រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាម៉េរិក​លោកស្រី កឺ​ស្ទា​ន នី​ល​សុន លាលែង​ពី​តំណែង ចំពេល​លោក​ត្រាំ​ផ្ទុះ​កំហឹង​រឿង​ព្រំដែន​

366
ចែករម្លែក

​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាម៉េរិក​ លោកស្រី កឺ​ស្ទា​ន នី​ល​សុន (Kirstjen Nielsen) ដែល​មើល​ការខុសត្រូវ​លើ​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​ល្វីង​ជូរចត់​ជាមួយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក្នុងអំឡុងពេល​កាន់តំណែង​រយៈពេល ១៦ ខែ​ដ៏​ច្របូកច្របល់​របស់លោក​ស្រី បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ​ទី ៧ ខែមេសា ចំពេល​មានការ​កើនឡើង​នៃ​ចំនួន​ជនអន្តោប្រវេសន៍​នៅតាម​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក​។​

​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ម្នាក់​បាន​និយាយថា លោក​ត្រាំ​បានស្នើ​សុំឱ្យ​លោកស្រី​នី​ល​សុន​ លាលែង​ពី​តំណែង ហើយ​លោកស្រី​ក៏​ធ្វើតាម​សំណើ​តែម្តង​។​

​លោក​ត្រាំ​បាន​សរសេរ​នៅលើ Twitter ថា “​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាម៉េរិក​លោកស្រី កឺ​ស្ទា​ន នី​ល​សុន នឹង​ចាក​ចេញពី​តំណែង​របស់​លោកស្រី ហើយ​ខ្ញុំ​សូម​អរគុណ​លោកស្រី​សម្រាប់​ការបម្រើ​របស់លោក​ស្រី​”​។​

​លោក​បាន​បន្ថែមថា លោក​ខេ​វិ​ន ម៉ាក អា​លី​ណាន់ (Kevin McAleenan) ស្នងការ​ផ្នែក​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋអាម៉េរិក នឹង​ក្លាយជា​រដ្ឋមន្ត្រី​ស្តីទី​។​

​ការចាកចេញ​ពី​តំណែង​របស់លោក​ស្រី​នី​ល​សុន​ ត្រូវបាន​រាយការណ៍​មុនគេ​ដោយ​ទូរទស្សន៍ CBS News ។​

​ការលាលែង​ពី​តំណែង​របស់​លោកស្រី​គឺជា​ការចាកចេញ​ដ៏​ល្បី​លេចធ្លោ​ចុងក្រោយ​បំផុត​ពី​រដ្ឋបាល​ត្រាំ និង​បន្សល់ទុក​ស្ត្រី​ត្រឹម​បួន​នាក់​ប៉ុណ្ណោះ​នៅក្នុង​ខុទ្ទកាល័យ​របស់លោក​ត្រាំ​។ ក្នុងចំណោម​អ្នកដទៃ​ទៀត បច្ចុប្បន្ន​លោក​ត្រាំ​កំពុង​ខ្វះ​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​នៃ​ក្រសួងការពារជាតិ ឬ នាយអគ្គសេនាធិការ​។​

​នៅក្នុង​លិខិត​លាលែង​របស់​លោកស្រី លោកស្រី​នី​ល​សុន​អាយុ ៤៦ ឆ្នាំ​បានស្នើ​សុំឱ្យ​មាន​ចំណាត់ការ​បន្ថែម​ពី​សភា​និង​តុលាការ ដែល​បាន​ជំទាស់​នឹង​គំនិត​ផ្តួចផ្តើម​ជាច្រើន​របស់​រដ្ឋបាល​លោក​ត្រាំ រួមមាន​ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​ការដាក់កំហិត​លើ​អន្តោប្រវេសន៍​ពី​ប្រជាជាតិ​មូស្លីម​និង​ការ​បំបែក​ក្មេងៗ​ចេញពី​គ្រួសារ​របស់​ពួកគេ​។​

​លោកស្រី​បាន​សរសេរ​ទៅ​លោក​ត្រាំ​ថា “​ខ្ញុំ​សង្ឃឹមថា​រដ្ឋមន្ត្រី​ថ្មី​នឹងមាន​ការគាំទ្រ​ពី​សភា​និង​តុលាការ​ក្នុងការ​កែតម្រូវ​ច្បាប់​ដែល​បាន​បង្អាក់​ដល់​សមត្ថភាព​របស់​យើង​ក្នុង​ការធានា​សន្តិសុខ​ឱ្យបាន​ពេញលេញ​នៅ​ព្រំដែន​របស់​អាម៉េរិក និង ដែល​បានរួម​ចំណែក​ដល់​ការមិនចុះសម្រុង​គ្នា​នៅក្នុង​ការសន្ទនា​របស់​ប្រជាជាតិ​យើង​”​។​

​លោកស្រី​នី​ល​សុន​បាន​ចូលរួម​ជាមួយ​រដ្ឋបាល​ត្រាំ​នៅ​ខែមករា​ឆ្នាំ ២០១៧ ក្នុងនាម​ជា​ជំនួយការ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​ដំបូង លោក​ច​ន ខេ​ល​លី​។ នៅពេល​លោក​ខេ​ល​លី​ផ្លាស់​ទៅ​សេត​វិមាន​ក្នុងនាម​ជា​នាយអគ្គសេនាធិការ​រ​បស់​លោក​ត្រាំ​នៅ​ខែកក្កដា​ឆ្នាំ ២០១៧ លោកស្រី​នី​ល​សុន​បាន​ទៅ​សេត​វិមាន​ជាមួយ​គាត់​ក្នុងនាម​ជា​នាយសេនាធិការរង​។​

​ប៉ុន្តែ​នៅ​ខែតុលា លោកស្រី​បាន​ត្រឡប់មក​ក្រសួង​សន្តិសុខ​មាតុភូមិ​វិញ​ក្នុងនាម​ជា​រដ្ឋមន្ត្រី​របស់​ក្រសួង​នេះ​តែម្តង​៕ ដោយ៖ កញ្ញាដាលីស/Ha

រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​អាម៉េរិក​លោកស្រី កឺ​ស្ទា​ន នី​ល​សុន បានប្រកាស​លាលែង​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