រដ្ឋមន្ត្រី​អះអាងថា “​ភ្ញៀវទេសចរ​ចិន គឺជា​កំណប់ទ្រព្យ​ដ៏​សំខាន់​នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​”

163
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: ទេសចរណ៍ គឺជា​វិស័យ​អាទិភាព​មួយ​ដែល​ត្រូវបាន​ពិភពលោក​ចាត់ទុក «​ជា​មាស​បៃតង​»​។ ព្រោះ​វិស័យ​ទេសចរណ៍​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម តាមរយៈ​ការបង្កើត​ឱកាស​ការងារ បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។ បន្ថែម​លើ​នេះ​វិស័យ​ទេសចរណ៍ បាន​ជំរុញ​ការនាំចេញ​នៅនឹងកន្លែង ហើយ​បាន​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​បង្កើន​ចំណូល​ជាតិ​ផងដែរ​។ វិស័យ​ទេសចរណ៍​បាន​ចូលរួម​ធ្វើអោយ​ភាពក្រីក្រ​បាន​ថយចុះ ពិសេស​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែលជា​បញ្ហា​ប្រឈម​ជា​សាកល​។​នេះ​ជាការ​ពោល​អះអាង​ពី​លោក ថោង ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក្នុងពេល​ថ្មីៗ​កន្លងទៅនេះ​។​

​លោក​ប្រាប់ថា តួយ៉ាង​ប្រទេស​កម្ពុជា បានទទួល​ប្រាក់ចំណូល​ដល់​ទៅ​៤,៣៧៥​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​ពី​វិស័យ​ទេសចរណ៍​។ ក្រោយពី​កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ សរុប​ប្រមាណ​ជាង​៦​លាន​២​សែន​នាក់​។ ក្នុងចំណោម​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ភ្ញៀវទេសចរ​ចិន​គឺ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ ដែលមាន​ចំនួន​១.៩​លាន​នាក់ ស្មើនឹង​៣០​ភាគរយ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​។​

​នៅក្នុង​ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​ចិន នៅតែ​ស្ថិតនៅ​កំពូល​តារាង​ភ្ញៀវទេសចរ​មក​ទស្សនា​ប្រទេស​កម្ពុជា​ច្រើនជាងគេ​ទាំង​១០ ហើយ​អាច​កើន​ដល់​២​លាន​៥​សែន​នាក់​។ ខណៈដែល​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​ច្រើន​ជាងគេ បន្ទាប់ពី​ភ្ញៀវទេសចរ​ចិន រួមមាន វៀតណាម ថៃ ឡាវ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី បារាំង និង​អង់គ្លេស​។​

​លោក​បញ្ជាក់ថា កត្តា​សំខាន់ៗ​ចំនួន​២ ដែល​ជម្រុញ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ​ជនជាតិ​ចិន មក​កំសាន្ត​នៅ​កម្ពុជា​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នោះ​រួមមាន​៖ គោលដៅ​ទេសចរណ៍វប្បធម៌ ធម្មជាតិ និង​ទេសចរណ៍​ក្នុង​គោលដៅ​វិនិយោគ​ជាដើម​។

