រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ស្នើ​ភាគី​ចិន​វិនិយោគ​លើ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​

1105
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រតិភូ​ធុរជន​ខេត្ត​ហ៊ូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពិចារណា​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម នៅក្នុង​ខេត្តបាត់ដំបង ដែល​សម្បូរ​ទៅដោយ​ភោគផល​ដំណាំ​ដែលមាន​សក្តានុពល សម្រាប់​បម្រើ​ទីផ្សារ​ក្នុងប្រទេស​និង​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

​ក្នុងជំនួប​ការងារ​កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទីស្តីការក្រសួង​រវាង​លោក យ៉ាង គ័​រពីង (Yang Guoping) ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Global Ecological Co., Ltd. របស់​ខេត្ត​ហ៊ូ​ណាន ដែល​បាន​ដឹកនាំ​សហការី​មក​សិក្សា​អំពី​លទ្ធភាព​ពង្រីក​រោងចក្រ​ម៉ាស៊ីនកិនស្រូវ នៅក្នុង​ខេត្តបាត់ដំបង និង​ស្វែងយល់​អំពី​សក្តានុពល​វិនិយោគ នៅក្នុង​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ លោក ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​ភាគី​ចិន​ថែមទៀត​អំពី​កត្តា​ប្រឈម​នៃ​វិស័យ​ស្រូវ​អង្ករ និង​ដំណាំ​សក្តានុពល​ផ្សេងៗ ដូចជា ស្វាយ មៀន ពោត និង​ដំឡូង​មី ព្រមទាំង​អត្ថប្រយោជន៍​នៃ​ការសាងសង់​ឡស​ម្ងួ​ត​បន្ថែម ដើម្បី​រក្សាទុក​កសិផល​នៅក្នុង​រយៈពេល​យូរ សំដៅ​បម្រើការ​អភិវឌ្ឍ​ខ្សែសង្វាក់​តម្លៃ និង​ការផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស ដូចជា​ខេត្តសៀមរាប និង​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ជាដើម​។​

​លើសពីនេះ​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​សក្តានុពល​ខេត្ត​ព្រះសីហនុ​ដែលជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា និង​ជា​ខេត្ត​ដែលមាន​កំពង់ផែ​ទឹក​ជ្រៅ និង​កំពង់ផែ​ពហុ​បំណង ព្រមទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ប្រមូលផ្តុំ​ទៅដោយ​រោងចក្រ​តូចធំ​ជាង​១០០​ក្រុមហ៊ុន សម្រាប់​បម្រើ​វិស័យ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។

​ជាការ​ឆ្លើយតប ភាគី​ចិន​បាន​សន្យា​នឹង​នាំយក​ព័ត៌មាន​ទាំងអស់នេះ ទៅ​ជម្រាបជូន​លោក​អភិបាលខេត្ត​ហ៊ូ​ណាន ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ខែវិច្ឆិកា​ខាងមុខ ព្រមទាំង​ផ្សព្វផ្សាយ​បន្ត​ជូន​សមាគម​ធុរជន​និង​វិនិយោគិន​ខេត្ត​ហ៊ូ​ណាន ដើម្បី​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​នៅ​កម្ពុជា សំដៅ​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាជន និង​ចូលរួម​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​៕ ល​