រដ្ឋមន្ត្រី​អប់រំៈ ទិវា​អំ​ណាន​ជាតិ​ឆ្នាំនេះ​នឹងមាន​អ្នកចូលរួម​យ៉ាងហោចណាស់ ៣ ម៉ឺន​នាក់​

428
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា បាន​មានប្រសាសន៍​អំពី​វិស័យ​អំ​ណាន​នៅ​កម្ពុជា ថា វិស័យ​អំ​ណាន​នៅ​កម្ពុជា​រយៈពេល ៤ ឆ្នាំ​ចុង​ក្រោយនេះ មាន​សម្ទុះ​យ៉ាងខ្លាំង ! ដោយសារ​ចំនួន​អ្នកចូលរួម​ក្នុង​ពិធី​ពិ​ព័រ​ណ៌​សៀវភៅ​ជាតិ ក៏ដូចជា ទិវា​អំ​ណាន​ជាតិ បាន​កើនឡើង​យ៉ាងគំហុក គឺ​ពេលដែល​យើង​ធ្វើ​លើកដំបូង​កាលពី​ឆ្នាំ ២០១៤ មាន​អ្នកចូលរួម​ត្រឹមតែ​ប្រមាណ​ជា ៧ ពាន់​នាក់​ប៉ុណ្ណោះ ។ លុះ ទិវា​អំ​ណាន​ជាតិ កាលពី​ឆ្នាំទៅ​ម៉ិ​ញ មាន​អ្នកចូលរួម​ដល់​ទៅ​ជាង ៣ ម៉ឺន​នាក់​ឯណោះ ។ ឆ្នាំនេះ យើង​រៀបចំ​បានល្អ​ជាង​ឆ្នាំមុនៗ ព្រោះ​យើង​មានបទពិសោធន៍ មាន​ពេលវេលា​ច្រើនជាង​ឆ្នាំមុនៗ មាន​ធនធាន​ច្រើនជាង​ឆ្នាំមុនៗ មាន​ទាំង​យុវជន​ស្ម័គ្រចិត្ត និង ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​ជាង​បណ្តា​ឆ្នាំមុនៗ ។ ហេតុនេះ ខ្ញុំ​ជឿថា ទិវា​អំ​ណាន​ជាតិ​ឆ្នាំនេះ នឹងមាន​មនុស្ស​ចូលរួម​មិនតិចជាង ៣ ម៉ឺន​នាក់​ឡើយ


​លោក ហង់ ជួនណា​រ៉ុ​ន ព្យាករណ៍​ប្រក​ដោយ​សុ​ទិដ្ឋិ​និយាម​បែបនេះ នាឱកាស​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ ស្តីពី​ទិវា​អំ​ណាន​ជាតិ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ៩ ដល់​ថ្ងៃទី ១១ ខែ មីនា នេះ នៅឯ​វិទ្យាស្ថាន​បច្ចេកវិជ្ជា​កម្ពុជា ហៅ​កាត់​ថា តិច​ណូ ក្រោម​ប្រធានបទ ការអាន​បណ្តុះ​វប្បធម៌ ការសិក្សា​ពេញ​មួយជីវិត ។​


​ជាការ​កត់សម្គាល់ នៅក្នុង​ពិធី​ពិ​ព័រ​ណ៌​សៀវភៅ​ជាតិ កាលពី​ចុង ឆ្នាំ ២០១៨ កន្លងទៅ មាន​អ្នកចូលរួម​ដល់​ទៅ​ជាង ១០ ម៉ឺន​នាក់ គឺ​កើនឡើង ៣ ដង បើ​ធៀប​ទៅនឹង​កាលពី​ឆ្នាំ ២០១៧ ដែល​បានសេចក្តីថា វិស័យ​អំ​ណាន​នៅ​កម្ពុជា ពិតជា​មា​នស​ម្ទុំ​ខ្លាំងក្លា​ពិតមែន ។​


​ទោះយ៉ាងណា វិស័យ​អំ​ណាន​មាន​សម្ទុះ​ខ្លាំង​នៅក្នុង​ចំណោម​យុវជន​ប៉ុណ្ណោះ ហើយ​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​កត់សម្គាល់ថា យុវជន​ទាំងនោះ​ភាគច្រើន​អាន​សំណេរ​ជា​ភាសាបរទេស ដែល​ទិដ្ឋភាព​នេះ បានសេចក្តីថា បើទោះជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​បោះពុម្ព​សៀវភៅ​ជា​ភាសាជាតិ​ល្អៗ​ច្រើន​គួរឱ្យកត់សម្គាល់​ហើយ​ក្តី ក៏​នៅតែ​មិនទាន់​អាច​ទាក់ទាញ ឬ បម្រើ​សេចក្តីត្រូវការ​របស់​អ្នកអាន​នៅ​កម្ពុជា​បាន​នៅឡើយ ឬ អាច​និយាយ​ម្យ៉ាង​ទៀតថា គេ​ត្រូវ​បង្កើន​សមត្ថភាព និង គុណភាព​ស្រាវជ្រាវ​ចងក្រង​សៀវភៅ​ជា​ភាសាជាតិ ឱ្យ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី លើកកម្ពស់​វិស័យ​អំ​ណាន​ផង អភិរក្ស​អក្សរសាស្ត្រ និង ភាសាជាតិ ផង ។​


​តាមពិតទៅ ការអាន​របស់​យុវជន​ច្រើន ហើយ​ភាគច្រើន​ជា​ភាសាបរទេស ត្រូវបាន​គេ​មើលឃើញថា គឺ​ដោយសារ​វា​ជា​ផ្នែក​មួយ នៃ ការសិក្សា​របស់​ពួកគេ ព្រោះ​ពួកគេ​ត្រូវ​ការធ្វើ​កិច្ច​សាលា​ជា​ភាសាបរទេស ។​


​ទោះ​យ៉ាងនេះ​ក្តី ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី ហង់ ជួនណា​រ៉ុ​ន អំពី​ការបង្កើន​កិច្ចការ​ស្រាវជ្រាវ ចងក្រង និង គុណភាព​សៀវភៅ​ជា​ភាសាជាតិ គឺ​ពិតជា​អ្វីដែល​គេ​ត្រូវតែ​ធ្វើជា​បន្តបន្ទាប់​មិនអាច​បន្ធូរបន្ថយ​បានឡើយ ៕ Kh

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ពេល​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នកសារព័ត៌មាន ( រូបៈ មេសា )