​ជាទូទៅ​ទេសចរ​ដែល​គាត់​មាន​បំណងល្អ គាត់​មក​ត្រឹមត្រូវ​តាមច្បាប់​របស់គាត់ គាត់​ពេញចិត្ត​ក្នុងការ​ទស្សនា​កម្ពុជារ​បស់​យើង ណាមួយ​ចង់​មើល​អង្គរ មក​ភ្នំពេញ​សម្រាប់​អ្នក​មក​វិនិយោគ នរណា​ក៏​មក​មើល​ព្រះបរមរាជវាំង សារមន្ទីរ​ជាដើម​។ ឥឡូវ​គាត់​ក៏មាន​និន្នាការ​ថ្មី​មួយ​ក្នុងការ​ទស្សនា​តំបន់ អេកូ​ទេសចរណ៍​ដែរ​។ ព្រោះ​គាត់​កាន់តែ​មានការ​យល់ដឹង​លើ​ផ្នែក​បរិស្ថាន​នេះ កាលណា​ដែល​គាត់​បាន​ទៅដល់​ទីតាំង​នោះ​គាត់​បានរួម​ចំណែក​ក្នុងការ​ការពារ​បរិស្ថាន​។ ព្រោះ​នៅពេលដែល​លុយ​របស់គាត់​បាន​ចាយ​ទៅ បាន​ទៅ​ដល់ដៃ​សហគមន៍ ហើយ​សហគមន៍​នឹង​បាន​កម្រៃ​ពី​ទេសចរណ៍​នេះ ហើយ​សហគមន៍​នឹង​ខិតខំ​រៀបចំ​ការពារ​ធនធាន​ធម្មជាតិ និង​វប្បធម៌​នៃ​សហគមន៍​របស់គាត់​។ អីចឹង​បច្ចុប្បន្ន​យើង​ឃើញ​និន្នាការ​នៃ​ការ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ គឺ​មិនមែន​តែ​នៅ​អង្គរវត្ត តំបន់​សមុទ្រ ឬ​នៅ​ភ្នំពេញ​នោះទេ​»​។​

​ចំនួន​ភ្ញៀវទេសចរ​ចិន​មិនមែន​មានការ​កើនឡើង​តែ​ក្នុងប្រទេស​កម្ពុជា​នោះទេ តែ​ជាការ​កើនឡើង​ជាស​កល​។ ព្រោះតែ​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៃ​ប្រជាជន​ចិន និង​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ចិន​ទូទាំងប្រទេស​ផ្ទាល់​។ យោងតាម​ការព្យាករណ៍​អង្គការ​ទេសចរណ៍​ពិភពលោក​បាន​ព្យាករណ៍​ថា ចំនួន​ប្រជាជន​ចិន នៅក្នុង​ចំណោម​១​ពាន់​លាន​នាក់ នឹងមាន​៣០០​លាន​នាក់​អាច​ចេញ​ធ្វើដំណើរ​កំសាន្ត​បាន​។ តួរ​យ៉ាង​នៅក្នុង​ឆ្នាំ​២០១៩ នេះ​ចំនួន​ប្រជាជន​ចិន ត្រូវបាន​អង្គការ​ទេសចរណ៍​ពិភពលោក បាន​ព្យាករណ៍​ថា ប្រជាជន​ចិន​អាច​បានចេញ​ធ្វើដំណើរ​កំសាន្ត​រហូតដល់​ទៅ​១៥០​លាន​នាក់​។​

​ចំនួន​ភ្ញៀវទេសចរ​ចិន​ដែល​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​កំពុង​ទាក់ទាញ​ឲ្យ​ទៅកាន់​ប្រទេស​របស់ខ្លួន​នោះ បាន​ចូលមក​កំសាន្ត​នៅ​កម្ពុជា ប្រមាណ​២​លាន​២​ម៉ឺន​នាក់ នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប​ជាង ៥​លាន ២​សែន​នាក់​។ ចំនួន​នេះ​គិត​ត្រឹម​រយៈពេល​១០​ខែ នៃ​ឆ្នាំ​២០១៩ ពោលគឺ​គិតពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៩​ប៉ុណ្ណោះ​។ ហើយ​បើ​យើង​គិត​នៅក្នុង​រយៈពេល​១០​ដូចគ្នា​និង​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ភ្ញៀវ​អន្តរជាតិ​សរុប​កើនឡើង​រហូតដល់ ៩.៧​ភាគរយ​។ ចំនួន​ភ្ញៀវទេសចរ​ចិន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ ត្រូវបាន​ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា​នៅក្នុង​ឆ្នាំ​២០១៩ ភ្ញៀវទេសចរ​ចិន​បានមក​កម្សាន្ត​នៅ​កម្ពុជា​ប្រមាណ​២​លាន​៥​សែន​នាក់​។​

