រដ្ឋមន្ត្រី​សង្គម​កិ​ច្ចៈ សូមឱ្យ​ប្រាកដថា​ការផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ប្រសិទ្ធភាព​

62
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​នឹង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ ថា រាជរដ្ឋាភិបាល មាន​ឆន្ទៈ​យ៉ាងពិត​ប្រាកដ​ក្នុងការ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ ហេតុនេះ អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​ធ្វើការ​ងារ​នេះ​ឱ្យ​ច្បាស់លាស់​ប្រាកដប្រជា ឱ្យមាន​ប្រសិទ្ធភាព ពោលគឺ​ធ្វើយ៉ាងណា​ឱ្យ​ការផ្តល់​សាច់ប្រាក់​នោះ បាន​ទៅដល់​ស្ត្រី​ក្រីក្រ​ពិតប្រាកដ ចៀសវាង​ឱ្យបាន​នូវ​ភាពលម្អៀង​ណាមួយ ចូរ​កុំ​ប្រកាន់​និ​ន្ន​ការ​បក្សពួក ឬ គ្រួសារ និង សាច់ញាតិ​និយម​ជាដើម


​លោក វង សូត ថ្លែង​យ៉ាងទទូច និង ម្តង​ហើយ​ម្តងទៀត​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ចុងក្រោយ​មុននឹង​ចាប់ផ្តើម​អនុវត្ត​បន្ត នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ ដែល​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅឯ​ក្រសួង​សង្គមកិច្ច នា​ព្រឹក​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ នេះ ។​


​លោក តូច ចាន់នី អគ្គនាយក នៃ អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច ដែលជា​មន្ត្រី​ដ៏​សំខាន់​ម្នាក់​ក្នុងការ​សម្រប​សម្រួលកា​រងារ​ផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​នេះ ក៏មាន​ក្តីបារម្ភ​ដូច​លោក វង សូត ដែរ ហើយ​ស្តែង​ចេញពី​ក្តីបារម្ភ​នេះ លោក តូច ចាន់នី បានឱ្យដឹងថា ក្រុមការងារ​បានរៀបចំ​យន្តការ​មួយចំនួន​សម្រាប់​តាមដាន​ការអនុវត្ត ដើម្បី ធានា​នូវ​ប្រសិទ្ធភាព ចំ​គោលដៅ និង ចៀសវាង​ភាព​គ្រួសារ សាច់ញាតិ​និយម​នេះ​ជាដើម ។


​លោក តូច ចាន់នី បាន​បន្ថែមថា យន្តការ​ទី ១ គឺ​ក្រុមការងារ​បច្ចេកទេស​ស​ម្រា​ប់​តាមដាន​ការអនុវត្ត , ទី ២. ក្រុម​ជន​បង្គោល​ផ្នែក​សង្គមកិច្ច​នៅតាម​បណ្តា​រាជធានី ខេត្ត និង ទី ៣. ក្រុមប្រឹក្សា​ស្ត្រី និង កុមារ ក៏​ជា​អ្នកតាមដាន​មន្ត្រីឃុំ​សង្កាត់​ដែលជា​អ្នកអនុវត្ត​ការងារ​នេះ​ផ្ទាល់ ប្រសិនបើ​ឃើញថា មន្ត្រី​អនុវត្ត​ទាំងនោះ​មាន​ភាព​ល្អៀង​ដោយ​ប្រការ​ណាមួយ​នោះ ក្រុមការងារ​ទាំងនោះ នឹង​តម្រែតម្រង់ ហើយ​ប្រសិនបើ​ខ្វះ​សមត្ថភាព​ចំណុច​ណាមួយ ក៏​នឹង​ជួយ​បំពេញបន្ថែម​ភ្លាម​ដែរ ។


