រដ្ឋមន្ត្រី​ព័ត៌មាន​!​សុំឱ្យ​អាជ្ញាធរ​និង​ស្ថាប័នរដ្ឋ​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត​ដើម្បី​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​

670
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​គ្រប់​អង្គភាព​ស្ថាប័ន​របស់​រដ្ឋ​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត​ឱ្យបាន​ទាន់ពេលវេលា​។​

ដោយ​ផ្អែក​សំខាន់​ទៅលើ​ភស្ដុតាង​និង​តួលេខ​ជាក់លាក់​កុំ​ភូតកុហក​ថ្វីត្បិតតែ​ជា​ការងារ​ស្មុគស្មាញ​ប៉ុន្តែ​វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ប្រសិនបើ​មិន​ដូច្នោះ​ទេ​គេ​នឹង​ស្មាន​ហើយ​ការ​ស្មាន​នេះ នឹងធ្វើ​ឲ្យ​ព័ត៌មាន​ហ្នឹង​អាច​នឹង​ខុស ។​

​នេះ​គឺជា​ប្រសា​ស​ន៏​របស់លោក​ខៀវ​កាញារីទ្ធ​ក្នុង​សិក្ខាសាលា​ស្ដីពី​តួនាទី​អ្នកសារព័ត៌មាន​នៅ​សណ្ឋាគារ​ខេមរា​អង្គរ​ក្រុង​សៀមរាប​ខេត្តសៀមរាប​កាលពី​រសៀល​ថ្ងៃទី​១​ខែមិថុនា​ឆ្នាំ​២០១៩​។​ក្រោម​អធិបតីភាព​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​។​

​លោក​ខៀវ​កាញារីទ្ធ​បាន​បញ្ជាក់ថា​សតវត្ស​ទី​២១​នេះ​ជា​សម័យ​បច្ចេកវិទ្យា​ទំនើប​ដូច្នេះ​ការផ្សាយ​ព័ត៌មាន មាន​គ្រប់​រូបភាព​ដូចជា​កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ គេហទំព័រ ហ្វែ​ស​ប៊ុ​ក ធ្វី​ធ័​រ និង យូ​ធូប ។​ល​។

ដូច្នេះ​អ្នកមើល និង អ្នកអាន គាត់​មាន​ជម្រើស​ច្រើន អាច​បែក​ចែក​ខុស​និង​ត្រូវបាន សម្រាប់​ការតាមដាន​នូវ​រាល់​ព័ត៌មាន និង ព្រឹត្តិការណ៍​សំខាន់ៗ​ទាំង​នៅក្នុង​ប្រទេស ក្នុង​តំបន់ និង នៅលើ​ពិភពលោក​។ ខណៈពេល​បច្ចុប្បន្ននេះ ការផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វែ​ស​ប៊ុ​ក មាន​ភាពទូលំទូលាយ​ជាងគេ​។​

​លោក​បាន​បញ្ជាក់ថា​អ្នកសារព័ត៌មាន​គាត់​គ្រាន់​តែមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​គាត់​អាច​ធ្វើការ​ផ្សាយបាន​ភ្លាមៗ អំពី​ព្រឹត្តិការណ៍​នោះ ហេតុការណ៍​នេះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ឆក់យក​បេះដូង និង ខួរក្បាល​របស់​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់​ណាស់​។​ជាពិសេស​ត្រូវ​អត់ធ្មត់​ឱ្យបាន​ខ្លាំង​បំផុត​ដើម្បី​ពន្យល់​គេ និង ដើម្បី​រួមគ្នា​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​។​

​លោក​បានបញ្ជាក់​បន្ថែម​ថា​ស្ថាប័ន​របស់​រដ្ឋ​និង​អ្នកសារព័ត៌មាន​ត្រូវមាន​ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​បានល្អ ព្រោះថា នៅពេល​មាន​ព័ត៌មាន​បន្លំ ឬ​ព័ត៌មាន​ក្លែងក្លាយ ត្រូវតែ​ឆ្លើយតប​ឱ្យបាន​លឿន​មែនទែន ។​កុំ​យក​កំហឹង​ទល់​កំហល់​សំខាន់​ត្រូវ​រក​អ្នក​ដែល​ចេះ​និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ហើយ​ត្រូវ​អត់ធ្មត់​ពន្យល់​គេ ខណៈ​ដែលមាន​អង្គភាព ឬ​អ្នកសារព័ត៌មាន​មួយចំនួន ។​