​ភ្ញៀវទេសចរ​អន្តរជាតិ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ បាន​ជួយ​កម្ពុជា​បង្កើត​ការងារ​ដល់​ពលរដ្ឋ​បាន​ប្រមាណ​៦២​ម៉ឺន​នាក់​ដោយផ្ទាល់ និង​រាប់លាន​ការងារ​ដោយ​ប្រ​យ៉ោ​ល​បន្ថែមទៀត​។ ហើយ​វិស័យ​ទេសចរ​នេះ​ទៀតសោធ​បានរួម​ចំណែក​ក្នុងការ​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ១២.៧​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៨​។​

​ភ្ញៀវទេសចរ​ចិន​នេះ គឺជា​ប្រភេទ​ភ្ញៀវ​ដែល​ចូលចិត្ត​ទំនិញ​ដែលមាន​គុណភាព មាន​ស្តង់ដារ​ខ្ពស់​។ ស្របទៅតាម​គោលនយោបាយ​ថ្មី​ដែល​អង្គការ​ទេសចរណ៍​ពិភពលោក កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​ថា គ្រប់​ប្រទេស​ទាំងអស់​គួរ​អនុវត្តន៍​គោលនយោបាយ China Ready ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឲ្យ​មក​កំសាន្ត​នៅ​ប្រទេស​ខ្លួន​កាន់តែច្រើន​។ ដោយ​គោលនយោបាយ​បាន​នេះ រាប់​ចាប់តាំងពី​ការ​បដិសណ្ឋារកិច្ច​នៅ​ព្រ​លា​ន្ត​យន្តហោះ រហូតដល់​សណ្ឋាគារ​។​

​ដោយ​អ្នកទទួល​បដិសណ្ឋារកិច្ច​ត្រូវ​ចេះ​និយាយ​ភាសា​ចិន និង​រាល់​ទម្រង់​បំពេញ​ឯកសារ​ផ្សេងៗ​ក្រៅពី​មាន​ភាសាជាតិ​នៃ​ប្រទេស​នីមួយៗ ត្រូវមាន​ភាសា​អង់គ្លេស និង​ភាសា​ចិន​បន្ថែមទៀត​។​

​លោក​ថោង ខុន​អួតថា​ទេសចរ​ចិន​គឺជា​ទេសចរ​ដែល​មក​ចាយលុយ​ច្រើន ហើយ​គាត់​ក៏ត្រូវ​ការ​សេវា​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ដែរ​។ ហើយ​បើ​ចង់​ទទួល​ភ្ញៀវទេសចរ​ចិន​ច្រើន​ត្រូវតែ​ធ្វើបែបនេះ​។ ធ្វើ​បដិសណ្ឋារកិច្ច​ឲ្យ​ល្អ និង​សេវា​ប្រកបដោយ​ប្រសិទ្ធភាព​ដល់​ទេសចរ​ចិន​។ ព្រោះនេះ​គឺជា​ទីផ្សារ​ទេសចរ​មួយ​ដ៏​ធំ និយាយ​ដូច្នេះ​មិនមែន​ថា​យើង​មិន​ធ្វើ​កិច្ចការងារ​សម្រាប់​ទីផ្សារ​ដទៃទៀត​ទេ ហើយ​គោលនយោបាយ​របស់​យើង​គឺ​យើង​ទទួល​ភ្ញៀវទេសចរ​ពី​គ្រប់​ទី​ស​ទី​ទាំងអស់ មិនមែន​តែ​ទេសចរ​ចិន​នោះទេ គ្រាន់តែ​ទេសចរ​ចិន​ជាទី​ផ្សារ​មួយ​ដ៏​ធំ ដែល​យើង​ត្រូវខិតខំ​ធ្វើ​យ៉ាង​មិច​ឲ្យ​ទីផ្សារ​នេះ​ទទួលបាន​ការពេញចិត្ត​ហើយ​គេ​យកលុយ​មក​ចាយ​ស្រុក​យើង​បានល្អ​»​។​

