រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រំពឹងថា មន្ត្រីក្រោមឱវាទ​នឹង​បង្កើន​សាមគ្គីភាព​ក្នុងការ​សម្រេច​នូវ​សមិទ្ធផល​ថ្មីៗ​បន្តទៀត ជូន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​ខាងមុខ​

728
ចែករម្លែក

​ដោយ​: ពៅ និមល / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​បាន​សំណូមពរ​ដល់​មន្ត្រី​ទាំងអស់​បន្ត​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​និង​វប្បធម៌​សាមគ្គីភាព ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​វឌ្ឍនភាព​ការងារ​ថ្មីៗ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ និង​សមិទ្ធផល​លេចធ្លោ​បន្ថែមទៀត​ជូន​ប្រជាជន និង​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ ស្របតាម​កម្មវិធី​នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​

​មានប្រសាសន៍​លើកឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​ក្រសួងពាណិជ្ជកម្ម​នាឱកាស​បញ្ចប់​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីស្តីការ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដែល​កន្លងមក​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ រហូត​សម្រេចបាន​នូវ​ស្នាដៃ​ធំៗ​គួរ​ជាទី​មោទនៈ​ជូន​ប្រជាជន និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​លើសពីនេះ​ទៀត លោក ប៉ាន សូរ​ស័ក្តិ បាន​រំលឹក​ឡើងវិញ​អំពី​សមិទ្ធផល​ការងារ​សំខាន់ៗ របស់​ក្រសួងពាណិជ្ជកម្ម​នៅក្នុង​រយៈពេល​០២​ឆ្នាំ​ចុងក្រោយ ដែល​បានមកពី​ការចូលរួម​របស់​មន្ត្រី​រាជការ​គ្រប់​ជាន់ថ្នាក់ រហូត​ធ្វើឱ្យ​ក្រសួង​ក្លាយជា​ស្ថាប័ន​គំរូ​មួយ​ក្នុងការ​អនុវត្ត​កម្មវិធី​នយោបាយ និង​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ហើយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​វិស័យ​ឯកជន សាធារណៈ​ជនជាតិ និង​អន្តរជាតិ​។ លោក​លើកឡើង​ទៀតថា ទោះបី​ពេលនេះ​យើង​បាន​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ជាតិ ប៉ុន្តែ​ក្រសួង​នៅមាន​កិច្ចការ​ស្នូល​ជាច្រើន​ដែល​ត្រូវ​បន្ត​អនុវត្តន៍ ដើម្បី​ទាញយក​អត្ថប្រយោជន៍​អតិបរមា​ពី​ការធ្វើសមាហរណកម្ម​ទៅក្នុង​តំបន់​និង​ពិភពលោក ជាពិសេស​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឲ្យ​ក្លាយទៅជា​ក្បាលម៉ាស៊ីន ប្រកបដោយ​ថាមវន្ត​នៃ​កំណើនសេដ្ឋកិច្ច​ដូច​បានកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​។​

​នៅក្រោយ​បញ្ចប់​ពិធី​សំណេះសំណាល លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​អញ្ជើញ​ថតរូប​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​គ្រប់លំដាប់​ថ្នាក់​ក្រសួងពាណិជ្ជកម្ម ដើម្បី​ទុកជា​កម្រង​អនុស្សាវរីយ៍ នៃ​ការបំពេញភារកិច្ច​រួមគ្នា​នៅក្នុង​អាណត្តិ​ទី​៥ នៃ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន​៕ ល​