រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​អភិបាលខេត្ត​ព្រះវិហារ​ថ្មី​ទប់ស្កាត់​ការនាំ​ចូល​គ្រឿងញៀន​ពី​ឡាវ​

529
ចែករម្លែក
រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឱ្យ​អភិបាលខេត្ត​ព្រះវិហារ​ថ្មី​ទប់ស្កាត់​ការនាំ​ចូល​គ្រឿងញៀន​ពី​ឡាវ​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ព្រះវិហារ ដែល​ទើបតែ​ឡើង​ថ្មី អភិបាលខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគីរី រួមទាំង​អាជ្ញា​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​កិច្ចសហការ​ដើម្បី​ទប់ស្កាត់​ការនាំ​គ្រឿងញៀន​ពី​ប្រទេស​ឡាវ ចូលមក​ប្រទេស​កម្ពុជា គឺ​មិនត្រូវ​បង្អង់​ដៃ​ទេ​។
​ការ​ថ្លែង​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​លោក​ប្រាក់ សុវណ្ណ ជា​អភិបាលខេត្ត​ព្រះវិហារ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះវិហារ​។


​សម្តេច​ក្រឡាហោម​បាន​បន្តថា ខេត្តព្រះវិហារ​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ឡាវ និង​ថៃ ជាមួយ​ឡាវ​ត្រូវ​បន្ត​សហប្រតិបត្តិការ​ជាមួយគ្នា​ឲ្យ​បានល្អ ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ដោយ​សន្តិវិធី តាម​ការជួប​ផ្លាស់ប្តូរ​យោបល់ និង​ដោះស្រាយ​បញ្ហា​ជាមួយគ្នា មិនមែន​ប្រើ​អំពើហិង្សា​ប្រដាប់អាវុធ​ទៅ​ដោះស្រាយ​ទេ​។ ដោយ​សម្តេច​បានបញ្ជាក់​ថា “​គ្រឿងញៀន​ដែល​ចូល​មកដល់​ប្រទេស​កម្ពុជា​យើង គឺ​តាម​ច្រក​ព្រះវិហារ តាម​ច្រក​ស្ទឹងត្រែង​ក៏មាន​មួយផ្នែក តាម​ច្រក​រតនគីរី ហើយ​ដែល​យើង​បាន​បង្ក្រាប​ជា​បន្តបន្ទាប់​កន្លងទៅ ប៉ុន្តែ​វា​មិនទាន់​អស់​ទេ សូម​យកចិត្តទុកដាក់ បង្កើន​កិច្ចសហការ​គ្រប់​សមត្ថកិច្ច​ពាក់ព័ន្ធ ទាំង​នគរបាល កងរាជអាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ ក៏ដូចជា​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការ​នាំចូល​គ្រឿងញៀន តាម​ច្រក​នេះ​”​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា ច្រក​ដែល​ធំ​នាំ​គ្រឿងញៀន​ចូលមក​កម្ពុជា​មិនមែន​មានតែ​ខេត្តព្រះវិហារ​ទេ គឺមាន​ទាំង​ខេត្តស្ទឹងត្រែង​ផងដែរ ហើយ​បញ្ហា​នេះ មិនត្រូវ​បន្ធូ​បន្ថយ ហើយ​បង្អង់​ដៃ​ទេ​។​
សូមជម្រាបថា នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​២៦ ខែមិថុនា សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា គ្រឿងញៀន​គឺជា​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​មួយ សម្រាប់​សង្គម​មនុស្សជាតិ​ទាំងមូល ។ ស្ថានភាព​នៃ​ការផលិត ការ​ចរាចរណ៍ និង​ការប្រើ​បំពាន​គ្រឿងញៀន វិវឌ្ឍន៍​ស្របទៅតាម​ចរន្ត នៃ​ភាព​រីកចម្រើន​បច្ចេកវិទ្យា វិទ្យាសាស្ត្រ សង្គម​និង​សេដ្ឋកិច្ច ដែល​និន្នាការ​បែបនេះ គឺជា​ការ​ប្រឈម​ដ៏​លំបាក​មួយ សម្រាប់​ការអនុវត្ត​ច្បាប់​ចំពោះ​បណ្ដា​ប្រទេស​នានា ។ ជាមួយនេះ ការកើនឡើង​នូវ​ការផលិត ការ​ចរាចរណ៍ និង​ការប្រើប្រាស់​គ្រឿងញៀន​សំយោគ និង​សារធាតុ​ញៀន​ប្រភេទ​ថ្មី​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ គឺជា​ការព្រួយបារម្ភ​ដែល​ប្រទេស​នានា​នៅលើ​ពិភពលោក​កំពុងតែជួបប្រទះ នឹង​ផ្ដោត​ការយកចិត្តទុកដាក់ ។ ដោយសារ​ស្ថានភាព​គ្រឿងញៀន​ក្នុង​ពិភពលោក​បែបនេះ គួបផ្សំ​នឹង​ស្ថានភាព​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​នៅ​ជិត​តំបន់ត្រីកោណមាស និង​អឌ្ឍចន្ទ​មាស​ផង​នោះ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​នៅតែ​ប្រឈម​ទៅនឹង​បញ្ហា​មួយចំនួន​ដូចជា ក្រុម​ឧក្រិដ្ឋជន​នៅតែ​បន្ត​ព្យាយាម​ធ្វើចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​ទទួលរង​ផលប៉ះពាល់​ពី​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅតាម​គោលដៅ​ខ្លះ​ត្រូវបាន​ប៉ះពាល់ ។​


​គួរ​បញ្ជាក់ថា ក្នុង​រយៈពេល​៣​ឆ្នាំ គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៧ មកដល់​ខែមិថុនា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​ចំនួន ២. ០២៥​សំណុំរឿង​។ ករណី​រក្សាទុក​គ្រឿងញៀន​ខុសច្បាប់​ចំនួន ១.១៧៥​សំណុំរឿង​។ ករណី​ចាត់ចែង​និង​សម្រួល​ឲ្យ​ប្រើប្រាស់ គ្រឿងញៀន​ខុសច្បាប់​ចំនួន ១១៣​សំណុំរឿង​។ ករណី​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន ៣.៥១៧​សំណុំរឿង​។ ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​ខុសច្បាប់​ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ក្នុង​រយៈពេល ២​ឆ្នាំ​កន្លងទៅ សរុប​មាន​ចំនួន ៦៨៣០​សំណុំរឿង​។ ក្នុងនោះ​ដកហូត​និង​រឹបអូស​សារធាតុ​ញៀន​សុទ្ធ​ចំនួន ៤២០​គីឡូក្រាម គ្រឿង ញៀន​ពាក់ព័ន្ធ​រួមទាំង​សារធាតុ​ផ្សំ​គ្រឿងញៀន​ចំនួន ១៩៤១,៣៣​គីឡូក្រាម សរុប​ទាំងអស់​ដែល​តម្រូវ​ដុត​បំផ្លាញចោល​នាពេលនេះ​មាន​ចំនួន ២៣៦១,៣៣​គីឡូក្រាម​៕SRN