រដ្ឋមន្ត្រី​សង្គម​កិ​ច្ចៈ គោលការណ៍​ពី​សមត្ថភាព​សម្រាប់​សេវា​សង្គម​សំខាន់ ខ្លាំងណាស់​

164
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានលើកឡើង​អំពី​សារសំខាន់ នៃ គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ថា គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា គឺ​ឯកសារ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ជំរុញ​វិស័យ​សង្គមកិច្ច ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​តម្រូវការ​ជាក់ស្តែង​របស់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ។ វា​គឺជា​ឧបករណ៍​វាស់វែង​កម្រិត​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម​លើ​ផ្នែក​សមត្ថភាព គុណ​តម្លៃ និង ក្រមសីលធម៌​វិជ្ជាជីវៈ ដែល ជា តម្រូវការ​ចាំបាច់​ក្នុងការ​អនុវត្ត​ការងារ​សង្គមកិច្ច​គ្រប់​កម្រិត ស្របតាម បទដ្ឋាន​កំណត់ ត្រឹមត្រូវ ។​


​លោក វង សូត មានប្រសាសន៍​ប្រកបដោយ​សុទិដ្ឋិនិយម​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ ពិធី​ប្រកាស​ដាក់ ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា នា​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២០ នេះ​។​


​គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា នេះ កើតឡើង​ពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​ក្រសួង​សង្គមកិច្ច ស្ថាប័ន អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ អន្តរជាតិ​នានា ជាពិសេស អង្គការ Save the Children និង អង្គការ UNICEF ។​


​សម្រាប់​ប្រទេស​កម្ពុជា កម្លាំង​សេវា​សង្គម គឺជា​វិជ្ជាជីវៈ​ថ្មី​នៅឡើយ បើ​ធៀប​ទៅនឹង​ប្រទេស​នៅក្នុង​តំបន់ ប៉ុន្តែ​ការងារ​នេះ​ត្រូវបាន​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​រួចហើយ តាមរយៈ​សេវា​សង្គម​ដែល​បាន​កំពុង​បម្រើ និង ផ្តល់ឱ្យ​ជនរងគ្រោះ និង ងាយ​រងគ្រោះ ដែល​កំពុង​ជួប​ការលំបាក​ផ្សេងៗ រួមទាំង​ការ​លំ​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្នែក​សេដ្ឋកិច្ច​ជាដើម​។​


​ក្រសួង​សង្គមកិច្ច ទទួលស្គាល់​ពី​តម្រូវការ នៃ ការអភិវឌ្ឍ​វិជ្ជាជីវៈ​សង្គមកិច្ច និង​បានដាក់​បញ្ចូល​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​សង្គមកិច្ច ២០១៩-២០២៣ ដែល​នោះ​គឺ​ស្របទៅនឹង​ទិស​ស្លោក​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៦ នេះ ថា គ្មាន​នរណាម្នាក់ ត្រូវបាន​បំភ្លេចចោល ។​


​លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច មានប្រសាសន៍ថា គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី ពង្រឹងសមត្ថភាព​កម្លាំង​សេវា​សង្គម​ក្នុង​ក្របខណ្ឌ​ជាតិ អង្គការ មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ស្រប​នឹង​ការអភិវឌ្ឍ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​-​សង្គម នាពេល​បច្ចុប្បន្ន សំដៅ​លើកកម្ពស់​ការផ្តល់​សេវា​សង្គម​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​។​


​គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម នេះ ត្រូវបាន​រៀបចំឡើង​តាម​វិធីសាស្ត្រ​បែប​ចូលរួម ដោយមាន​ការពិនិត្យ និង​ស្រាវជ្រាវ​លើ​ឯកសារ​នានា​ដែលមាន​ស្រាប់​នៅ​ថ្នាក់​សកល ថ្នាក់​តំបន់ និង​ថ្នាក់ជាតិ ហើយ​មានការ​ចូលរួម​ផ្តល់យោបល់​ពី​អ្នកអនុវត្ត​ការងារ​ផ្ទាល់​ក្នុង​វិស័យនេះ និង​ពី​ក្រុមការងារ​ពិគ្រោះ​យោបល់​ពហុ​វិស័យ​មកពី​ក្រសួងមហាផ្ទៃ ក្រសួង​កិច្ចការនារី សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច អង្គការ Save the Children និង​អង្គការ​ដៃគូ​នៃ គម្រោង​ថែទាំ​កុមារ​ក្នុង​គ្រួសារ​ជា​អាទិភាព​ចម្បង និង​ឆ្លើយតប​ដោយ​ប្រសិទ្ធភាព​លើ​ប្រព័ន្ធ​សុខុមាលភាព​កុមារ ៕ Kh

លោក វង សូត ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម​នៅ​កម្ពុជា ( រូបៈ មេសា )
ពិធី​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គោលការណ៍​ណែនាំ​ស្តីពី​សមត្ថភាព​មូលដ្ឋាន​សម្រាប់​កម្លាំង​សេវា​សង្គម ( រូបៈ មេសា )