រដ្ឋមន្ត្រី ថោង ខុន លើកយក​គោលដៅ​វិនិយោគ​ទេសចរណ៍​នៅ​កម្ពុជា បង្ហាញ​ដល់​ក្រុមហ៊ុន​ទេសចរណ៍​ធំៗ​របស់​ជប៉ុន​

1498
ចែករម្លែក

​ដោយ : មូល​សម្បត្តិ​/​ភ្នំពេញ ៖ ក្នុងឱកាស​ទៅ​ចូលរួម​ប្រជុំ​តុមូល​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​លើក​ទី​២ និង​ក្នុងឱកាស​ចូលរួម​ពិព័រណ៍ JATA នៅ​ទីក្រុង​តូ​ក្យូ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានទទួល​ជួប​ការសម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ដាច់ដោយឡែក​ជាមួយ​លោក Hiroyuki Takahashi ប្រធាន និង​ជា​គណៈ​ប្រតិបត្តិ​ក្រុមហ៊ុន​ទេសចរណ៍​ជប៉ុន Japan Travel Bureau JTB ដែលជា​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​នៅ​ជប៉ុន​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Kazufumi TAKAI ប្រធាន​ក្រុមហ៊ុន Asia Pacific Express Tour APEX និង​លោកស្រី Yuko ISHIDA អនុប្រធាន​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​ហី​រ៉ូ​ហ្សី​ម៉ា (Hiroshima University of Economics = HUE) ដែល​ក្នុងនោះ​គោលដៅ​វិនិយោគ​ផលិតផល​ទេសចរណ៍​ជាច្រើន​នៅ​កម្ពុជា ត្រូវបាន​លោក​រដ្ឋមន្ត្រី​លើក​បង្ហាញ​យ៉ាង​ក្បោះក្បាយ ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​ក្រុមហ៊ុន​ទេសចរណ៍​ទាំងនេះ​។​

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ទាំងបី​ខាងលើ ដែល​ធ្វើឡើង​នា​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨​នោះ ក៏​ផ្តោត​សំខាន់​លើ​ការ​រិះរក​វិធី​ជំរុញ​ទេសចរ​ជប៉ុន​មក​កម្ពុជា ក៏ដូចជា​ទេសចរ​ប្រទេស​ទី​៣​ពី​ជប៉ុន​មក​កម្ពុជា និង​ទេសចរ​កម្ពុជា និង​ប្រទេស​ទី​៣​ពី​កម្ពុជា​ទៅ​ជប៉ុន ព្រមទាំង​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​និស្សិត ឱ្យបាន​កាន់តែច្រើន​ថែមទៀត​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា គ្រប់ភាគី​បាន​ឯកភាពគ្នា​ថា ការជំរុញ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ រួមមាន​៖ ការបង្កើត​តំបន់​ទេសចរណ៍​សម្រាប់​សម្រាក​កម្សាន្ត រួមទាំង​ការយកចិត្តទុកដាក់​ការពង្រឹង​ការ​អកិ​វ​ឌ្ឍ​សហគមន៍​ទេសចរណ៍​ស្អាត និង​បៃតង​តាម​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន ការអភិវឌ្ឍ និង​ការផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ថ្មីៗ មាន​ប្រាសាទព្រះវិហារ តំបន់​ប្រាសាទសំបូរព្រៃគុក ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ទីក្រុង​បាត់ដំបង ការវិនិយោគ​ឱ្យមាន​សេវា​ស្នាក់នៅ សេវា​ហូបចុក​គ្រប់គ្រាន់​នៅតាម​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ​ពិភពលោក​ថ្មីៗ សណ្ឋាគារ​ប្រណិតៗ​លំដាប់​ផ្កាយ​៤ ផ្កាយ​៥ នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ធំៗ ការបណ្តុះបណ្តាល​ភាសា និង​ជំនាញ ការជំរុញឱ្យ​មានការ​ហោះហើរ​ត្រង់​ពី​ជប៉ុន​មកកាន់​សៀមរាប ឬ​ពី​ជប៉ុន​មក​ភ្នំពេញ សៀមរាប និង​ការសម្រួល​បែបបទ​ធ្វើដំណើរ ដែល​ក្នុងនោះ​ប​ញ្ហ​ទិដ្ឋាការ​ក៏ត្រូវ​បាន​ជជែក​ពិភាក្សា​ផងដែរ​។​

​គួរ​កត់សម្គាល់ថា ក្នុង​កិច្ចពិភាក្សា​ទាំងនោះ ការត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ដើម្បី​រួមចំណែក​អបអរ​សារ​ទរ​ខួប​លើក​ទី​៦៥ នៃ​ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន ដែល​គ្រោង​ធ្វើ​ចុងឆ្នាំ​២០១៨​នេះ និង​រៀបចំ​ព្រឹត្តិការណ៍ Mekong Excahange Year 2019 ក៏ត្រូវ​បាន​លោក​រដ្ឋមន្ត្រី និង​ក្រុមហ៊ុន JTB ក្រុមហ៊ុន APEX លើក​យកមក​ពិភាក្សាគ្នា​ផងដែរ​។​

​សូមបញ្ជាក់ថា ឆ្នាំ​២០​យ៉​១៧ ទេសចរ​ជប៉ុន​ដែល​ម​ក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​ជាង ២០​ម៉ឺន​នាក់ ស្ថិត​លំដាប់​ទី​៧ ក្នុង​កំណើន ៧%​។ រីឯ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​នៅ​ជប៉ុន​មាន​ប្រមាណ ១​ម៉ឺន​នាក់​៕​B