រដ្ឋមន្ត្រី វង សូ​តៈ ក្រសួង​សង្គមកិច្ច កំពុង​ព​ន្លឿ​ន​ការបង្កើត​ច្បាប់​ការពារ​កុមារ​

832
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​លើកឡើងថា ក្រសួង​សង្គមកិច្ច​កំពុង​ព​ន្លឿ​ន​ការបង្កើត​ច្បាប់​ការពារ​កុមារ ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ កុមារ​នៅ​កម្ពុជា ឲ្យ​ទទួលបាន​ប្រសិទ្ធ​ខ្ពស់ ។ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ លើកកម្ពស់​សិទ្ធិ​កុមារ តាមរយៈ​ការបង្កើត​ច្បាប់​ការពារ​កុមារ​ជា​បន្តបន្ទាប់ ។ កំណត់​ការងារ​កុមារ ជា​ការងារ​អាទិភាព នៅក្នុង​កម្មវិធី​នយោបាយ និង​បាន​បញ្ចូល​ការងារ​កុមារ នៅក្នុង​ឯកសារ​យុទ្ធសាស្ត្រ​ជាតិ​នានា ដូចជា គោលនយោបាយ​ជាតិ​ស្តីពី​ការ​គាំពារ និង​អភិវឌ្ឍន៍​កុមារ​តូច គោលនយោបាយ​ថែទាំ​ជំនួស​ចំពោះ​កុមារ បទដ្ឋាន និង​គោលការណ៍​ណែនាំ សម្រាប់​ការថែទាំ​ការគាំទ្រ និង​ការការពារ​កុមារកំព្រា និង​កុមារ​ងាយ​រងគ្រោះ គោលការណ៍​ការពារ​សិទ្ធិ​កុមារ​រងគ្រោះ​ដោយសារ ការជួញដូរ​គោលនយោបាយ​ជាតិ​ស្តីពី​អាហារូបត្ថម្ភ យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​សុខភាព​បន្ត​ពូជ សុខភាព​ផ្លូវភេទ និង​គោលការណ៍​ណែនាំ សម្រាប់​ការអនុវត្ត ការចូលរួម​របស់​កុមារ​ជាដើម​។​


​លោក វង សូត បានលើកឡើង​បែបនេះ ខណៈ​លោក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សេចក្តីព្រាង​របាយការណ៍​ជាតិ​លើក​ទី​៤ ទី​៥ និង​ទី​៦ ស្តីពី​ការអនុវត្ត​អនុសញ្ញា​សិទ្ធិ​កុមារ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​សង្គមកិច្ច ។​

​លោក​រដ្ឋមន្ត្រី​បន្ថែមថា ក្រសួង​សង្គមកិច្ច បាននិងកំពុង​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ដែល​បានដាក់​ឱ្យប្រើ​ប្រាស់ កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅនេះ​។ ក្រសួង​សង្គមកិច្ច បាន​បោះជំហាន​ទៅមុខ​យ៉ាង​ស្វាហាប់ ក្នុងការ​អនុវត្ត​គោលនយោបាយ ស្តីពី​ប្រព័ន្ធ​សុវត្ថិភាព​សង្គម និង​ផែនការ​អភិវឌ្ឍ​យុទ្ធសាស្ត្រ​ជាតិ ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ​ក្នុងសង្គម ជាពិសេស​កុមារ កុមារកំព្រា និង​ស្ត្រី​ងាយ​រងគ្រោះ ជន​ចាស់ជរា ជនពិការ មន្ត្រីរាជការ ស៊ីវិល និង​អតីតយុទ្ធជន​។ ទាំងអស់នេះ បានបង្ហាញ​ពី​ការយកចិត្តទុកដាក់ របស់​រាជរដ្ឋាភិបាល ក្នុងការ​អនុវត្ត​សិទ្ធិ​កុមារ រួម​និង​ការសហការ​ពី​ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ ដែល​បាន​បង្កើត​នូវ​កម្មវិធី​ជាច្រើន ក្នុង​វិស័យ​សុខុមាលភាព​កុមារ ព្រមទាំង​ការយកចិត្តទុកដាក់​ខ្ពស់​ពី​មាតាបិតា ក្រុមគ្រួសារ និង​សហគមន៍​ចំពោះ​បុត្រ​ធីតា ជាទី​ស្រឡាញ់​ផងដែរ​។​

​ប៉ុន្តែ​លោក វង បញ្ជាក់ថា ទោះបី​គោលនយោបាយ និង​កម្មវិធី​ជាតិ​ជាច្រើន បាននិងកំពុង​ដំណើរកា​រ​ល្អ​គួរឱ្យកត់សម្គាល់​ក៏ដោយ ក៏​កម្ពុជា​នៅមាន​បញ្ហា​ប្រឈម​មួយ ចំនួន​ដូចជា ពលកម្ម​កុមារ កុមារកំព្រា កុមារ​អនាថា ការជួញដូរ​កុមារ កុមារ​ប្រើប្រាស់​សារធាតុ​ញៀន អំពើហិង្សា​លើ​កុមារ និង​កុមារ​ប្រព្រឹត្តល្មើស នឹង​ច្បាប់​ជាដើម ដែលជា​កត្តា​បង្អាក់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស សេដ្ឋកិច្ច និង​សង្គម ដែល​យើង​ត្រូវ​រួមគ្នា​ដោះស្រាយ​ជា​ពហុ​វិស័យ បន្តទៀត ដូច​មាននៅ​ក្នុង​សេចក្តីព្រាង​របាយការណ៍​៕ Kh