រដ្ឋមន្ត្រី​រំពឹងថា​មាន​ភ្ញៀវទេសចរ​ប្រមាណ​៣០​ម៉ឺន​នាក់​មកលេង​បុណ្យ​សមុទ្រ​ខេត្តកោះកុង​

1381
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​លោក ថោង ខុង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ក្តី​រំពឹងទុក​ជាមុន​ថា ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្តកោះកុង​នឹងមាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចាប់ពី​២៥​ម៉ឺន​ទៅ​៣០​ម៉ឺន​នាក់​។

ដើម្បី​ទាក់ទាញ​កំណើន អ្នកទេសចរ​រាជរដ្ឋាភិបាល​និង​ក្រសួងទេសចរណ៍​ក៏បាន​ជំរុញ​ឱ្យ​អាជ្ញាធរ និង​មន្ទីរជំនាញ​ខេត្តកោះកុង​បង្កើន​ការយកចិត្ត​ទុក​លើ​ការងារ​ជួសជុល​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ឱ្យបាន​ទាន់ពេលវេលា​។​

​និយាយ​ដោយ​មិន​ស្ទាក់ស្ទើរ​ឡើយ​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ពិនិត្យ​ទីតាំង​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៧​លោក​ថោង​ខុង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ប៉ាន់ស្មាន​ជាបឋម​ភ្លាមៗ​អំពី​តួនាទី​ភ្ញៀវទេសចរ​ពី​២៥​ម៉ឺន​នាក់​ទៅ​៣០​ម៉ឺន​នាក់​ដែល​នឹង​មកលេង​កម្សាន្ត​បុណ្យ​សមុទ្រ​ជុំ​ទី​២ នៅ​ខេត្តកោះកុង ចុងឆ្នាំ​២០១៨​នេះ​។

​បើ​ធៀប​នឹង​តួលេខ​កាលពី​ឆ្នាំ​២០១៤​បុណ្យ​សមុទ្រ​ជុំ​ទី​១​គឺមាន​ភ្ញៀវទេសចរ​សរុប​តែ​១០​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ប្រាប់​ពី​មូលហេតុ​អាចមាន​ភ្ញៀវទេសចរ​ច្រើន​បែបនេះ ដោយសារតែ​ខេត្តកោះកុង​ជា​ខេត្ត មួយ​មាន​សក្តានុពល​រមណី​ដ្ឋា​ន​អេកូ​ទេសចរ​ធម្មជាតិ​ជាច្រើន​កន្លែង និង​តំបន់​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ទៀតផង​។​

​ជាក់ស្តែង ជាង​៤​ខែ​ទៀត​ប៉ុណ្ណោះ ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២ សម្រាប់​ខេត្តកោះកុង​នឹង​ចូល​មកដល់ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​លេង​កម្សាន្ត​ច្រើន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏​ជំ​រុញឱ្យ​អាជ្ញាធរ​ខេត្តកោះកុង ចាំបាច់​បង្កើន​ការកែលម្អ​នូវ​សោ​ភ័​ណ្ឌ​បរិស្ថាន​សណ្តាប់ធ្នាប់​ល្អ សេវាកម្ម​ម្ហូបអាហារ​ស្នាក់នៅ និង​ផ្លូវថ្នល់​ធ្វើដំណើរ​អោយ​ស្អាត​។​

​គួរ​បញ្ជាក់ថា បុណ្យ​សមុទ្រ​ចុងឆ្នាំ​២០១៨​នៅ​កោះកុង នឹងធ្វើ​រៀបចំ​រយៈពេល​៣​ថ្ងៃ ដោយ​ប្រព្រឹត្ត​ទៅតាម​ទី​រមណី​ដ្ឋា​ន​កម្សាន្ត​ជាច្រើន​គោលដៅ​ដែល​បាន​កំណត់ទុក​រួចជាស្រេច ដូច្នេះ​អាច​ខុសប្លែក​ពី​កាល​បុណ្យ​សមុទ្រ​ជុំ​ទី​១​។

អ្វី​ដែលជា​ក្តី​ព្រួយបារម្ភ​របស់​រដ្ឋមន្ត្រី​ទេសចរណ៍ គឺ​ស្ថានភាព​ផ្លូវជាតិ​លេខ​៤៨ ដែល​លំបាក​ធ្វើដំណើរ​ទៅមក​បន្តិច ទោះយ៉ាងណា ក្រសួង​សាធារណការ នឹង​ខិតខំ​សហការគ្នា​ព​ន្លឿ​ន​ការជួលជុល​អោយបាន​ទាន់ពេលវេលា​។

​ប៉ុន្តែ​មិន​ធានា​សម្រេច​បានល្អ​១០០​ភាគរយ​ទេ​គឺ​អាស្រ័យ​អាកាសធាតុ​ផ្ទាល់​តែម្តង​។​ទាក់ទិន​នឹង​ការទទួល​រៀបចំ​បុណ្យ​សមុទ្រ​ជុំ​ទី​២ នេះ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង​បានឱ្យដឹងថា អាជ្ញាធរ និង​មន្ត្រី​មន្ទីរជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​របស់​លោកស្រី​បាន​ត្រៀមខ្លួន​ស្វាគមន៍​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ​គ្រប់ទិសទី​។

​តាមរយៈ​ការងារ​កែលម្អ​សោ​ភ័​ណ្ឌ​សួនច្បារ​ផ្លូវថ្នល់​សេវាកម្ម​ស្នាក់នៅ​ហូបចុក​សន្តិសុខ​សណ្តាប់ធ្នាប់​តម្លើង​បង្គោល​ភ្លើង​បំភ្លឺ​ដងផ្លូវ​សំខាន់ៗ​និង​សម្អាត​បរិស្ថាន​តាម​តំបន់ឆ្នេរ​សមុទ្រ​ជាដើម​។​បើ​គ្មានអ្វី​កែប្រែ​ទេនោះ ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ទី​រួម​ខេត្តកោះកុង ពាក់កណ្តាល​ខែធ្នូ ចុងឆ្នាំ​២០១៨​ខាងមុខ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី នឹង​អញ្ជើញ​ជា​អធិបតីភាព​បើក​ដំណើរការ​ពិធីបុណ្យ​សមុទ្រ​ជាមួយនឹង​ភ្ញៀវទេសចរ​។​

​ជា​ផែនការ​កម្ពុជា​ក៏​នឹង​សម្របសម្រួល​ជាមួយ​ភាគី​អាជ្ញាធរ​ថៃ​ផងដែរ​ក្នុង​គោលដៅ​ទាក់ទាញ​បរទេស​អាច​ឆ្លងដែន​មកលេង​កម្សាន្ត​ឱ្យ​កាន់តែច្រើន​ថែមទៀត​៕S/

​រដ្ឋមន្ត្រី​រំពឹងថា​មាន​ភ្ញៀវទេសចរ​ប្រមាណ​៣០​ម៉ឺន​នាក់​មកលេង​បុណ្យ​សមុទ្រ​ខេត្តកោះកុង​