រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ជំរុញ​ជប៉ុន​និង​កូរ៉េ វិនិយោគ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​

803
ចែករម្លែក

ដោយ​: និមល / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ប្រទេស​ជប៉ុន​និង​កូរ៉េ ធ្វើការ​វិនិយោគ​លើ​ការអភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេងទៀត​មានដូចជា ស្រូវ ពោត សណ្តែក និង​ឈើ​ហូប​ផ្លែ ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​អតិបរមា​។​

​ប្រភពពី​ក្រសួងពាណិជ្ជកម្ម​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម បាន​ធ្វើឡើង​នាឱកាស​ដឹកនាំ​ប្រតិភូ​ចូលរួម​កម្មវិធី “A Small-Business-Group Seated Dinner” រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន​ផ្សេងៗ ទាក់ទង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និង​ទេសចរណ៍​។​
​កម្មវិធី​នោះ ត្រូវបាន​ដឹកនាំ​ដោយ​លោក Manatsu ICHINOKI អគ្គលេខាធិការ នៃ​លេខាធិការដ្ឋាន គណៈកម្មការ​រៀបចំ​ពិព័រណ៍​ពិភពលោក​ជប៉ុន​ឆ្នាំ​២០២៥ និង​មានការ​ចូលរួម​ពី​អង្គទូត​នៃ​ប្រទេស​បារាំង កូរ៉េ ប៊ែ​ល​ហ្សិ​ក និង​បុគ្គលិក​លេ​ធិ​ការដ្ឋាន​ប្រមាណ​១៥​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អង្គពិធី​អំពី​វឌ្ឍនភាព នៃ​កំណើន​សេដ្ឋកិច្ចកម្ពុជា និង​ផលិតផល​អទិភាព​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​នាំចេញ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម (CTIS) ជំនា​ន់ទី​៣ ឆ្នាំ​២០១៤-២០១៨ ហើយ​បច្ចុប្បន្ន​យុទ្ធសាស្ត្រ​នេះ​កំពុង​ត្រូវ​បានរៀបចំ​ឡើងវិញ ដើម្បី​ឱ្យមាន​សង្គតិភាព​ជាមួយ​គោលនយោបាយ​ជាតិ​ដទៃទៀត​។ បន្ថែម​លើ​នេះ លោក​ក៏បាន​ពន្យល់​ភ្ញៀវកិត្តិយស​ទាំងអស់​អំពី​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​គាំពារ​វិ​និ​យា​គ​របស់​កម្ពុជា និង​ការលើកទឹកចិត្ត​ផ្សេងៗ​របស់​រាជរដ្ឋាភិបាល ដូចជា​ការលើកលែង​ពន្ធលើប្រាក់ចំណេញ និង​ពន្ធ​លើ​ការ​នាំចូល​សម្ភារៈ និង​ឧបករណ៍​កសិកម្ម ក៏ដូចជា​សក្តានុពល​នៃ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ​។​

​ជាការ​ឆ្លើយតប លោក​អគ្គលេខាធិការ Manatsu ICHINOKI និង​អង្គទូត​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី បាន​សម្តែង​ការ​សាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា និង​បាន​ថ្លែងអំណរគុណ លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​ព័ត៌មាន​ល្អៗ ទាក់ទិន​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​អគ្គលេខាធិការ​ជប៉ុន និង​មន្ត្រី​អង្គទូត​ទាំងអស់​បាន​សន្យា​ពាំ​នាំយក​សំណើ​របស់លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទៅ​ជម្រាប​រដ្ឋាភិបាល​របស់​ខ្លួន ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា ទៅដល់​វិស័យ​ឯកជន​ថែមទៀត ដើម្បី​ចូលទៅ​បណ្តាក់ទុន​កាន់​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​៕

#