រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​មន្ត្រី​អនុវត្តបទបញ្ជា​ថ្នាក់ដឹកនាំ​និង​ពង្រឹង​សេវាសាធារណៈ​ក្រោយ​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​នៃ​ខេត្តកំពង់ចាម​

1254
ចែករម្លែក

ដោយ : ពៅ និមល​/ ​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ការផ្តល់សេវា​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ​កាន់​តែមាន​ប្រសិទ្ធភាព​​ជូន​ប្រជាជន និង​វិស័យ​ឯកជន​ក្នុង​ខេត្តកំពង់ចាម លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានស្នើ​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​និង​សាខា​កាំកុងត្រូល ខិតខំ​ពង្រឹងសមត្ថភាព និង​បញ្ចៀស​ដាច់ខាត​ការទាមទារ​កម្រៃ​សេវា​ក្រៅផ្លូវការ ដែល​ផ្ទុយ​ពី​ខ្លឹមសារ​ប្រកាស​រួម​ស្តីពី​កម្រង​សេវាសាធារណ​: រវាង​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី​របស់​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្តកំពង់ចាម និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា​កាំកុងត្រូល កាលពី​រសៀល​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ បានលើកឡើង​បន្តថា ការផ្តល់​សេវាសាធារណៈ ត្រូវធ្វើ​ការកែលម្អរ​ជានិច្ច ដើម្បី​សម្រួល​ដល់​ការធ្វើ​ធុរកិច្ច​របស់​សហគ្រិន ផលិតករ និង​ពាណិជ្ជករ សំដៅ​ឆ្លើយតប​គោល​​នយោបាយ​​​កំណែទម្រង់​ស៊ីជម្រៅ និង​កម្មវិធី «​អភិបាលកិច្ច​ល្អ​» ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ទន្ទឹមនេះ​លោក​រដ្ឋមន្ត្រី បាន​ជំរុញ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​កាំកុងត្រូល ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម ដើម្បី​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅតាម​ទីផ្សារ និង​ហាង​លក់ទំនិញ​ផ្សេងៗ​សំដៅ​លើកកម្ពស់​សុវត្ថិ​ភាព​ចំណីអាហារ ព្រមទាំង​ចូលរួម​អនុវត្ត​បទបញ្ជា​សម្តេចនាយក​រដ្ឋមន្ត្រី​ឲ្យ​បាន​ម៉ឺងម៉ាត់​ទាក់ទិន​នឹង​ការ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ​ដើម្បី​ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ លើសពីនេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត​កំពង់ចាម និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​រួមគ្នា​កសាង​អគារ​រដ្ឋបាល​ថ្មី សម្រាប់​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម និង​បានចាត់ទុក​អគារ​ថ្មី​នេះ ជា​មោទនភាព​របស់​ក្រសួងពាណិជ្ជកម្ម និង​រាជរដ្ឋាភិបាល និង​ជា​សមិទ្ធផល​ថ្មី ដែល​បង្ហាញ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត ដែលជា​ខេត្ត​ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​។​

​បើ​យោងតាម​របាយកាណ៍​រប​ស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា អគារ​រដ្ឋបាល​ថ្មី​ខាងលើ បាន​ប្រើ​រយៈពេល​សាងសង់​ប្រមាណ​០៨​ខែ គឺ​ចាប់ពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដល់​ដើមខែ​កក្កដា ឆ្នាំ​២០១៨​។ អគារ​ថ្មី​នេះ​មាន​កម្ពស់​ពីរ​ជាន់ និង​ទំហំ​សរុប​២៧៦​ម៉ែត្រការ៉េ ចែកចេញជា​ការិយាល័យ​ធ្វើការ​ចំនួន​០៧ និង​បន្ទប់ទឹក​ចំនួន​០៣ មាន​បំពាក់​ដោយ​ប្រព័ន្ធ​ទឹក ភ្លើង គ្រឿង​សង្ហា​រឹម ម៉ាស៊ីនត្រជាក់ និង​អ៊ិន​ធើ​ណេ​ត​ល្បឿន​លឿន សម្រាប់​ផ្តល់​សេវាសាធារណៈ​ជូន​វិស័យ​ឯកជន និង​ប្រជាជន​នៅក្នុង​ខេត្តកំពង់ចាម​៕B