រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ជា​ឲ្យ​ប៉ូលិស​ចាត់វិធានការ​លើ​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព​

197

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានធ្វើការ​អំពាវនាវ​សា​ជាថ្មី​ទៅដល់​អ្នកធ្វើដំណើរ​ទាំង​​ឡាយ​ជាពិសេស​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់មួក​សុវត្ថិភាព​និង​បាន​បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​អនុវត្ត​ច្បាប់​ទៅលើ​អ្នកជិះ​ម៉ូតូ​ដែល​មិន​ពាក់ មួកសុវត្ថិភាព ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ការ​ថ្លែង​អំពាវនាវ​របស់​សម្តេច​ក្រឡាហោម ស ខេង បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ មហាសន្និបាត​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា អាណត្តិ​ទី​៤ កាលពី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម​បាន​មានប្រសាសន៍​បញ្ជាក់ថា “​ទាក់ទង​លើ​ការងារ​ចរាចរណ៍​នេះ ដែល​កំពុងតែ​មានការ​វិ​វត្ត គួរ​ឲ្យ​មានការ​បារម្ភ ពិសេស​ជិត​ពីរ​ខែ​ចុងក្រោយ​នេះ ដែល​គ្រោះថ្នាក់​ចរាចរ​បាន​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ។​កើន​អ្នកស្លាប់​ជាង​៥០​នាក់​។ គឺថា​ប៉ុន្មាន​ខែ​នេះ​ខ្លាំង​វិញ (​គ្រោះថ្នាក់​ចរាចរ​) ហើយ​អ្នក​ដែល​ជិះ​ម៉ូតូ​អត់​ពាក់មួក​នេះ​។

​ឥឡូវ​ប្រមូលផ្តុំ​ដោះស្រាយ​តែ​រឿង​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​កាលពីមុន​បូកសរុប​ទៅ ៧៨​ភាគរយ អ្នកស្លាប់​ដោយសារ​ម៉ូតូ​អត់​ពាក់មួក ឬ​ដោយសារ​ម៉ូតូ ៧៥​ភាគរយ​។ ឥឡូវ​លេង​ពួក​ម៉ូតូ​បន្តិច​។ មិនមែន​ទៅធ្វើ​បាប​គាត់​ទេ គឺ​តម្រង់​គាត់​ឲ្យ​គាត់​គោរព​ច្បាប់​។​តែបើ​សិន​​ណា​ប៉ូលិស​អនុវត្ត​ច្បាប់​សុំ​មេត្តា​កុំ​ថ្នាំងថ្នាក់ ប្រកាន់​ឥរិយាបទ សុភាពរាបសារ និង​ម៉ឺងម៉ាត់​”​។​

​សូមជម្រាបថា ច្បាប់​ចរាចរណ៍​ជើងគោក​ថ្មី​ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ចុងឆ្នាំ ២០១៤​បាន​បង្កើន​ការផាកពិន័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​​អ្នកបើកបរ​ល្មើសច្បាប់​។

​ច្បាប់​ថ្មី​នេះ​អាចធ្វើ​ឲ្យ​អ្នកបើកបរ​គោរព​ច្បាប់​និង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​។ ចាប់ពី​ច្បាប់​ចរាចរណ៍​ថ្មី​ចូល​ជា​ធរមាន​អ្នកបើក​​បរ​ល្មើសច្បាប់​នឹងត្រូវ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​រាប់ទាំង​ទោស​ជាប់ពន្ធនាគារ​និង​ការផាកពិន័យ​។ ជាក់ស្តែង​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​​នៃ​គ្រឿង​ស្រវឹង​ដែលមាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០ មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់​ឬក៏​ចាប់ពី ០,៨០ ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ នឹងត្រូវ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ពីមួយ​ខែ​ដល់​៦​ខែ​និង​ផាកពិន័យ​ចាប់ពី​៨០​ម៉ឺន​រហូតដល់​៤​លាន​រៀល​។ ​ក្នុងករណី​បង្ក​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​របួស​ឬ​ស្លាប់ ទោស​ជាប់ពន្ធនាគារ​អាច​កើន​ដល់​៥​ឆ្នាំ រីឯ​ប្រាក់​ពិន័យ​អាច​ឡើងដល់ ២៥ លាន​រៀល​ឯណោះ​៕​ដោយៈ មុនី​រ័ត្ន​/sn

​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ (​រូប​ថ​តៈ មុនី​រ័ត្ន​)

​អ្នកជិះ​ម៉ូតូ​អត់​ពាក់មួក​និង​គ្រោះថ្នាក់​ចរាចរណ៍​នាពេល​កន្លងមក (​រូប​ថ​តៈ​ឯកសារ​)