រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រំលឹក​ដល់​ម​ន្ត្រី​ក្រោម​ឱវាទ​ចូលរួម​ផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​

764
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: នាឱកាស​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល​ខេត្តរតនៈគិរី លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​មន្ត្រី​ទាំងអស់ ខិតខំ​ពង្រឹងសមត្ថភាព និង​សាមគ្គី​ផ្ទៃក្នុង​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ជាពិសេស​ការផ្តល់សេវា​សាធារណៈ​ជូន​វិស័យ​ឯកជន និង​ប្រជាជន​នៅក្នុង​ខេត្ត​ឲ្យ​ល្អប្រសើរ​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ក្នុង​ខ្លឹមសារ​ព័ត៌​មាន​នា​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨​ទៀតថា ក្នុង​បរិបទ​ប្រែប្រួល​នៃ​ពាណិជ្ជកម្ម​ពិភពលោក មន្ត្រី​ចាំបាច់​ត្រូវមាន​ចំណេះដឹង​និង​សមត្ថភាព​ឲ្យ​ពិតប្រាកដ​និង ដើម្បី​ជា​ទុន​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ពិសេស​ទទួល​បានការ​តែងតាំង​មុខតំណែង និង​តួនាទី​ធំៗ​នា​ថ្ងៃ​អនាគត​។ លើសពីនេះ លោក​បានស្នើ​ដល់​មន្ត្រី​ទាំងអស់​ធ្វើការ​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ស្របតាម​កម្មវិធី​អភិបាលកិច្ច​ល្អ​ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​។​

​លោក ប៉ាន សូរ​ស័ក្តិ បាន​លើកឡើងថា រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ដាក់ចេញ​កម្មវិធី​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ សំដៅ​ធ្វើ​ប្រតិភូកម្ម​មុខងារ​សំខាន់ៗ​ជូន​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ ដើម្បី​បង្ខិត​សេវាសាធារណៈ​ទៅដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ដែល​កិច្ចការ​នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​អនុវត្ត ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ពី​ស្ថាប័ន​ជាតិ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ម​ន្ត្រី​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​បំពេញ​ការងារ​យ៉ាងសកម្ម ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ និង​បានស្នើ​ដល់​មន្ត្រី​បន្ត​សហការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ទីផ្សារ អប់រំ និង​ផ្សព្វផ្សាយ​ច្បាប់​ទាក់ទង​វិស័យ​ពាណិជ្ជកម្ម និង​ដកហូត​រាល់​ទំនិញ​ខូចគុណភាព ឬ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ មក​ដុត​កំទេចចោល​ឲ្យ​បាន​ញឹកញាប់ ដើម្បី​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​។​

​សូមបញ្ជាក់ថា ក្រោយ​បញ្ចប់​នៃ​អង្គពិធី​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ក៏បាន​ប្រគល់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ និង​ព្រី​ន​ធើ ចំនួន ១​ឈុត ព្រមទាំង​ថវិកា​មួយចំនួន ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល ប្រចាំខេត្ត​រតនៈគិរី ដើម្បី​ទុក​ប្រើប្រាស់​ទៅតាម​តម្រូវការ​ជាក់ស្តែង​៕ ល​

#