​ដើម្បី សម្រេចបាន​គោលដៅ​ធ្វើឱ្យ​កម្ពុជា មាន​ចំណូល​មធ្យ​នៅ​ឆ្នាំ ២០៣០ និង មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ សំដៅ​កសាង​មូលធន​មនុស្ស តាមរយៈ​លើកទឹកចិត្ត​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ទៅពិនិត្យ​ផ្ទៃពោះ និង សុខភាព​ទារក​ឱ្យបាន​ទៀងទាត់ ហើយ​ពេល​សម្រាល ក៏ត្រូវ​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ដែរ ចៀសវាង​ទៅ​សម្រាល​នៅ​កន្លែង​ណា​ផ្សេង​ដែល​មិនមាន​វិជ្ជាជីវៈ​ច្បាស់លាស់ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដល់​ម្តាយ និង ទារក ហើយ​រាល់​ការពិនិត្យ និង សម្រាល​នោះ​ទៀតសោត គឺ​ស្ត្រី​ទាំងនោះ មិន​តម្រូវឱ្យ​ចំណាយ​ថវិកា​អ្វី​ឡើយ ដែល​ប្រការនេះ​គេ​អាច​និយាយ​ម្យ៉ាង​ទៀតថា ពួកគាត់​មិន​ត្រឹមតែ​មិន​ចំណាយ​ថវិកា​ឡើយ ហើយក៏​ថែមទាំង​ទទួលបាន​លុយ​ទៀតផង ព្រោះ​រាល់ពេល​ទៅពិនិត្យ​សុខភាព និង ទៅ​សម្រាល​នោះ ពួកគាត់​ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ពី​កម្មវិធី​ខាងលើ​ហើយ​ប្រាក់​ទាំងនោះ គឺ​ពួកគេ​ទទួលបាន​តាមរយៈ​គណ​នេ​យ្យ​ធនាគារ​វី​ង គឺ​មិនមែន​បើក​ពី​មន្ត្រី​ណា​ម្នាក់​ឡើយ ។​


​កម្មវិធី​នេះ ត្រូវបាន​ដឹកនាំ​អនុវត្ត​ដោយ​ក្រសួងសុខាភិបាល​ចាប់ពី​ខែ មិថុនា ឆ្នាំ ២០១៩ ហើយ ដើម្បី ពង្រីក​វិសាលភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​គ្របដណ្តប់​ទូទាំងប្រទេស កម្មវិធី​នេះ​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលមាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម ជា​អ្នកដឹកនាំ​អនុវត្ត​ផ្ទាល់​ចាប់ពី​ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០ នេះ​តទៅ ។​


​ដើម្បីឱ្យ​ស្ត្រី និង កុមារ​ក្នុង​គ្រួសារ​ក្រីក្រ​គ្រប់​ច្រកល្ហក​នៅ​ទូទាំងប្រទេស​ទទួលបាន​ផលប្រយោជន៍​ពី​កម្មវិធី​នេះ នាយកដ្ឋាន​សុខុមាលភាព​សង្គម ដែលជា​អ្នកដឹកនាំ​អនុវត្ត​កម្មវិធី​នេះ​ផ្ទាល់ បាន​បណ្តុះបណ្តាល​មន្ត្រី និង ជន​បង្គោល គ្រប់​រាជធានី ខេត្ត និង ឃុំ សង្កាត់ ទូទាំងប្រទេស ជាង ៨ ពាន់​នាក់ បំពាក់ និង ដំឡើង​ប្រព័ន្ធ​បច្ចេកវិទ្យា​គ្រប់គ្រង​ព័ត៌មាន និង ផ្តល់​ប្លេ​ត ជាង ១.៧០០ គ្រឿង ។​


​ក្រសួង​ចំនួន ៥ ដែល​ពាក់ព័ន្ធ​នឹង​កម្មវិធី​នេះ គឺ​ក្រសួង​សង្គមកិច្ច​ដែលជា​សាមីក្រសួង ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងផែនការ និង ក្រសួង​សេដ្ឋកិច្ច ហើយ​ស្ត្រី​ក្នុង​គ្រួសារ​ក្រីក្រ​ដែលមាន​ប័ណ្ណ​សមធម៌​អាច​ទៅ​ទទួលយក​ការឧបត្ថម្ភ​សាច់ប្រាក់​នេះ​នៅ​មណ្ឌល​សុខភាព ចំណែក​ស្ត្រី​ដែល​គិតថា​ខ្លួនឯង​ក្រីក្រ ប៉ុន្តែ​មិនទាន់មាន​ប័ណ្ណ​សមធម៌ អាច​ទៅ​ទំនាក់ទំនង​នៅ ឃុំ សង្កាត់​របស់ខ្លួន ៕ Kh

លោក វង សូត ថ្លែង​នៅក្នុង​កិច្ចប្រជុំ នៃ ការផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​ក្រោម​អាយុ ២ ឆ្នាំ ( រូបៈ មេសា )
​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការផ្តល់​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ​អាយុ​ក្រោម ២ ឆ្នាំ ( រូបៈ មេសា )