​ជាការ​ពិតណាស់​ទេសច​រណ៍​ក្រៅពី​ទាក់ទាញ​នូវ​ចំណូល​ជាតិ​យ៉ាង​សន្ធឹកសន្ធាប់​ជា​រៀងរាល់ឆ្នាំ​នោះ ទេសចរណ៍​ក៏​អាច​នាំមក​នូវ​ផល អវិជ្ជមាន​ចំនួន​៣​ដូចៗ​គ្នា​ផងដែរ​នៅលើ​ពិភពលោក ក្នុងនោះ​គឺ​បញ្ហា​គ្រឿងញៀន ឧក្រឹដ្ឋ​កម្ម និង​អំពើ​ជួញដូរ​ផ្លូវភេទ​។ តែ​អ្វីដែល​កម្ពុជា​អាចធ្វើ​បាន​គឺ​ការ​រឹតបន្តឹង​ច្បាប់​ដែលមាន​ស្រាប់​នៅក្នុង​ប្រទេស​។ ព្រមជាមួយ​ការបង្កើត​នូវ​ក្រមសីលធម៌​ផ្សេងៗ ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ភ្ញៀវទេសចរ​ដែល​មក​កំសាន្ត​នៅក្នុង​ប្រទេស​កម្ពុជា​។

«​ទេសចរណ៍​គឺ​តែងតែ​នាំមក​នូវ​ផល់​វិជ្ជមាន និង​អវិជ្ជមាន នៅទីណា​ក៏មាន​ផលប៉ះពាល់​ទាំង​២​នេះដែរ មិនថាតែ​ទេសចរ​ចិន​នោះទេ សំខាន់​ស្ថិតនៅលើ​ការគ្រប់គ្រង​ដោយ​ច្បាប់​។ ព្រោះថា​រដ្ឋាភិបាល​ចិន ឯកអគ្គរដ្ឋទូត​ចិន​ក៏​គាត់​បាន​ប្រកាស់ប្រាប់​ហើយ​ថា​រស់នៅ​ប្រទេស​ខ្មែរ​គឺ​ត្រូវគោរព​តាមច្បាប់​របស់​ប្រទេស​ខ្មែរ​។ អីចឹង​យើង​បាន​ខិតខំ​ធ្វើ​ការងារ​នេះ​ខ្លាំងណាស់ ខាង​សមត្ថកិច្ច​យើង​នៅ​គោលដៅ​ក្រុងព្រះសីហនុ​អី យើង​ធ្វើការ​ត្រួតពិនិត្យ​យើង​អនុវត្តន៍​ច្បាប់​យើង​តឹងរឹង​បំផុត​។ ហើយក៏​មានការ​គាំទ្រ​ពី​ស្ថានទូត​ចិន​ពី​រាជរដ្ឋាភិបាល​ចិន​លើ​កិច្ចការងារ​នេះ​ផងដែរ​។ នេះ​គឺជា​រឿង​មួយ​ដែល​យើង​មិនអាច​មើលរំលង​បានទេ ទេសចរ​ណាក៏ដោយ​ក៏​ត្រូវតែ​អនុវត្តន៍​ច្បាប់​របស់​យើង​។​

