រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូនេស៊ី​ត្រូវ​ភេរវករចាក់​អោយ​របួសធ្ងន់​

248
ចែករម្លែក

​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំបិត​បាន​វាយប្រហារ​លើ​រដ្ឋមន្ត្រី​សន្តិសុខ​ឥណ្ឌូនេស៊ី​លោក វី​រ៉ា​ន់​តូ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​តុលា ក្នុងអំឡុងពេល​លោក​ចុះ​ទៅ​ទីប្រជុំជន​មួយ​នៅ​លើ​​កោះ​ជ្វា ដោយ​បណ្តាល​អោយ​លោក​រដ្ឋមន្ត្រី​និង​មនុស្ស​៣​នាក់​ទៀត​រងរបួស​។​

​រូប​ទូរទស្សន៍​បង្ហាញ​លោក​រដ្ឋមន្ត្រី​ដួល​ទៅ​នឹង​ដី​ជិត​រថយន្ត​របស់​លោក ក្រោយ​ការវាយប្រហារ​នៅ​ក្រុង ប៉ាន់​ដេក​ឡា​អ ក្នុង​ខេត្ត បាន់​តេន ហើយ​មន្ត្រី​សន្តិសុខ​បាន​ចាប់​បុរស​​ម្នាក់​និង​ស្ត្រី​ម្នាក់​ផ្តួល​ទៅណឹង​ដី​។​

​អ្នកនាំពាក្យ​ប៉ូលិស​បាន​និយាយថា «​មាន​គេ​ដើរ​សំដៅ​មក​និង​វាយប្រហា​រលោក​។​សំរាប់​ពេលនេះ ប៉ូលិស​សង្ស័យ​ថា​ជន​វាយប្រហារ​ទំនងជា​មាន​គំនិត​ជ្រុលនិយម​របស់​ក្រុម​រដ្ឋ​អ៊ី​​ស្លាម ហើយ​ស្ត្រី​ម្នាក់​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​»​។​

​យោង​តាម​អ្នកនាំពាក្យ​មន្ទីរពេទ្យ អតីត​ឧត្តមសេនីយ៍​រូបនេះ «​រងរបួស​ជ្រៅ​២​កន្លែង​»​នៅត្រង់​ពោះ​​តែ​ស្ថានភាព​នឹងនរ​ទេ​។​លោក​ត្រូវបាន​ដឹក​តាម​ឧទ្ធម្ភាគចក្រ​មក​​កាន់​មន្ទីរពេទ្យ​ក្រុង​ហ្សា​ការតា​។​

​ជនរងគ្រោះ​៣​នាក់​ទៀត រួម​មាន​ម៉េប៉ូលិស​តំបន់​និង​ជំនួយកា​ររបស់​លោក​២​នាក់ តែ​ពួកគេ​មិន​រងរបួស​ដែល​គំរាម​ដល់​ជីវិត​ទេ​។​

​វី​រ៉ា​ន់​តូ អាយុ​៧២​ឆ្នាំ បាន​ទៅ​កាន់​តំបន់​នេះ​ដើម្បី​បើក​សម្ពោធ​អាគារ​ថ្មី​នៅ​សកល​វិទ្យាល័យ​មួយ​ហើយ​ប្រជាជន​មូលដ្ឋាន​កំពុង​ឈរ​រង់ចាំ​ទទួល​លោក ចាប់​ដៃ​និង​ថត​សែ​ល​ហ្វី​ជា​​មួយ​លោក​នៅពេល​ការវាយប្រហារ​កើតឡើង​។​

​ជនសង្ស័យ​ឈ្មោះ​ស្យា​រី​ល អា​ឡា​មយ៉ា និង​ហ្វី​ទ្រី អាន់ឌ្រៀ​ណា តែ​គេ​មិនដឹងថា​តើ​ពួកគេ​ជា​សមាជិក​ក្រុម​ជ្រុលនិយម​ណាមួយ​ដែល​មាន​ស្វាមីភក្តិ​ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​ឥ​ណ្ឌូ​​នេ​ស៊ី​។​

​កាលពី​ខែ​ឧសភា លោក​វី​រ៉ា​ន់​តូ និង​មន្ត្រីជាន់ខ្ពស់​៣​នាក់​ទៀត​ក៏​ជា​គោលដៅ​នៃ​ការធ្វើឃាត​មិនបាន​សំរេច​មួយ​ផងដែរ ៕​ប្រែសម្រួល៖វាសនា

លោក​វី​រ៉ា​ន់​តូ ត្រូវបាន​ជម្លៀស​តាម​គ្រែស្នែង​ចូល​ឧទ្ធម្ភាគចក្រ​ក្រោយ​ត្រូវ​បាន​វាយប្រហារ​កាលពី​ថ្ងៃ​១០​តុលា