រដ្ឋមន្ត្រី​មហាផ្ទៃៈ ការរារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ជា​នយោបាយ​បំផ្លាញ​ជាតិ​

383

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា​មាន​បុគ្គល​មួយចំនួន​បាន​អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​នេះ គឺជា​ទង្វើ​ខុសច្បាប់​របស់​កម្ពុជា​និង​មិន​ស្របតាម​លទ្ធិប្រជាធិបតេយ្យ​។​សម្តេច​បាន​ហៅ​ការអំពាវនាវ​នេះ​គឺជា​នយោបាយ​បំផ្លាញ​ជាតិ​និង​បំផ្លាញ​នូវ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​ដែល​ប្រទេស​កម្ពុជា​កំពុងមាន​។​

សម្តេច​ក្រឡាហោម​សខេង​បញ្ជាកើ​នៅក្នុង​ពិធី​កំទេចចោល​នូវ​អាហារ​ខូចគុណភាព​ជាង​មួយរយ​តោន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៨

​ការបញ្ជាក់​របស់​សម្តេច​ក្រឡាហោម​សខេង​បាន​ធ្វើឡើង​នៅក្នុង​ពិធី​កំទេចចោល​នូវ​អាហារ​ខូចគុណភាព​ជាង​មួយរយ​តោន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ ២០១៨ នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧ​ដ្តុ​ង្គ ខេត្ត​កំពង់ស្ពឺ​។​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថា បុគ្គល​ដែល​ធ្វើការ​រារាំង និង​ញុះញង់​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​ប្រឈម​នឹង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ដោយ​មិន​គិត​អំពី​ទោស​ព្រហ្មទណ្ឌ​។

​ជាមួយគ្នានេះ​សម្តេច​ក្រឡាហោម​សខេង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែលមាន​ឈ្មោះ​បោះ​ឆ្នោត​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បំពេញ​កត​ព្វ​កិច្ច​របស់ខ្លួន​ស្របតាម​ប្រទេស​ប្រកាន់​នៅ​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្ស​។​

​យោងតាម​ច្បាប់​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រង់​មាត្រា​១៤២ បាន​ចែងថា ត្រូវ​ផាកពិន័យ​ជា​ប្រាក់​៥​លាន​រៀល​ទៅ​២០​លាន​រៀល​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត​។​ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត​៖​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​ទៅ​បោះឆ្នោត​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ឬ​រារាំង​មិន​ឲ្យ​ចុះឈ្មោះ​ប្រជា​ពល​ល​រដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត​។ បង្ក​ការអុកឡុក ឬ​រារាំង​សកម្ម​ភាពជា​ប្រក្រតី ក្នុង​ទីកន្លែង​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅក្នុង​អំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​។ ឲ្យ​អ្នកគាំទ្រ ឬ​អ្នកបោះឆ្នោត ប្រព្រឹត្ត​អំពើ​រំលោភបំពាន អំពើ​គំរាមកំហែង អំពើហិង្សា​ទៅ​ល​បេក្ខជន ឬ​ទៅលើ​គណបក្សនយោបាយ​ដទៃ​។​រារាំង​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​មិន​ឲ្យទៅបោះ​ឆ្នោត​​…​៕​មន​