រដ្ឋមន្ត្រី​អាមេរិក​ថា អាមេរិក​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​នៅពេល​ការយកពន្ធ​លើ​ទំនិញ​ចិន​២០០​ពាន់​លាន​ចាប់ផ្តើម​

1726

​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ម៉ៃ ផ​ម​ផេ​វ បាន​និយាយថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ “​ចូលចិត្ត​”​សម​ភាគី​ចិន​លោក ស៊ី ជីន​ពីង ខ្លាំងណាស់ តែ​ថា លោក​ប្រ​ធានា​​ធិបតី​នឹង​ជំរុញ​គោលនយោបាយ​ដែល​”​កម្មករ​អាមេរិក​សម​នឹង​ទទួល​”​។​

​នៅ​មួយថ្ងៃ​គត់​មុន​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​យកពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​ដុល្លារ លោក​ផ​ម​ផេ​វ​បាន​ប្តេជ្ញា​ថា​អាមេរិក​នឹង​ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​​ចិន ។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​Fox News កាលពី​ថ្ងៃអាទិត្យ​ទី​២៣​កញ្ញា ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បាន​និយាយថា​”​យើង​នឹង​ឈ្នះ​វា​។​យើង​នឹង​ទទួលបាន​​លទ្ធផល​មួយ​ដែល​បង្ខំ​អោយ​ចិន​ប្រព្រឹត្ត​ក្នុង​ផ្លូវ​មួយ​ដែល គឺថា ៖​បើ​អ្នក​ចង់​ធ្វើជា​មហាអំណាច​មួយ មហាអំណាច​ពិភពលោក អ្នក​ត្រូវមាន​តម្លាភាព មាន​នីតិរដ្ឋ អ្នក​មិន​​ត្រូវ​លួច​ទ្រព្យ​កម្មសិទ្ធិបញ្ញា​”​។​

​តាំងពី​មុន​លោក​ត្រាំ​ជាប់ឆ្នោត​ម្ល៉េះ សហរដ្ឋអាមេរិក​បាន​ត្អូញត្អែរ​ជាខ្លាំង​ថា ចិន​មិនមាន​យុត្តិធម៌​ចំពោះ​បណ្តា​ស្ថាប័ន​ជំនួញ​អាមេរិក និង​បាន​លួច​បច្ចេកវិទ្យា​អាមេរិក​​តាមរយៈ​បង្ខំ​អោយ​បណ្តា​ក្រុមហ៊ុន​បង្ហាញ​ការសម្ងាត់ ជា​លក្ខខណ្ឌ​ដើម្បី​អាចធ្វើ​ការរកស៊ី​នៅក្នុង​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចំរើន​បំផុត​នៅ​អាស៊ី​មួយ​នេះ​។​

​តែ​លោក​ត្រាំ បាន​ប្រកាន់​គោលជំហរ​តឹងតែង​ឡើង​អំពី​ពាណិជ្ជកម្ម​នៅ​ជុំវិញ​ពិភពលោក ដោយ​ការយកពន្ធ​ខ្ពស់​ត្រូវ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ចន្ទ​ទី​២៤​កញ្ញា​នេះ​លើ​ទំនិញ​​ចិន​តំលៃ​២០០​ពាន់​លាន​ដែល​នាំចូល​អាមេរិក​។​

​ចិន​បាន​វាយបក​វិញ តែ​ស្រាល​ជាង​អាមេរិក​ដោយ​ប្រកាស​យកពន្ធ​លើ​ទំនិញ​នាំចូល​អាមេរិក​តំលៃ​៦០​ពាន់​លាន បន្ទាប់ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​​លើ​លោក បាន​វាយ​ពន្ធ​លើ​ទំនិញ​តំលៃ​៥០​ពាន់​លាន​ទៅវិញទៅមក​រួចហើយ នៅពេល​ភាគី​ទាំងពីរ​គ្មាន​មួយណា​បង្ហាញ​ការសម្របសម្រួល​សោះ​។​

​ពួក​អ្នកសេដ្ឋកិច្ច​ព្រមាន​ថា ជម្លោះ​អូសបន្លាយ​ណាមួយ​នៅ​ទីបំផុត​មិន​ត្រឹមតែ​រារាំង​កំណើន​នៅ​អាមេរិក​និង​ចិន​ប៉ុណ្ណោះ​ទេ តែ​ប៉ះពាល់​ទូទាំង​ពិភពលោក​។​ការព្រួយបារម្ភ​អំពី​ការប្រឈមមុខគ្នា​នេះ បានធ្វើអោយ​ជ្រួលច្របល់​ផ្សារ​ហិរញ្ញវត្ថុ​រួច​បាត់ទៅហើយ​។​

​គេ​មិន​ច្បាស់​ថា​តើ​ភាគី​ទាំងពីរ​នឹង​បន្ត​ការចរចា​ពាណិជ្ជកម្ម​នៅពេលណា​។​កិច្ចពិភាក្សា​នៅ​ក្រុង​វ៉ាស៊ីនតោន​កាលពី​សប្តាហ៍​មុន មិនបាន​ផ្តល់​ការរីកចំរើន​ដ៏​មានន័យ​ទេ និង​​ការ​វាយ​ពន្ធ​ដាក់គ្នា​ជុំ​ចុងក្រោយ​នេះ​ជះ​ការ​មន្ទិល​អំពី​ថា​តើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ទទួលយក​ការអញ្ជើញ​របស់​រដ្ឋមន្ត្រី​រតនាគារ​អាមេរិក​អោយ​មន្ត្រី​ចិន​ទៅ​ទស្សនកិច្ច​​ក្រុង​វ៉ាស៊ីនតោន ឬ​ធ្វើ​កិច្ចពិភាក្សា​បន្ថែមទៀត​នៅ​ខែ​នេះ​៕​ដោយ​៖​វាសនា​

​អាមេរិក​យកពន្ធ​លើ​ទំនិញ​ចិន​តំលៃ​២០០​ពាន់​លាន​និង​ចិន​សងសឹក​ជាមួយនឹង​ការយកពន្ធ​លើ​ទំនិញ​អាមេរិក​៦០​ពាន់​លាន​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​កញ្ញា​