹងនេះ មន្ត្រី​ព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន នឹង​បាន​យល់​អំពី​របៀប​វាយតម្លៃ​ប្រភពព័ត៌មាន ប្រភព​ឯកសារ និង​ប្រភព​អ៊ី​ន​ធើ​ណិ​ត ដើម្បី​កំណត់ថា​តើ​វា​ជា​ព័ត៌មាន​ពិត​ដែល​គួរ​ឲ្យ​ទុកចិត្តបាន ឬ​ជា​ព័ត៌មាន​ក្លែងក្លាយ​៕ ល​