រដ្ឋមន្ត្រី​ព្រមាន​ប្រឆាំង​មន្ត្រី​ខ្មោច ,​គួរតែ​បំបាត់​ចំនួន​មន្ត្រី​អត់​ការងារ​ផង​!

1295
ចែករម្លែក

​កាលពី​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក​ដោយ​ព្រមាន​ប្រឆាំងនឹង​មន្ត្រីខ្មោច​។ សារ​ព្រមាន​របស់​រដ្ឋមន្ត្រី​ព័ត៌មាន​ដូច្នេះ​ទទួលបាន​នូវ​ការស្វាគមន៍ និង​គាំទ្រយ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ផង និង​ដើម្បី​កាត់បន្ថយ​ចំណាយរដ្ឋ​ផង​។​
​ ​
លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បញ្ជាក់ថា “​ក្រោយពី​មានការ​រអ៊ូរទាំ​របស់​មន្ត្រី​ក្រសួងព័ត៌មាន ក្រសួង​ព័ត៌មានសុំ​ឲ្យ​គ្រប់​អគ្គនាយកដ្ឋាន បញ្ជូន​ឈ្មោះ និង​រូបថត មន្ត្រី​ណាខ្លះដែល​មានតែ​ឈ្មោះ​តែ​បើក​ប្រាក់ខែ ដើម្បី​រួមចំណែក​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល ដើម្បី​ខ្ញុំ​បង្ហោះ​រូបអ្នកដែល​ស៊ី​លើ​កម្លាំង​មន្ត្រី​ក្រសួង​”​។​
​ ​
គេ​អាច​នៅចាំ​បាន​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន រាជរដ្ឋាភិបាលបានចេញ​វិធានការ​ប្រយុទ្ធ ប្រឆាំងនឹង​មន្ត្រី​ខ្មោច នៅតាម​ក្រសួង ​ស្ថាប័នរដ្ឋ បូក​រួមទាំង​ការកំណត់​ឲ្យ​មន្ត្រីរាជការម្នាក់ទទួល​ប្រាក់ខែ​តែមួយ​ស្ថាប័ន​។ វិធានការ​រឹតបន្តឹង និង​លុបបំបាត់​មន្ត្រី​ខ្មោច ទាហាន​ខ្មោច ប៉ូលិស​ខ្មោច និង​មន្ត្រី​មានកូន​ក្រក គឺ​ស្ថិតក្នុង​កំណែទម្រង់រដ្ឋបាលសាធារណៈ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ដោយបាន​កាត់​មន្ត្រីទាំងនោះ រាប់ពាន់​រាប់ម៉ឺន​នាក់ នាំ​ឲ្យ​ចំណេញ​ថវិកាជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​
​ ​
​វិធានការ​របស់​រាជ​រដ្ឋាភិបាល រួមមាន ការតម្រូវ​ឲ្យ​មន្ត្រីរាជការបើក​បៀវត្សរ៍​តាម​ប្រព័ន្ធធនាគារ​និង​ការ​ស្រង់​បញ្ជី​វត្តមាន​របស់​មន្ត្រីរាជកា​រ ដោយ​ស្កេ​ន​ស្នាម​មេដៃ និង​ចុះវត្តមាន​រៀងរាល់ថ្ងៃជាប្រចាំ ជាដើម​។​

​នៅពេលនេះ សារ​ព្រមាន​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អាចមាន​ន័យ​ពីរ គឺ​ទី​១-​លោក​ចង់សំដៅលើ​មន្ត្រី​ខ្មោច​ដែល​មានតែ​ឈ្មោះ តែ​មិន​មក​ធ្វើការ ហើយ​បើក​ប្រាក់ខែ​ដែរ​។ និង​សារ​ទី​២-​សំដៅលើ​មន្ត្រីរាជការ នៅ​អគ្គនាយកដ្ឋាន​ក្រសួង​ព័ត៌មានមានឈ្មោះ តែ​មិន​ធ្វើ​ការងារ ដែល​អាចជា​ការ​លួច​ម៉ោង​រដ្ឋទៅធ្វើ​ការងារ​ខាងក្រៅ ក៏​អាច​ថា​បាន​។​

