រដ្ឋមន្រ្ដីការបរទេសដឹកនាំប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី

472
ចែករម្លែក

ដោយ : មុន្នីរ័ត្ន/ ភ្នំពេញ : លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ពីថ្ងៃ​ទី ២៩ ដល់​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់ ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​។​

​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នេះ ល​៩​ល​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ លោក លី សៀន លុង នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី ។

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ឯកឧត្តម​បណ្ឌិត វី​វៀន បា​ឡាក់​គ្រី​ស្ហ្ស​ណាន់ ដោយ​ពិភាក្សា​អំពី​វិស័យ​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ផ្លាស់ប្តូរ​យោបល់​ផងដែរ អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ការចាប់អារម្មណ៍​ដូចគ្នា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន មាន​គោលបំណង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងទាក់ទង​ទ្វេភាគី និង​រិះរក​វិស័យ​ថ្មីៗ​ទៀត ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​សំដៅ​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជាតិ​ទាំងពីរ​ ៕B