រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើរ​មន្ត្រី​មន្ទីរ​បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ

1153
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: ដើម្បី​បំពេញភារកិច្ច​កាន់តែ​សកម្ម​សំដៅ​ផ្តល់​សេវាសាធារណៈ កាន់​តែមាន​ប្រសិទ្ធភាព ជូន​វិស័យ​ឯកជន និង​ប្រជាជន​ក្នុងស្រុក​។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានស្នើ​ឲ្យ​មន្ត្រីរាជការ​មន្ទីរ​ពាណិជ្ជ​កម្ម បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម​ស្តីពី​កម្រង​សេវាសាធារណ​: រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ក្នុងឱកាស​ចូលរួម​ជា​គណៈ​អធិបតីភាព​ពិធី​សម្ពោធ​និង​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ក្រោម​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ស្ថាប័ន​ពាក់ព័ន្ធ សមាជិក​ក្រុមប្រឹក្សា និង​អាជ្ញាធរខេត្ត​បាត់ដំបង ពាណិជ្ជករ និង​អាជីវករ​ប្រមាណ​២០០​នាក់​។ លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ជំនឿ​ថា អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តបាត់ដំបង នឹង​ផ្តល់​កម្លាំងចិត្ត​ដល់​មន្ត្រី​ដើម្បី​បំពេញភារកិច្ច​កាន់តែ​សកម្ម សំដៅ​ផ្តល់​សេវាសាធារណៈ​កាន់តែ​មាន​ប្រសិទ្ធភាព​ជូន​វិស័យ​ឯកជន​និង​ប្រជាជន​។

លោក​មានជំនឿថា បន្ទាប់ពី​មាន​អគារ​រដ្ឋបាល​ថ្មី ដែលជា​កន្លែងធ្វើការ​ប្រកប​ដោយ​ផាសុកភាព និង​មាន​លក្ខណៈ​សមរម្យ​ជាង​មុន មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​នឹង​ខិតខំ​បំពេញការងារ​កាន់តែ​ស្វាហាប់ ដើម្បី​បម្រើសេវា​សាធារណៈ​ប្រកបដោយ​តម្លាភាព​និង​ប្រសិទ្ធភាព ជូន​បងប្អូន​អាជីវករ ផលិតករ និង​ពាណិជ្ជករ នៅក្នុង​ខេត្តបាត់ដំបង​ទាំងមូល​។​

​នៅក្នុង​ឱកាស​នោះ លោក ប៉ាន សូរ​ស័ក្តិ បានចាត់ទុក​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម ជា​មោទនភាព​សម្រាប់​ក្រសួងពាណិជ្ជកម្ម​និង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី និង​ជា​សមិទ្ធផល​ថ្មី ដែល​បង្ហាញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្តបាត់ដំបង ដែលជា​ខេត្ត​ប្រកបដោយ​សក្តានុពល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ​។

​លោក​បាន​សំណូមពរ​ដល់​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម ខិតខំ​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​កាន់តែ​ល្អ និង​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នូវ​កម្មវិធី​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល និង​គោលនយោបាយ​របស់​ក្រសួងពាណិជ្ជកម្ម​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។​

​យោងតាម​របាយកាណ៍រ​បស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា អគារ​រដ្ឋបាល​ថ្មី ដែល​ទើប​នឹងដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ថ្ងៃនេះ មាន​កម្ពស់​បី​ជាន់ និង​មាន​ទំហំ​សរុប​ជាង​២,៨០០​ម៉ែត្រការ៉េ ហើយ​បាន​ប្រើ​ពេលវេលា​សាងសង់​ប្រមាណ​ជាង​០៩​ខែ​។ អគារ​ថ្មី​នេះ មាន​បំពាក់​ដោយ​ប្រព័ន្ធ​ទឹក ភ្លើង គ្រឿង​សង្ហា​រឹម ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត​ល្បឿន​លឿន ហើយ​ចែកចេញជា​បន្ទប់​ការិយាល័យ​ធ្វើការ​ចំនួន​១២ រួមបញ្ចូល​ទាំង​ការិយាល័យ​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) និង​បន្ទប់ទឹក​ចំនួន​០៩៕ ល​