​ហើយ​ខាងគេ​ក៏បាន​អប់រំ​ប្រជាពលរដ្ឋ​របស់គេ​ដែរ ឲ្យ​គោរព​ច្បាប់​របស់​ប្រទេស​យើង​។ ហើយ​យើង​ត្រូវតែ​ខិតខំ​ដាក់ចេញ​នូវ​ក្រម​ប្រតិបត្តិ​នេះ​ឲ្យ​គ្រប់​គោលដៅ​ទាំងអស់​។ យើង​ខិតខំ​ធ្វើ​ការងារ​នេះ ប៉ុន្តែ​បើ​សិ​ជាការ​ងារ​ដែល​ប៉ះពាល់​ជា​អវិជ្ជមាន ប៉ះពាល់​ដល់​ឆ្នាំ​យើង​តែម្ដង​គឺ​យើង​ត្រូវ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់​ដោយ​ច្បាប់ ដោយ​មិន​ស្ទាក់ស្ទើ​លើក​ការងារ​នេះ​ទេ​»​។​

​ក្នុងនាម​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​លោក​វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​រំពឹងថា ភ្ញៀវទេសចរ​ចិន​នឹងធ្វើ​ដំណើរ​មក​កម្ពុជា​ដោយ​ថ្លៃថ្នូរ និង​គោរព​តាម​ទំនៀម​ទំលាប់​ប្រពៃណី​របស់​ម្ចាស់​ប្រទេស​សា​ម៉ី និង​សង្ឃឹមថា​ភ្ញៀវទេសចរ​ចិន នឹង​អាច​ដើរតួរ​ជា «​ភ្នាក់ងារ​មិត្តភាព​» ជម្រុញ​អោយ​ទំនាក់ទំនង​វប្បធម៌ និង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ កាន់តែ​មាន​ភាព​ជិតស្និត​ថែមទៀត​បង្កើតជា «​នាមប័ណ្ណ​ប្រទេស​ចិន​មួយ​» ក្នុងនោះ​រួមមាន​ភាពថ្លៃថ្នូរ ការយោគយល់​គ្នា និង​ការជឿជាក់​លើ​ខ្លួនឯង និង​បង្កើតបានជា «​មុខមាត់​ដ៏​ស្រស់ស្អាត​នៃ​ប្រទេស​ចិន​»​។ លោក​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បានលើកឡើង​បែបនេះ កាលពី​ថ្ងៃទី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ក្នុង​ពិធី​ចេញផ្សាយ​នូវ​គោល​ការណែនាំ ឬ «​ត្រីវិស័យ​សម្រាប់​ប្រជាពលរដ្ឋ​ចិន មកកាន់​ប្រទេស​កម្ពុជា​»​ជូន​ដល់​ពលរដ្ឋ​ចិន​ដែល​មក​កំសាន្ត​នៅ​កម្ពុជា​។​

​ជាមួយគ្នានេះ​លោក​វ៉ាង វិ​ន​ធាន ក៏បាន​ជម្រុញ​ឲ្យ​ភ្ញៀវទេសចរ​ចិន​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើនឡើង​ផងដែរ «​ប្រទេស​ចិន​ក៏​តែងតែ​លើកទឹកចិត្ត ដល់​ទេសចរណ៍​ក៏ដូចជា​អ្នក​វិនិយោគិន​ចិន​កាន់តែច្រើន​មក​ទស្សនា​ប្រទេស​កម្ពុជា ហើយ​យើង​ក៏​លើកទឹកចិត្ត និង​សុំ​ណុំ​ពរ​ដល់​ពួកគាត់​ឲ្យ​គោរព​ច្បាប់​ក៏ដូចជា​ទំនៀមទម្លាប់ ក៏ដូចជា​សាសនា របស់​ប្រទេស​កម្ពុជា ដើម្បី​ទៅធ្វើជា​បេសកជន​មិត្តភាព​រវាង​ចិន​និង​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​»​។​

​មិនតែប៉ុណ្ណោះ​ស្ថានទូត​ចិន ក៏បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​ឲ្យ​បាន​៣​លាន​នាក់​ទៀតផង​។ ចំនួន​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ គ្រប់​ជាតិ​សាសន៍ និង​ជាពិសេស​ភ្ញៀវទេសចរ​ចិន​នេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធ្វើការ​ពាក់ព័ន្ធ​និង​វិស័យ​ទេសចរ​មានការ​សប្បាយរីករាយ​ចិត្ត​យ៉ាងខ្លាំង​។​

