រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រំពឹងថា កិច្ចសហការ​សហគ្រិន​ស្ត្រី​វ័យក្មេង និង SME នឹង​ល្អប្រសើរ ក្រោយ​វត្តមាន​របស់ នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស​

123

(​ភ្នំពេញ​) : ស្របពេល​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដេ​សត្រូវ​បានបញ្ចប់​នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៧ រដ្ឋមន្ត្រីក្រសួង​​ពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​សភាពាណិជ្ជកម្ម​កម្ពុជា​និង​បង់​ក្លា​ដេ​ស បង្កើត​កម្មវិធី​និង​ព្រឹត្តិការណ៍​ផ្លាស់ប្តូរ​ជំនួប​ធុរកិច្ច​សម្រាប់​សហគ្រិន​​ស្ត្រី​វ័យក្មេង​និង​សហគ្រាស​ធុន​តូច​និង​ធុន​មធ្យម (​អេស​អឹម​អ៊ី​,SME) នៃ​ប្រទេស​ទាំងពីរ​ដោយ​រំពឹងទុក​ថា​នឹង​ឆ្លើយតបបាន​យ៉ាង​​ល្អប្រសើរ​សម្រាប់​ការងារ​នេះ​។​
​ ​
​ក្នុងឱកាស​ស្វាគមន៍​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស និង​វេទិកា​ពាណិជ្ជកម្ម កម្ពុជា​-​បង់​ក្លា​ដែ​ស នៅ​រសៀល​ថ្ងៃទី​៤ ខែធ្នូ​កន្លងទៅ នៅ​ទីក្រុង​ភ្នំពេញ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ក៏បាន​លើកទឹកចិត្ត​ដល់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​​កម្ពុជា​ជី​ម៉ាក (GMAC) ឲ្យ​ធ្វើការ​ពង្រឹង​កិច្ច សហការ​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​លើ​កម្មវិធី​អភិវឌ្ឍន៍​សមត្ថភាព​ពលករ​ជំនាញ ដើម្បី​លើកកម្ពស់​ចង្វាក់ តម្លៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​។ ជាមួយគ្នានេះ លោក​បានស្នើ​ដល់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ផងដែរ ឲ្យ​ធ្វើ​ការសហការ​ជាមួយ​បង់​ក្លា​ដេ​ស​ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម ទៅកាន់​បង់​ក្លា​ដេ​ស​និង​ប្រទេស​ទី​បី ដែល​កម្ពុ​ជាមាន​ចំណែក​ទីផ្សារ​ធំ​នៅក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ផ្តល់​ដោយ​ប្រទេស​អភិវឌ្ឍន៍ និង​កំពុងអភិវឌ្ឍន៍​នានា​។​
​ ​
​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានបញ្ជាក់​បន្ថែមថា ដើម្បី​បង្កើន​ការដោះដូរ​ពាណិជ្ជកម្ម​ទ្វេភាគី ជាមួយ​បង់​ក្លា​ដែ​ស កម្ពុជា​កំពុង​ពិចារណា​នាំចូល​សំបកបាវ​បរិស្ថាន​១០០​ភាគរយ របស់​បង់​ក្លា​ដេ​ស​សម្រាប់ ស្តុក​អង្ករ​នៅ​កម្ពុជា និង​ឱសថ​ដែលមាន​ការទទួលស្គាល់​ទូទាំង​ពិភពលោក​, សេ​រ៉ា​មិច និង​សំបក​ស្បែក និង ស្បែក​កែច្នៃ ហើយ​កម្ពុជា​រំពឹងថា​បង់​ក្លា​ដេ​សនឹង​ពិចារណា​នាំចូល​ទំនិញ​កសិកម្ម​ផងដែរ ដូចជា ពោត​, ម្រេច​, ដំឡូង​មី​ស្ងួត​, និង​គ្រាប់ស្វាយចន្ទី បន្ថែម​ពីលើ​អង្ករ​។
​ ​
​នៅក្នុង​វេទិកា​ខាងលើនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ប្រតិភូ​បង់​ក្លា​ដេ​ស អំពី​ស្ថានភាព​ម៉ាក្រូ សេដ្ឋកិច្ច​, បរិយាកាស​ធុរកិច្ច​, លក្ខខណ្ឌ​វិនិយោគ​, គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ទីផ្សារ​សំខាន់ៗ​របស់​កម្ពុជា ក្នុង​គោលបំណង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ពី​បង់​ក្លា​ដេ​ស មកលើ​វិស័យ​អាទិភាព​មួយចំនួន​ដែល បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា CTIS ឆ្នាំ​២០១៤-២០១៨​។​
​ ​
​ថ្លែង​ក្នុង​ពិធី​នាឱកាស​នោះ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេ​ស លោកស្រី សេក្ខ ហា​ស៊ីណា (SHEIKH HASINA) បានបង្ហាញ​អារម្មណ៍​រំភើប និង​រីករាយ​ចំពោះ​ដំណើរ ទស្សនកិច្ច​នៅ​កម្ពុជា និង​បានចាត់ទុក​កម្ពុជា​គឺជា​មិត្ត​ជិតខាង​ដ៏​ជិតស្និទ្ធ​ដែលមាន​ទស្សនៈ​រួមគ្នា​ក្នុង​ការកសាង សន្តិភាព​នៅក្នុង​តំបន់ និង​លើ​ពិភពលោក​។ តាមរយៈ​វេទិកា​នាពេលនេះ​លោកស្រី​សង្ឃឹមថា ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ និង​ស្និទ្ធស្នាល​ជាមួយគ្នា​។​
​ ​
​គួររម្លឹកថា ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​ល្អ​ប្រពៃ​នេះ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​បង់​ក្លា​ដែ​ស បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការពង្រឹង​កិច្ចសហការ​រវាង​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​។ តាមរយៈ​អនុស្សរណៈ​នេះ​ត្រូវបាន​រំពឹងថា នឹង​ជួយ​បង្កើន​កិច្ចសហការ​កាន់តែ​រឹងមាំ​ថែមទៀត​សម្រាប់​វិស័យ សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំងពីរ​៕​ដោយ : ពៅ និមល​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​

​ពិធី​ថតរូប​អនុស្សាវរីយ៍​ក្រោយ​វេទិកា​ពាណិជ្ជកម្ម​កម្ពុជា​-​បង់​ក្លា​ដេ​ស នៅ​ទីក្រុង​ភ្នំពេញ​