រដ្ឋមន្ត្រី​អះអាងថា​ទឹកជំនន់​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​ទេ​

1142
ចែករម្លែក

ដោយ​:​ច្រាយ ចំណាន​/​ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​អះអាងថា ទឹកជំនន់​ទឹកភ្លៀង និង​ជំនន់​ទន្លេមេគង្គ មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណាំ​កសិកម្ម​នោះទេ ផ្ទុយទៅវិញ​ការដាំដុះ​ដំណាំ​កសិកម្ម និង​ក​សិ ឧស្សា​ហ​កម្ម​ភាពប្រសើរ​ជាង​ឆ្នាំមុន​។​

ទឹកជំនន់លិចស្រូវនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ(រូបធនធានទឹក)

​ ​លោក​វេ​ង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២ សីហា​នេះ​ថា ផ្ទៃដី​កសិកម្ម​ទំហំ​១៨.០០០​ហិកតា​បាន​រង​ផលប៉ះពាល់ ប៉ុន្តែ​ខូចខាត​តែ​ជាង​៣.០០០​ហិកតា​ប៉ុណ្ណោះ​។ ក្នុងនោះ​ខេត្តក្រចេះ​ខូចខាត​ដំណាំ​ស្រូវ​ទំហំ​៨៥៨​ហិកតា ខេត្តស្ទឹងត្រែង​បាន​ប៉ះពាល់​ជាង​១០០​ហិកតា និង​ខេត្ត​ត្បូងឃ្មុំ​បាន​រង​ផលប៉ះពាល់​៤៨៨​ហិកតា​។​លោក​បន្តថា ក្រៅពីនេះ​ដំណាំ​រួមផ្សំ​មួយចំនួន​ក៏បាន​រង​ផលប៉ះពាល់​ផងដែរ ប៉ុន្តែ​ស្ថានភាព​ជាទូទៅ​មិនមាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះទេ​។​

​ ​លោក​បន្តថា “​អ្វីៗ​មិនមាន​ភាព​ធ្ងន់ធ្ងរ​ទេ ព្រោះ​យើង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ស្តារឡើងវិញ ក្រោយ​ទឹក​ជំនន់ ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​រហូត​ទឹកជំនន់​ឈប់​ហក់​ឡើង ព្រោះ​ទឹក​ត្រូវ​ហក់​ឡើង​នៅ​ដើមខែ និង​ចុងខែ​កក្កដា​នេះ និង​នៅ​ខែកញ្ញា​ខាងមុខ​”​។​លោក​បន្តថាជាទូទៅ​ស្ថានភាព​បង្កបង្កើនផល​វិញ​មាន​ភាពល្អប្រសើរ ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​”​។​


​ ​ជាក់ស្តែង​រហូតមកទល់​ពេលនេះ ការដាំដុះ​សម្រេចបាន​៨៨​ភាគរយ​នៅ​ទូទាំងប្រទេស ដែល​ស្មើនឹង​ផ្ទៃដី​២.២៣១.៨១៦​ហិកតា នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប​២.៥១៣.៨៩៥​ហិកតា ក្នុងនោះ​ដំណាំ​រួមផ្សំ​សម្រេចបាន​៩២​ភាគរយ និង​ដំណាំ​កសិឧស្សាហកម្ម​សម្រេចបាន​១០២​ភាគរយ​។​
​ ​វិស័យ​កសិកម្ម ជា​វិស័យ​ធំ​មួយ​ដែល​រួមចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយ​វិស័យនេះ​បាន​គ្រប ដណ្តប់​ប្រមាណ​២០​ភាគរយ នៃ​ផលទុនជាតិ​សរុប​។​
​ ​ទោះជា​យ៉ាងណា​វិស័យនេះ​កំពុង​ផ្លាស់ប្តូរ​របត់​ថ្មី​មួយ តាមរយៈ​ទំនើបកម្ម​ឧបករណ៍​កសិកម្ម ដោយ​ទំហំ​ការប្រើ ប្រាស់​ពលកម្ម​បាន​ថយចុះ​ពី​ជាង​៨០​ភាគរយ មក​នៅត្រឹម​ប្រមាណ​៤០​ភាគរយ​នា​ឆ្នាំ​២០១៨​នេះ​៕សរន

#