រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​សិង្ហ​បុរី​

1010
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​១៧ (17th AEC Council Meeting) ដឹកនាំ​ដោយ​លោក Chan Chun Sing រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​។​

​ប្រភព​ទទួលបាន​ពី​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះបាន​ពិនិត្យ​វាយតម្លៃ​ការងារ មុននឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​។ អាស៊ាន​បានធ្វើការ​រួមគ្នា​សម្រេចបាន​សមិទ្ធផល​ការងារ​ល្អៗ ជាច្រើន​ដូចជា​៖ ការបញ្ចប់​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​សេវាកម្ម (ASEAN Trade in Services Agreement – ATISA) ពិធីសារ​ទី​៤ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​អាស៊ាន ស្តីពី​វិនិយោគ (Fourth Protocol to Amend the ASEAN Comprehensive Investment Agreement – ACIA) កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក (ASEAN Agreement on Electronic Commerce)​។ លើសពីនេះ​ទៀត កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​ពី​ការត្រៀម​កិច្ចប្រជុំ​កំពូល RCEP លើក​ទី​២ (2nd RCEP Summit)​។​

​មានប្រសាសន៍​ក្នុងអំឡុង​កិច្ចប្រជុំ​ខាងលើ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ឯកភាព និង​សម្តែង​ការគាំទ្រ​ដល់​ស្ថាប័ន ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុងការ​ចាប់ផ្តើម​ត្រួតពិនិត្យ​ឡើងវិញ​នូវ​សកម្មភាព និង​ល័ក្ខខ័ណ្ឌ​ប្រតិបត្តិ ដើម្បី​ធានាថា សកម្មភាព​ការងារ​នានា នៅក្រោម​ស្ថាប័ន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ស្របតាម​ផែនការ​ការងារ​សហគម​ន៍​សេដ្ឋកិច្ច​អាស៊ាន ២០២៥ និង​ការវិវត្តន៍​នៃ​ទំនោរ​ក្នុង​តំបន់​និង​សកល​។ ទន្ទឹមនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​សិង្ហ​បុរី ដែល​បានរៀបចំ​កិច្ចប្រជុំ​បាន​យ៉ាង​ល្អ និង​ទទួល​គណៈប្រតិភូ​កម្ពុជា​ប្រកបដោយ​ភាពកក់ក្តៅ​ក្នុងអំឡុង​កិច្ចប្រជុំ​លើក​ទី​១៧​នេះ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី​បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ពាណិជ្ជកម្ម​អេឡិចត្រូនិក ដែល​កិច្ចព្រមព្រៀង​នេះ នឹង​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​សម្រួល​ដល់​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​វិនិយោគ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​កាត់បន្ថយ​នូវ​របាំង​ចូល​ទីផ្សារ និង​ថ្លៃ​ប្រតិបត្តិការ​បាន​យ៉ាងច្រើន​សម្រាប់​ធុរកិច្ច ជាពិសេស​សហគ្រាស​មីក្រូ តូច​និង​ធ​ម្យ​ម​ក្នុង​តំបន់​អាស៊ាន ដើម្បី​ទទួលបាន​ផលប្រយោជន៍​ជា​អតិបរមា​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​ថ្នាក់​តំបន់​។​

​ដោយឡែក នា​រសៀល​ថ្ងៃ​ដដែល​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ ក៏បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ត្រៀម​រដ្ឋមន្ត្រី RCEP ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី និង​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រី​RCEP ចំនួន​១៦​រូប​។ ក្នុងនោះ រដ្ឋមន្ត្រី RCEP បាន​ពិនិត្យ​លើ​វឌ្ឍនភាព​ចរចា​កិច្ចព្រមព្រៀង RCEP បន្ទាប់ពី​កិច្ចប្រជុំ​កំពូល RCEP លើក​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ប្រទេស​ហ្វីលីពីន​, ឯកភាព​លើ​វឌ្ឍន​ភាពជា​ដុំកំភួន (Substantial Progress) នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់​ថ្នាក់ដឹកនាំ​សម្រាប់​កិច្ចប្រជុំ​កំពូល RCEP លើក​ទី​២ ឆ្នាំ​២០១៨, ឯកភាព​លើ​ផែនការ​ចរចា​កិច្ចព្រមព្រៀង RCEP ឆ្នាំ​២០១៩ និង​ខិតខំ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង RCEP ក្នុង​ឆ្នាំ​២០១៩ ដើម្បី​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ដែលមាន​លក្ខណៈ​ទំនើប​ទូលំទូលាយ គុណភាព​ខ្ពស់ និង​ផ្តល់​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក សំដៅ​បង្កើត​បរិយាកាស​ពាណិជ្ជកម្ម និង​វិនិយោគ​ដែលមាន​ភាព​បើកចំហ និង​ដើម្បី​សម្រួល​ក្នុងការ​ពង្រីក​ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​តំបន់ និង​រួមចំណែក​ដល់​កំណើន​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សកល​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម RCEP ត្រូវបាន​រៀបចំឡើង​ចំនួន​២៤​លើក​រួចមកហើយ​មក​ទល់​ពេលនេះ ដោយ​ត្រូវ​បានប្រកាស​ឱ្យ​ចាប់ផ្តើម​ចរចា​ជា​ផ្លូវការ​ដោយ​ថ្នាក់ដឹកនាំ កាលពី​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១២​នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា​៕