​យូរ​ឆ្នាំ​មកហើយ និង​បន្ត​ដល់​សព្វថ្ងៃ មិនថាតែ​នៅ​ក្រសួង​ព័ត៌មាន ឬក៏​នៅ​ស្ថាប័នរដ្ឋ​ជាច្រើន​ទៀត​ទេ គឺមាន​មន្ត្រីរាជការ​មួយចំនួនបាន​ឆ្លៀតធ្វើការ​ពីរ ឬ​បី​កន្លែង​។ មូលហេតុ ត្រូវបាន​មន្ត្រីរាជការ ដែល​ឆ្លៀត​រកស៊ី​ក្រៅ​ទាំងនោះ អះអាងថា មកពី​ប្រាក់ខែ​រដ្ឋ តិចពេក ចាយ​មិន​គ្រប់ ហើយ​ណាមួយការងារ​រដ្ឋប្រៀបដូចជា​ការងារ​ក្រៅ​ម៉ោង​ពោល គឺ​មិនសូវមាន​ការងារ​ធ្វើ ហើយ​ទៅ​បង្ហាញខ្លួន​នៅ​កន្លែងធ្វើការ​នៅ​ក្រសួង​មន្ទីរ​តែមួយ ព្រឹក ឬក៏​មិនចាំបាច់​ទៅ​ក៏បាន ឲ្យ​តែ​ត្រូវរ៉ូវ​ជាមួយនឹង​ប្រធាន​គ្រប់គ្រង ឬ​មេ​អង្គភាព​នោះគឺជា​ការ​ស្រេច​។

​មាន​កន្លែង​ខ្លះ គឺ​មន្ត្រីរាជការសុខចិត្ត​ទុក​ប្រាក់ខែ​ឲ្យ​ប្រធាន​អង្គភាព ឬក៏​ចែក​ភាគរយប្រាក់ខែ​ខ្លួន ឲ្យ​មេដើម្បី​រក្សាទុក​ឈ្មោះនៅក្នុង​ក្របខ័ណ្ឌ​រដ្ឋក៏មាន​។ ដោយឡែក មន្ត្រីរាជការ ដែល​មក​ធ្វើការ​បម្រើ​រដ្ឋ​តែមួយ​មុខ ក៏​ច្រើនតែ​ជា​កូនអ្នកមាន ខ្សែ​របស់​មេ និង​ជាម​ន្ត្រី​ទទួលបាន​លាភសក្ការៈ​ពី​ក្រសួង​ស្ថាប័ន​នោះ​។​

​មួយ​វិញ​នៅតាម​អង្គភាព​ស្ថាប័ន​ខ្លះ មាន​ចំនួន​បុគ្គលិក​មន្ត្រីរាជការ​ច្រើនលើសពី​ចំនួនការងារ ហើយ​ជ្រើស​ដាក់ចូល​តាម​ខ្សែ​របស់​មេ ក៏មាន​។ ទំហំ​ការងារ ត្រូវធ្វើ​តែម​នុស្ស ១០​នាក់ ប៉ុន្តែ​មើលទៅ​ឈ្មោះ​មន្ត្រីរាជការ គឺ​កើន​ដល់​ទៅ ២០ ទៅ ៣០​នាក់​។ ចំនួនមនុស្ស​ច្រើន តែ​ការងារ​តិច ក៏​នាំ​ឲ្យ​រដ្ឋ​ចំណាយ​ច្រើន រីឯ​អ្នក​ប្រឹងប្រែង​ធ្វើការ​ងារ​ពិតប្រាកដ មានតែ ១០​នាក់​។ ដូច្នេះ​បើសិនជា គិតគូរ​មែនទែនទៅ គឺ​នៅ​ស្ថាប័ន​នោះ អាច​កាត់បន្ថយ​ចំនួន​មន្ត្រីរាជការ ដែល​មានតែ​ឈ្មោះ តែ​មិនមាន​ការងារ​ធ្វើ​ហើយ រដ្ឋមន្ត្រីអាច​យក​ប្រាក់ខែ មក​ដំឡើង​ឲ្យ​អ្នកធ្វើការ នោះ​ប្រសិទ្ធភាព​ការងារ​ក៏​នឹង​ទទួលបាន​កាន់តែ​ល្អ ហើយ​មន្ត្រីរាជការ ក៏​ទទួលបាន​ប្រាក់ខែ​កាន់តែច្រើន​ថែមទៀត​។​

​ប៉ុន្តែ​សំណួរ​សួរថា តើ​ប្រធាន​អង្គភាព ស្ថាប័ន​នីមួយៗ ជាពិសេស​អគ្គនាយកដ្ឋាន និង​ប្រធាន​នាយកដ្ឋាន​នីមួយៗ មាន​ភាពស្មោះត្រង់​ប៉ុនណានឹង​រដ្ឋមន្ត្រី​? តើ​គេ​រាយការណ៍​ពិត ឬទេ នូវ​ចំនួន​មន្ត្រី​ខ្មោច ដែល​មានតែ​ឈ្មោះ តែ​មិន​មក​បង្ហាញខ្លួន និង​ចំនួនអ្នក​មិនមាន​ការងារ​ធ្វើ​? បើ​មួយឆ្នាំៗ ដំណឹង​ជ្រើសរើស​មន្ត្រី​ថ្មី​រាប់រយ​នាក់ នៅ​ក្រសួងនីមួយៗ ហើយ​មាន​ដំណឹង​ពី​ហាងឆេង រត់ការ សុទ្ធតែ​ខ្ទង់​រាប់ពាន់ ហើយ​កន្លែង​ខ្លះ ចូលដល់​រាប់ម៉ឺន​ដុល្លារ ដើម្បី​បាន​ចូល​ធ្វើជា​មន្ត្រីរាជការ​នោះ​?

