រដ្ឋមន្ត្រី​ព័ត៌មាន ប្រាប់​អាមេរិក​ឲ្យ​ជួយ​ចេញ​លុយ​បង់ពន្ធ ៦​លាន​ដុល្លារ ឲ្យ​កាសែត ខាំ​បូ​ឌា ដេលី​

1044
ចែករម្លែក

(​ភ្នំពេញ)​៖ ក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៧ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គូសបញ្ជាក់ថា “​ជំហរ​របស់​កម្ពុជា​ជាមួយ​អាមេរិក គឺ​យើង​នៅតែ​ជា​ប្រទេសមួយ ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​”​។ ក្នុងនោះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើងថា បើ​អាមេរិកឈឺឆ្អាលនិង​ចង់​ជួយ​កាសែត ខាំ​បូ​ឌា ដេលី មែន​នោះ គួរតែ​អាមេរិក ចេញ​លុយ​បង់ពន្ធ ៦​លាន​ដុល្លារ ជំនួស​កាសែត​នោះ​តែម្តងទៅ​។​

​លោក​ខៀវ​កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៤​សីហា ឆ្នាំ​២០១៧

ឆ្លើយតប​នឹង​សំណួរ​អ្នកកាសែត នៅក្នុង​សន្និសីទ​សារព័ត៌មាន​ពាក់ព័ន្ធ​កាសែត The Cambodia Daily លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​លើកឡើងថា “​អាមេរិក​សំបូរ​លុយ​ច្រើន​ដែរ ជួយ​ចេញ​លុយ​ពន្ធ​ទៅហើយ​។ មិន​ពិបាក​អី​សោះ​។ បើ​គាត់​ចង់​ជួយ​មែនទែនគាត់ចាំបាច់​និយាយ​ធ្វើ​អី គាត់​ចេញ​លុយ​ពន្ធ​ទៅ​។ ប៉ុន្មាន​លាន​តើ​!”​។​

​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ដូច្នេះ បានធ្វើ​ឡើង តប​នឹង​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​របស់លោក​ស្រី Heather Nauert អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ដែល​បាន​លើកឡើងថា សហរដ្ឋអាមេរិក សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​ការធ្លាក់ចុះ​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា កាលពី​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ជាពិសេស​ចំណាត់ការ​លើ​អង្គការ​សង្គម​ស៊ីវិល សារព័ត៌មាន និង​អង្គការ NDI​។​

​លោកស្រី អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក បាន​លើកឡើងថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការធ្លាក់ចុះ​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។ កាលពី​ពីរ​ខែ​មុន ប្រទេស​កម្ពុជា​ទទួលបាន​ការទទួលស្គាល់​យ៉ាង​ទូលំទូលាយ ដោយបាន​រៀបចំ​ការបោះ​ឆ្នោត​ថ្នាក់មូលដ្ឋាន ប្រកបដោយ​តម្លាភាព និង​សន្តិវិធី​។ ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ សមិទ្ធិផល​នោះ បាន​លុប​បាត់​ដោយសារតែ​សកម្មភាព​ដ៏​គួរឱ្យ​រំខាន​ចិត្ត​ពី​សំណាក់​រដ្ឋាភិបាល ក្នុងការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​លទ្ធភាព​ធ្វើ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​។ ក្នុងនេះ រួមមាន ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ក្នុងការ​បណ្តេញ​អង្គការ NDI ការបិទ​ស្ថានីយ​វិទ្យុ​តែមួយគត់ ដែលជា​ដៃគូ​របស់​គណបក្សប្រឆាំង និង​ការស៊ើបអង្កេត​ពី​ការបង់ពន្ធ​លើ​អង្គភាព​សារព័ត៌មាន​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល ក្នុងនោះ មាន​កាសែត Cambodia Daily វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក វិទ្យុ​អាស៊ីសេរី និង​អង្គការ​លីកាដូ អាដហុក និង​ខុមហ្វ្រែល​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក បន្តថា ប្រទេស​កម្ពុជា ស្ថិតក្នុង​ដំណាក់កាល​នៃ​ការផ្សះផ្សារ​ពី​ជម្លោះ ដែល​កើតមាន​ជាច្រើន​ទសវត្សរ៍ ហើយ​នាពេល​ថ្មីៗ​នេះ ទទួលបាន​ផលប្រយោជន៍​ពី​ការបោះឆ្នោត ដែលមាន​លក្ខណៈ​ប្រកួតប្រជែង​និង​ភាព​សកម្ម និង​ចម្រុះ​នៃ​បណ្តាញសារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​។

​លោកស្រី Heather Nauert បាន​គូសបញ្ជាក់ថា “​យើង​សូម​លើកទឹកចិត្ត​រដ្ឋាភិបាល​កម្ពុជា សូម​អនុញ្ញាតឱ្យ​អង្គការ NDI កាសែត Cambodia Daily និង​បណ្តាញសារព័ត៌មាន​ឯករាជ្យ​ដទៃទៀត ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល បាន​បន្តសកម្មភាព​ដ៏​សំខាន់​របស់​ពួកគេ ដើម្បីឱ្យ​ការបោះឆ្នោតជាតិ នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​ក្រោម​បរិយាកាស​សេរី និង​បើកចំហ​”​។​
​ ​
សូម​រម្លឹកថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​អ្នកអនុវត្ត​ផ្ទាល់បានកំណត់​ឲ្យ​កាសែត​ភាសា​ខ្មែរ​អង់គ្លេស The Cambodia Daily ត្រូវ​បង់ពន្ធជាង ៦​លាន​ដុល្លារ ត្រឹម​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧​។ បើសិនជា​កាសែត​នេះ មិនមាន​លុយ​បង់ពន្ធ​ទេ នោះ​រាជរដ្ឋាភិបាល នឹង​បិទ​ការផ្សាយ​កាសែត​នេះ ហើយ​ត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​នានា​របស់​កាសែត ដែលមាន​ថៅកែ​ជា​ជនជាតិ​អាមេរិក​នេះ​។​

​ពាក់ព័ន្ធ​នឹង​ករណី​កាសែត The Cambodia Daily ត្រូវបាន​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ លើកឡើងថាជា​រឿង​បង់ពន្ធជា​រឿង​របស់​ខាង​ពន្ធដារ ដោយ​មិន​ទាក់ទង​នឹង​ក្រសួង​ព័ត៌មាន​ទេ​។ ក្រសួង​ព័ត៌មាន បាន​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​កាសែត​នេះ ឲ្យ​ចេញផ្សាយ​ជាធម្មតា​។​

​ជាមួយនឹង​ការលើកឡើង​ខាងលើ លោក ខៀវ កាញារីទ្ធ ក៏បាន​ថ្លែង​គាំទ្រ​នូវ​ការប្រកាស​ធ្វើបាតុកម្ម​របស់​ក្រុមយុវជន ដែល​គេ​ដឹងថា ជា​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​គម្រោង​តវ៉ា ប្រឆាំងនឹង​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា​។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បាតុកម្ម​នោះ ត្រូវធ្វើ​កុំ​ឲ្យ​ស្ទះចរាចរណ៍ និង​កុំ​ឲ្យ​ក្លាយជា​អំពើហិង្សា​៕​ដោយ​៖ ម៉េង​ឆៃ​/sn