រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​ឲ្យ​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង្រីក​មុខរបរ​បន្ថែម ខណៈ​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់​

221
ចែករម្លែក

ដោយ:ពៅ និមល​/ភ្នំពេញ ៖ ខណៈដែល​បច្ចុប្បន្ន​គម្រោង​ចិញ្ចឹម​មាន់​ស្រែ​សាកល្បង​ទទួលបាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​២៥០​គ្រួសារ ស្ថិតនៅ​ខេត្តសៀមរាប​។ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកទឹកចិត្ត​ដល់​ប្រជាកសិករ​ចិញ្ចឹម​មាន់ ចូលរួម​ជាមួយ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS) ដើម្បី​ទទួលបាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​និង​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប សម្រាប់​ពង្រីក​មុខរប​រ​កសិកម្ម ជាពិសេស​មាន់​ស្រែ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​។​

ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្ទាល់​ក្នុងការ​ចិញ្ចឹម​មាន់​ស្រែ​សាកល្បង ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៩​កន្លងទៅនេះ​ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជម្រាបជូន​ប្រជាកសិករ​ទាំងអស់ អំពី​កិច្ចប្រឹងប្រែង​របស់​ក្រសួង​ក្នុង​ការសម្របសម្រួលនិង​ស្វែងរក​ទីផ្សារ​ថ្មីៗ​ជូន​ប្រជា​សហគមន៍​និង​វិស័យ​ឯកជន តាមរយៈ​ការ​ចងក្រង​សមាគម ការដឹកនាំ​អភិវឌ្ឍន៍​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ផលិតផល​ក្នុងស្រុក និង​ការភ្ជាប់​ផលិតកម្ម​ជាមួយ​ទីផ្សារ​ដែលមាន​ស្រាប់ ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ទំនិញ​បរទេស សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ ក៏ដូចជា​ធានា​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ប្រកបដោយ​និរន្តរភាព​។​

លោក​បាន​បញ្ជាក់ថា តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម គឺ​សម្របសម្រួល​រវាង​ប្រជាពលរដ្ឋ ជាមួយ​វិស័យ​ឯកជន ការចិញ្ចឹម​មាន់​ស្រែ​នេះ​ត្រូវការ​ពេលវេលា​និង​ថវិកា​ច្រើន​គួរសម ដូ​ច្នះ​ត្រូវខិតខំ​ប្រែង​ប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​កុំឱ្យ​រកស៊ី​ខាត​។ នៅ​ថ្ងៃ​ខាងមុខ​ក្រសួង​ចង់ឃើញ​បងប្អូន​ទាំងអស់​ប្រែក្លាយ​ពី​កសិករ​ឆ្នើម ទៅជា​ពាណិជ្ជករ​ជោគជ័យ ដោយ​មិន​គ្រាន់តែ​អាច​ផ្គត់ផ្គង់​មាន់​ទៅកាន់​ទីផ្សារ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច នាំ​ចេញទៅ​បរទេស​ថែមទៀត ដែល​នេះ​ជា​គោលបំណង​ធំ​នៃ​គម្រោង AIMS​។ លោក​រដ្ឋមន្ត្រី​បញ្ជាក់បន្ថែម​។​

គម្រោង​ចិញ្ចឹម​មាន់​ស្រែ​សាកល្បង​ដែល​ទទួលបាន​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំ​ងខ​២៥០​គ្រួសារ​ខាងលើ មាន​ស្ថិតនៅក្នុង​ឃុំ​ដាន​រុន និង​ឃុំ​គៀន​សង្កែ នៃ​ស្រុក​សូត្រ​និគម និង​ឃុំ​ដូន​កែវ នៃ​ស្រុក​ពួក ខេត្តសៀមរាប​។ សម្រាប់​ឃុំ​ដា​រុន មាន​ប្រជាពលរដ្ឋ​ចំនួន​៦៥​គ្រួសារ បាន​ចូលរួម​នៅក្នុង​គម្រោង​នេះ ហើយ​បាន​កំពុង​ចិញ្ចឹម​កូន​មាន់​ស្រែ (​ភ្ញាស់​ដោយ​ទូរ​ខ្លួនឯង​) ចំនួន​ជាង​០២​ម៉ឺន​ក្បាល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ និង​ចែកចាយ​ទៅដល់​កសិដ្ឋាន​ផ្សេងទៀត នៅក្នុង​ខេត្តសៀមរាប​ទាំងមូល​៕B/