​ផ្សាយ​ខុសពី​ការពិត ឬ​និយាយ​អាក្រក់​ពី​យើង យើង​ត្រូវតែ​ឆ្ល់​យ​បំភ្លឺ​ភ្លាមៗ ដល់ពេល​យូរ​ទៅ អ្នក​ដែល​កុហក និង បំប៉ោង​រឿង គាត់​នឹង​រអា​ខ្លួនឯង​ហើយ​។ ពីព្រោះ​គេ​ឃើញ​ឈ្មោះ​ហ្នឹង​ឬ អង្គភាព​សារព័ត៌មាន​ហ្នឹង ផ្សាយ​ខុស​ចំនួន​ពីរ​ទៅ​បី​ដង​ហើយ​។​ដូច្នេះ​ការចង​សត្រូវ​រវាង​ស្ថាប័ន​របស់​រដ្ឋ និង​អ្នកសារព័ត៌មាន មិនជា​ការល្អ​ទេ ។

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​មានប្រសាសន៍​បញ្ជាក់ទៀតថា​ជាមួយគ្នានេះដែរ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវតែ​មានចំណេះ​ចំនួន​៣​គឺ​ចំណេះដឹង​ចំណេះធ្វើ​និង​ចំណេះ​គិត​ហើយ​ការស្វែងរក​ប្រភព​ឆ្លើយបំភ្លឺ​ពី​អភិបាលខេត្ត ឬ​ថ្នាក់ដឹកនាំ​កំពូល​នៃ​អង្គភាព ក៏​មិនជា​ការល្អ​ដែរ ព្រោះ​គាត់​កិច្ចការងារ​សំខាន់ៗ និង ចាំបាច់​ជាច្រើន​ដែល​ត្រូវបំពេញ​។

​ដូច្នេះ​គួរតែ​ស្វែងរក​ប្រភពពី​ថ្នាក់ក្រោម​បន្ទាប់​ហើយ​ត្រូវធ្វើ​ការកែតម្រូវ ក្នុងករណី​សរសេរ​ខុស​ហើយ​គេ​សុំ​ឲ្យ​មានការ​កែតម្រូវ ហើយ​ត្រូវមាន​កម្រិតវប្បធម៌​ខ្លះ ព្រោះ​សព្វថ្ងៃនេះ មាន​ចាងហ្វាង និង អ្នកកាសែត​ខ្លះ សរសេរ​អក្សរ​ខ្មែរ​អត់​ត្រូវ​នោះទេ ។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា​នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​១៥​លាន​នាក់​។​តែ​កាសែត​មាន​ចំនួន​ជិត​៧០០​ហើយ​មាន​កាសែត​ខ្លះ​មិនដែល​ឃើញ​មុខ​សោះ​និង​ចេញផ្សាយ​តែម្ដងៗ​នៅពេល​ជិត​បោះឆ្នោត រួច​ដើរ​សុំ​លុយ​គណបក្ស​។ ដូច្នេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​អ្នក​កាសែត​ត្រឹមត្រូវ​របស់​យើង ហេតុនេះ​យើង​នឹង​កែសម្រួល​បញ្ហា​ទាំងអស់នេះ​ធ្វើយ៉ាងណា​ឱ្យមាន​តុល្យភាព​នឹង​គ្នា​និង​មាន​ភាព​សុខដុម​ជាមួយគ្នា ។​

​លោក​ទៀ​សីហា​អភិបាលខេត្ត​សៀមរាប​បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​គួរ​គប្បី​ប្រកាន់ខ្លួន​ដើរតួនាទី​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ការពិត​របស់​សង្គម​និង​រឿងរ៉ាវ​ផ្សេងៗ​។​បន្ត​ធ្វើជា​ស្ពាន​ពី​រដ្ឋ​ទៅ​ប្រជាជន​ពី​ប្រជាជន​ទៅ​រដ្ឋ​នូវ​កម្មវិធី​នយោបាយ​និង​ឱ្យ​រដ្ឋ​បានដឹង​ពី​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​មករ​ដ្ឋ​វិញ​៕S/

​រូបភាពៈ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​និង​គ្រប់​អង្គភាព​ស្ថាប័នរដ្ឋ​សហការ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងការ​ផ្ដល់ព័ត៌មាន​ពិត​ដើម្បី​រួមគ្នា​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​៕​គូលែន​