រដ្ឋមន្ត្រី​មហាផ្ទៃៈ ចាប់បាន​លុយ​ខុសច្បាប់​ជាង ៧,៤​លាន​ដុល្លារ​នាំ​ចូលមក​កម្ពុជា​

419
ចែករម្លែក
សម្តេច​ក្រឡាហោម ស ខេង ផ្តល់​សំភាសន៍​ដល់​អ្នកកាសែត​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា គិត​មកដល់ពេលនេះ លុយ​ខុសច្បាប់​ជាង ៧​លាន​ដុល្លារ​អាម៉េរិក ដែល​នាំ​ចូលមក កម្ពុជា​តាម​ច្រក​អន្តរជាតិ​ត្រូវបាន​សមត្ថកិច្ច​ដកហូត​និង​ឃាត់ខ្លួន​ជនបរទេស​មួយចំនួន​។ លុយ​ខុសច្បាប់​ទាំងនោះ ត្រូវបាន​តម្កល់​នៅ​ធនាគារជាតិ ដើម្បី​ស្រាវជ្រាវ​រក​ប្រភពដើម​។


​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្រៅ​ពិធី​ទិវា​ប្រជាជន​ពិភពលោក លើក​ទី​៣០ កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ថា ទាក់ទង​និង​លុយ​ដែល​នាំចូល​កម្ពុជា​ដោយ​ខុសច្បាប់ គឺ​ឃាត់​ទុកជា​បណ្តោះអាសន្ន​ដើម្បី​រក​ប្រភព​។ រហូត​មកដល់​ពេលនេះ លុយ​ដែល​ឃាត់ទុក ជាង​៧​លាន​៤​សែន​។ ប៉ុន្តែ​ឃាត់​ទុកជា​បណ្តោះអាសន្ន​សិន​។ តើ​លុយ​នឹង​វា​មាន​ប្រភព​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​?​។ សម្តេច​បាន​បញ្ជាក់ថា “​ទាក់ទង​រឿង​លុយ​នឹង យើង​ទុក​នៅ​ធនាគារ ដើម្បី​រក​ចាំ​ការស៊ើបអង្កេត​យើង​ចាត់​ឲ្យ​មានការ​ស៊ើបអង្កេត​ប្រភពដើម​ហើយ​មនុស្ស​ឃាត់ទុក​ដែរ​។​ការស៊ើបអង្កេត​មិនទាន់បាន​ស៊ើបអង្កេត​ច្បាស់លាស់​ដោយសារ​ហុងកុង​មាន​បញ្ហា​បាតុកម្ម ប៉ូលិស​ហុងកុង​សុំ​ពន្យា​បន្តិច​ហើយ​យើង​នឹងធ្វើ​ការស៊ើបអង្កេត​ឲ្យ​ដឹងថា ឫសគល់​នៃ​បញ្ហា​នឹង​វា​យ៉ាងម៉េច​”​។​


​ ​សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​ទៀតថា ការនាំ​ចូល​លុយ​ខុសច្បាប់​មកកាន់​ប្រទេស​កម្ពុជា មាន​ច្រើនជាង​ប្រាំ​ករណី ដែល​សមត្ថកិច្ច កំពុងតែ​ស៊ើបអង្កេត និង​សុំ​កិច្ចសហការ​ពី​ប្រទេស​ពាក់ព័ន្ធ​ថែមទៀត​៕សរន