​សំណួរ​ក៏​សួរថា តើ​រដ្ឋមន្ត្រី​មាន​វិធានការ​អ្វីដើម្បី​អនុវត្ត​រកម​ន្ត្រី​ខ្មោច មន្ត្រី​អត់​ការងារ​ធ្វើ និង​ចាត់ការ​លើ​មន្ត្រី​ខិលខូចដែលជា​អ្នកចូលរួម​លួច​បន្លំ​ឲ្យ​មាន​មន្ត្រី​ខ្មោច តាម​អគ្គនាយកដ្ឋាន​នីមួយៗ​? ហើយ​តើ​អង្គភាព​មួយ ដែលមាន​បុគ្គលិក​ច្រើនជាង​ទំហំ​ការងារប្រចាំថ្ងៃ តើ​នឹងត្រូវ​ដោះស្រាយ​បែបណា​? បើ​ងាក​ទៅ​ឆ្វេង សុទ្ធតែ​កូនក្មួយ​អគ្គនាយកដ្ឋា​ន​នេះ និង​ងាក​ទៅ​ស្តាំសុទ្ធតែ​សាច់​ញា​ត្តិ​ឯកឧត្តម លោកជំទាវ​ប្រធាន​នាយកដ្ឋាននោះ​?

​ជំងឺ​មន្ត្រី​ខ្មោច ឬ​បុគ្គលិក​ខ្មោច និង​អ្នក​មិន​ធ្វើការ តែមាន​ឈ្មោះ​បើក​ប្រាក់ខែ​មិនមែនមានតែ​ក្នុង​ស្ថាប័នរដ្ឋ​ទេ ក៏ប៉ុន្តែ​ជំងឺមហារីក​នេះ ក៏បាន​ឆ្លង​រាលដាល​ដល់​ក្រុមហ៊ុនឯកជន​មួយចំនួន​ផងដែរក្នុងសង្គម​កម្ពុជាបច្ចុប្បន្ន​។ បញ្ហា​នេះ នាំ​ផលិតភាព​ការងាររបស់​ស្ថាប័ន​នោះត្រូវ​ចុះខ្សោយ រីឯ​ចំណាយ​លើ​ប្រាក់ខែ​ច្រើន ហើយ​ប្រសិទ្ធភាពការងារ​ក៏​ធ្លាក់ចុះ និង​ចុងក្រោយឈានដល់​ខាតបង់ ហើយ​អាច​រលំរលាយ​អង្គភាព ស្ថាប័ន​នោះ មិន​ថារដ្ឋ ឬ​ក្រុមហ៊ុន​ឯកជន​នោះទេ​។​

​ដូច្នេះ សរុបមក ការព្រមាន​របស់លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គួរតែ​ធ្វើ​ឲ្យ​បាន​ដោយមិន​ត្រឹមតែ​បំបាត់​មន្ត្រី​ខ្មោច អ្នក​មានតែ​ឈ្មោះ មិន​មក​ធ្វើការ​ប៉ុណ្ណោះ​ទេ តែ​ក្រសួងក៏​គួរតែ​លុបបំបាត់​មន្ត្រីរាជការដែល​មក​បង្ហាញខ្លួន តែ​មិនមាន​ការងារ​ធ្វើ និង​លុបបំបាត់​ចំនួន​មន្ត្រីដែល​ច្រើនជាង​ចំនួន​ការងារ​។

​ក្រសួង​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ឯកជន​មួយចំនួន គួរតែ​ទុក​ប្រាក់ខែ​មន្ត្រី​ខ្មោច បុគ្គលិកខ្មោច និង​មន្ត្រី​បុគ្គលិកដែល​ចូល​តាម​ខ្សែ​តាម​ទុយោ តែ​មិនមាន​ការងារ​ធ្វើ បន្លែបន្លំ ឬក៏​មន្ត្រី​លួចលាក់ស៊ីម៉ោង​ការងារ​រដ្ឋ បែរជា​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​យកប្រាក់ខែ​នោះទៅ​ដំឡើងផ្តល់ប្រាក់​ឧបត្ថម្ភ លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ បុគ្គលិកដែល​ប្រឹងប្រែង​បំពេញការងារ​ពិតប្រាកដ​វិញ​។ បើ​ធ្វើ​ដូច្នេះ នោះ​បុគ្គលិក​ពិសេសមន្ត្រីរាជការ នឹង​ទទួលបាន​ប្រាក់ខែ​ខ្ពស់ រីឯ​លទ្ធផល និង​ប្រសិទ្ធភាព​ការងារ​ក៏បាន​ល្អប្រសើរ​តាម​នោះដែរ​៕ ដោយៈ​ម៉េង​ឆៃ​/Ha