រដ្ឋមន្ត្រី​ពាណិជ្ជកម្ម រម្លឹក​មន្ត្រីក្រោមឱវាទ​ត្រូវ​ពង្រឹងសមត្ថភាព​ភាសា​ចំនួន​បី ដើម្បី​ប្រសិទ្ធិភាព​នៃ​ការងារ​

1193
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ប្រសើរឡើង​នូវ​បច្ចុប្បន្នភាព​ការងារ​របស់​មន្ត្រីរាជកា​រ ដែល​ស្ថិតក្រោម​ឱវាទ​ក្រសួង​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងពាណិជ្ជកម្ម បាន​សំណូមពរ​មន្ត្រី​ទាំងអស់​ខិតខំ​ពង្រឹងសមត្ថភាព​ភាសា​ចំនួន​បី សំខាន់ រួមមាន​៖ ភាសា​ជំនាញ​, ភាសា​កុំព្យូទ័រ និង​ភាសា​អង់គ្លេស ដើម្បី​ជា​ទុន​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ពិសេស​ការទទួលបាន​មុខតំណែង​និង​តួនាទី​ធំ​នា​ថ្ងៃ​អនាគត​។​

​ការលើកឡើង​ខាងលើនេះ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានធ្វើ​ឡើង​ក្នុង​ពិធ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​មន្ទី​រ​និង​សាខា​កាំកុងត្រូល​ខេត្ត កាលពី​រសៀល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ខេត្តបន្ទាយមានជ័យ​។ ក្នុងឱកាស​នោះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្តែផ្តាំ​មន្ត្រី​ទាំងអស់​ពង្រឹង​កិច្ចសហការ និង​គោរព​ឋានានុក្រម​ការងារ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ឆ្លើយតប​នឹង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​ទន្ទឹមនេះ​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា សាមគ្គី​ផ្ទៃក្នុង​គឺជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​សកម្មភាព​ការងារ​ឲ្យ​សម្រេចបាន​តាម​ផែន​ការដែល​ថ្នាក់ដឹកនាំ​ក្រសួង​ឬ​ខេត្ត​ប្រគល់ជូន ចំណែកឯ​ការគោរព​ឋានានុក្រម​ការងារ​ល្អ មិន​ត្រឹមតែ​ជួយ​ពង្រឹង​កិត្តិនាម​របស់​អង្គភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានាបាន​នូវ​វប្បធម៌​ការងារ​ល្អ​ដែល​នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ថ្នាក់ដឹកនាំ​ក្រសួង និង​រាជរដ្ឋាភិបាល​ថែមទៀត​។ ឆ្លៀត​ក្នុង ឱកាស​នោះ​លោក​បាន​កោតសរសើរ​ដ​ល់​មន្ត្រី​ទាំងអស់ ដែល​កន្លងមក​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ហើយ​បាន​សំណូមពរ​ដល់​មន្ត្រី​នៃ​អង្គភាព​ទាំងពីរ​ខិតខំ​រក្សា​នូវ​វប្បធម៌​ការងារ​ល្អ​នេះ​បន្តទៀត ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​វិស័យ​ឯកជន​ឲ្យ​បាន​កាន់តែ​ប្រសើរ​សំដៅ​នាំមក​នូវ​វឌ្ឍនភាព​ការងារ និង​សមិទ្ធផល​ថ្មីៗ​បន្ថែម​ជូន​ក្រសួងពាណិជ្ជកម្ម​និង​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​។

​សូមបញ្ជាក់ថា នៅក្រោយ​បញ្ចប់​នៃ​អង្គពិធី លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ប្រគល់​នូវ​ថវិកា​មួយចំនួន ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ប្រចាំខេត្ត​បន្ទាយមានជ័យ ដើម្បី​ទុក​ប្រើប្រាស់​សម្រាប់​ការចំណាយ​ផ្សេងៗ​ទៅតាម​តម្រូវការ​ជាក់ស្តែង​ផងដែរ​៕ ល​