​អ្នកស្រី យាង យឺន ដែលជា​អាជីវករ​លក់ដូរ​គ្រឿង​ក្លែម​បន្តិចបន្តួច​នៅតាម​ឆ្នេរ​អូរ​ឈើទាល​នាពេល​រាត្រី បាន​ឲ្យ​ដឹងថា អ្នកស្រី​ប្រក​បរបរ​នេះ​ជិត​១០​ឆ្នាំ​មកហើយ​។ កាលពី​មិនទាន់មាន​ភ្ញៀវ​ចិន​មក​ច្រើន​អ្នកស្រី​លក់ដាច់​ធម្មតា​បន្តិចបន្តួច តែ​ក្រោយពេល​មាន​ភ្ញៀវទេសចរ​ចិន​មក​កំសាន្ត​នៅតាម​ឆ្នេរ​នេះ​ច្រើន ការលក់ដូរ​របស់​អ្នកស្រី​ក៏បាន​ដាច់​ច្រើនជាង​មុន​ផងដែរ​។ បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​មាន​ភាពប្រសើរឡើង​ថែម​មួយកម្រិត ហើយ​អ្នកស្រី​ចង់​ឲ្យ​មាន​ភ្ញៀវទេសចរ​ចិន មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​កាន់តែច្រើន​ថែមទៀត​។​

​ជាការ​ពិតណាស់​ទេសច​រ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​វប្បធម៌​។ ម្យ៉ាងវិញទៀត​បើទោះជា​ទេសចរ​អាចមាន​ផល​អវិជ្ជមាន​កើតឡើង​ខ្លះ​ក៏ពិតមែន តែ​ប្រសិនជា​ប្រទេស​កម្ពុជា​អនុវត្ត​ច្បាប់​បានល្អ នោះ​ប្រទេស​យើង​នឹង​អាច​ទាញយក​ផលប្រយោជន៍​ជាច្រើន​ពី​ទេសចរ​។

​លោក ថោង ខុន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​និយាយ​រួម​ទេសចរ​ជួយ​ច្រើនណាស់​ដល់​ចំណូល​របស់​ប្រជាពលរដ្ឋ ហើយ​ចំណូល​នេះហើយ​ដែល​បាន​ចូលរួមចំណែក​ដល់​ម៉ាក្រូ​សេដ្ឋកិច្ចជាតិ សំខាន់​ណាស់​វិស័យ​ទេសចរ​មាន​ផលប៉ះពាល់​ជា​វិជ្ជមាន​ច្រើន ប៉ុន្តែ​បើ​យើង​គ្រប់គ្រង​មិនបាន​ល្អ ក៏​វិស័យនេះ​ក៏​អាច​ប៉ះពាល់​ដល់​វប្បធម៌​សង្គម​ផងដែរ​។ មានន័យថា​បញ្ហា​ប​ប៉ះពាល់​ដល់​សង្គម និ​វប្បធម៌​ក៏​មិនមែន​មានតែ​កត្តា​វិជ្ជមាន​ទេ តែ​វា​ក៏មាន​កត្តា​អវិជ្ជមាន​ផងដែរ​។ កត្តា​វិជ្ជមាន​មា​ន័យ​ថា​វប្បធម៌​នៅ​ទី​ហ្នឹង​បើ​អត់​ទេសចរ​ទៅដល់​ក៏​មិនអាច​រីកចម្រើន​បានដែរ ប៉ុន្តែ​បើ​ទេសចរ​ទៅដល់​ទេសចរ​នាំ​ចំណូល​ទៅ​នៅ​ទីនោះ​ប្រជាពលរដ្ឋ​គាត់​ខិតខំ​អភិវឌ្ឍន៍​វប្បធម៌​គាត់​ឲ្យ​កាន់តែ​ល្អ អភិវឌ្ឍន៍​មូលដ្ឋាន​គាត់​ឲ្យ​បានល្អ អីចឹង​គាត់​បាន​ចំណូល​ច្រើន​វប្បធម៌​ក៏​គង់វង្ស​»​។​

