រដ្ឋមន្ត្រី​ពាណិជ្ជកម្ម អំពាវនាវ​ឲ្យ​កងទ័ព​រួម​កម្លាំង​គ្នា​ដើម្បី​ការពារ​សន្តិភាព​បច្ចុប្បន្ន​

1089
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: នាឱកាស​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​អំណោយ​ជូន​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ស្ថិត ក្នុង​ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៨​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អំពាវនាវ​ដល់​កង​ព័​ទ​ទាំងអស់​ពង្រឹង​សាមគ្គីភាព និង​ការពារ​ដាច់ ខាត​មិន​ឲ្យ​ជន ឬ​ក្រុម​ណាមួយ​ធ្វើការ​បំផ្លាញ​សន្តិភាព​បច្ចុប្បន្ន​របស់​កម្ពុជា​បានឡើយ​។​

​យោងតាម​ព័ត​មាន​ដែល​ទទួលបាន​ពី​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ទៀតថា ក្នុងឱកាស​នោះ លោក រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ពី​គុណ​តម្លៃ «​សន្តិភាព​» ដែល​ប្រសូត្រ​ចេញពី​គោលនយោបាយ​ឈ្នះ​-​ឈ្នះ របស់ ប្រមុខ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់ ក្នុងការ​ផ្តល់ឱកាស​ជូន​ប្រជាជន​គ្រប់រូប អាច​ចូលរួម​ស្តារ និង​កសាង​ប្រទេស​ឡើងវិញ​ពី​ចំណុចសូន្យ​រហូត ទទួលបាន​កិត្តិនាម​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ ព្រមទាំង​ធានាបាន​នូវ​និរន្តរភាព​នៃ​ការអភិវឌ្ឍ ការពង្រឹង និង​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ក៏ដូចជា​ការលើកស្ទួយ​នីតិរដ្ឋ សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ របស់​ប្រជាជន​គ្រប់រូប​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​ប្រតិភូ​ក្រសួងពាណិជ្ជកម្ម​ប្រគល់ជូន​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ រួមមាន​៖ ចាក់សាប​ផ្លូវ​ចូល​ទីបញ្ជាការ​ប្រវែង​៨០​ម៉ែត្រ​, ផ្តល់​ស័ង្កសី​ចំនួន ៣៧៥​សន្លឹក​, ស៊ីម៉ងត៍​ចំនួន ២០​តោន​, ព្រំ​ស័ង្កសី ប្រវែង ៤៣​ម៉ែត្រ​, បន្ទះ​សូ​ឡា ២​ផ្ទាំង​, វិទ្យុទាក់ទង Camfone P6000 ១០​គ្រឿង​, អង្រឹង​ប៉ា​រ៉ា​មាន មុង​ចង ២០​ឈុត ស្បៀង​ក្រៀម ស្រា​បៀរ ១០០​កេស ទឹកក្រូច ២០​កេស កូនឈើ​គ្រញូង និង​បេង ៥៣០​ដើម និង​ឧបត្ថម្ភ​ថវិកា​ជូន​កងទ័ព​ចំនួន ៣៧២​នាក់ (​ក្នុង​ម្នាក់ ៤​ម៉ឺន​រៀល​) និង​ជូន​អង្គភាព​ចំនួន ២​លាន​រៀល​៕