​យោងតាម​របាយការណ៍​ពី​អង្គការ​ទេសចរ​ពិភពលោក​បាន​ឲ្យ​ដឹងថា ដោយសារតែ​កំណើនសេដ្ឋកិច្ច និង​ចំនួន​ប្រជាជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រប​ស់​ប្រទេស​ចិន បានធ្វើ​ឲ្យ​ឲ្យ​ចិន​គឺជា​ទីផ្សារ​ទេសចរណ៍​ធំជាងគេ​សម្រាប់​ពិភពលោក​។ ហើយ​បណ្ដាល​ប្រទេស​ទាំងអស់​មិនគួរ​មើលរំលង ឬ​មិនបាន​ត្រៀមខ្លួន​ដើម្បី​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ​ដ៏​ច្រើន​សម្បើម​នេះឡើយ​។​

​ក្រោយពី​ទទួលបាន​គោលការណ៍​ណែនាំ​ពី​អង្គការ​ទេសចរ​ពិភពលោក កម្ពុជា​បាន​ត្រៀមខ្លួន​ជាច្រើន​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ចិន​។ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤ ចំនួន​ភ្ញៀវទេសចរ​ចិន បាន​កើន​ឡើងជា​លំដាប់​ក្នុងការ​មក​កំសាន្ត និង​វិនិយោគ​នៅ​កម្ពុជា​។ រហូតដល់​ឆ្នាំ​២០១៨ ភ្ញៀវ​ទេសរ​ចិន បាន​កើនឡើង​ចំនួន​១១.៨​ភាគរយ​បើ​ធៀប​ហ្នឹង​រយៈ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​។ ចំណែក​នៅក្នុង​ឆ្នាំ​២០១៩​នេះ​វិញ ក្រសួងទេសចរណ៍​បាន​ព្យាករណ៍​ថា​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​អាច​កើន​ដល់​៦​លាន​៦​សែន​នាក់ ខណៈ​តួលេខ​ចុងក្រោយ​នៃ​រយៈពេល​ ១០​ខែ​ក្នុង​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​បាន​ប្រមាណ​៥​លាន ២​សែន​នាក់​។ ហើយ​ចំនួន​ភ្ញៀវទេសចរ​ចិន​នៅក្នុង​ឆ្នាំ​២០១៩​នេះ នឹង​កើន​ដល់​២​លាន​៥​សែន​នាក់​។​

​យ៉ាងណា​ក៏​កម្ពុជា​នៅ​មិនទាន់បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​មក​កំសាន្ត​អស់​សក្កដានុពល​ឡើយ ដោយ​កម្ពុជា​ត្រូវ​បន្ត​ការខិតខំ​ពង្រឹង​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​ជាច្រើន​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឲ្យ​មក​កំសាន្ត​បាន​ច្រើន ដូច​បណ្ដា​ប្រទេសជិតខាង​កម្ពុជា​។ តួរ​យ៉ាង​ប្រទេស​ថៃ​បាន​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ថៃ​រហូតដល់​ទៅ​១០​លាន​នាក់ វៀតណាម​៥​លាន​នាក់ ហើយ​ម៉ាឡេស៊ី​ចំនួន​៤​លាន​នាក់​។ កត្តា​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​ត្រៀមខ្លួន និង​ពង្រឹងសមត្ថភាព​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្ដា​ប្រទេស​ស​ជិតខាង​ធ្វើយ៉ាងណា​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន ឲ្យ​មក​កំសាន្ត​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន ២​លាន​៧​សែន ទៅ ៣​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២០៕