រដ្ឋមន្រ្ដីក្រសួងវប្បធម៌អះអាងថា រមណីយដ្ឋាន​អង្គរ​លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាសាទ​ដួលរលំ និង​ការ​លួច​វត្ថុ​បុរាណ​ទៀតហើយ

1347
ចែករម្លែក

​​ដោយ​:​អង្គរតូច​/​សៀមរាប ៖ ​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្ប​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា រមណីយដ្ឋាន​អង្គរ​លែង​ប្រឈម​និង​បញ្ហា​អសន្តិសុខ ប្រសាទ​ដួលរលំ និង​ការ​លួច​វត្ថុ បុរាណ​ទៀតហើយ​។​

លោកស្រី​រដ្ឋមន្ត្រី ថ្លែង​បែបនេះ​គឺ​ក្នុង​សន្ទរកថា នៃ​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣១ និង​ពេញអង្គ​លើក​ទី​២៥​នៃ​ការបង្កើត​គណៈកម្មាធិកា​រ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ ហៅ​កាត់​ថា​អាយ​ស៊ី​ស៊ី​-​អង្គរ (ICC-Angkor)​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​៥​ខែ​ឆ្នូ​ឆ្នាំ​២០១៨​។​

លោកស្រី បានបង្ហាញ​ពី​គោលបំណង​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ គឺ​ដើម្បី​រំឭក​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​យើងទាំងអស់គ្នា​កាលពី​២៥​ឆ្នាំមុន ក៏ដូចជា​បង្ហាញ​ពី​ភាពជោគជ័យ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​ទទួលបាន​។ ដោយ​ជម្នះ​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ជួបប្រទះ​កន្លងមក ហើយ​ដែល​នឹង​កំពុង​ដោះស្រាយ​ជាមួយគ្នា​ទៅតាម​មាគ៌ា​ដែល​បាន​ត្រួសត្រាយ​ឱ្យបាន​សម្រេច​តាម​គោលដៅ​នាពេលខាងមុខ​។​

លោកស្រី​រដ្ឋមន្ត្រី​បន្តទៀតថា បច្ចុប្បន្ន​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​-​អង្គរ លែង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ ប្រាង្គ​ប្រាសាទ​ដួលរលំ ឬ​ការ​លួច​វត្ថុ​បុរាណ​ទៀតហើយ​។ ក៏ប៉ុន្តែ​យើង​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ផ្សេងទៀត​ដូចជា ការប្រែប្រួល​អាកាសធាតុ ការបំពុល​បរិស្ថាន ការគ្រប់គ្រង​ការតាំង​ទីលំនៅ​ថ្មី​នៅក្នុង​តំបន់​ការពារ​នៃ​រមណីយដ្ឋាន​អង្គរ ការគ្រប់គ្រង​លំហូរ​ភ្ញៀវទេសចរ​។​ល​។ ដែល​ចាំបាច់​ត្រូវ​រក​ដំណោះស្រាយ​និង​វិធីសាស្ត្រ​ទប់ទល់​ឱ្យបាន​សមស្រប​និង​មាន​ប្រសិទ្ធិភាព​ទាំង​ក្នុង​បច្ចុប្បន្ន​និង​អនាគត​។

​តែ​ក៏​ជា​សំណាងល្អ​ដែល​យើង​មាន​ក្រម​ប្រតិបត្តិ​អង្គរ​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​គោរព​តាម និង​មាន​អង្គ​ការធានា​គុណភាព​ជប៉ុន (JQA) ដែល​តែង​ធ្វើ​សវនកម្ម​ផ្ទៃក្នុង​/​ក្រៅ​លើ​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​បរិស្ថាន​នៅ​តំបន់​អង្គរ រហូត​ទទួលបាន​វិញ្ញាបនបត្រ​ធានា​គុណភាព​ជប៉ុន​ដល់​ទៅ​៥​លើក​សម្រាប់​អា​ជ្ញ​ធរ​ជាតិ​អប្សរា​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​យើង​នៅតែ​បារម្ភ​និង​បន្ត​ការខិតខំ​រក​ដំណោះស្រាយ​បន្តទៅទៀត​លើ​បញ្ហា​ទាំងនេះ​បន្ត​ផងដែរ​។​

​ទាក់ទង​នឹង​ការលើកឡើង​ពី​បញ្ហា​ប្រាសាទ​លែង​ប្រឈម​នឹង​បញ្ហា​គ្រោះថ្នាក់​នោះ លោកស្រី ក៏បាន​ឱ្យដឹង វា​ជាការ​ផ្តើមចេញ​ដ៏​ល្អ​ពី​កិច្ចសហប្រតិបត្តិការ​ជាតិ​និង​អន្តរជាតិ ចេញពី​ឫសគល់​នៃ​ក្តី​ស្រឡាញ់ និង​ស្មារតី​នៃ​ការថែរក្សា​តំបន់​អង្គរ ដែល​គ្រប់គ្នា​ចាត់ទុកថា​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដែល​មនុស្សជាតិ​ទាំងអស់​ត្រូវ​នាំគ្នា​ថែរក្សា​។

​ជាពិសេស គឺ​បានមកពី​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែលជា​យន្តការ​អន្តរជាតិ​ដើម្បី​កៀងគរ​ធនធាន​ថវិកា ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ធ្វើការ​ជួសជុល អភិរក្ស និង​លើក​តម្លៃ​ប្រាសាទ​នានា ក៏ដូចជា​ការអភិវឌ្ឍ​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​-​អង្គរ​ដ៏​ធំធេង​និង​ត្រូវការ​ធនធាន​ច្រើន​ក្នុងការ​អនុវត្ត​កិច្ចការ​នេះ​។

​ក្នុង​បេសកម្ម​របស់​ដៃគូ​សហប្រតិបត្តិ​ការ​អន្តរជាតិ​លើ​ការអភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ ក៏បាន​ផ្តល់នូវ​ការរីកចម្រើន​ផ្នែក​ធនធានមនុស្ស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​យ៉ាងច្រើន ដែល​មកដល់ពេលនេះ ក៏មាន​ប្រាសាទ​មួយចំនួន​ជួសជុល​ដោយ​អ្នកជំនាញ​ខ្មែរ​ផ្ទាល់​តែម្តង​។

​នេះ​ជា​ឱកាស​ដ៏​ពិសេស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ពង្រឹងសមត្ថភាព​ខ្លួន​ជាមួយនឹង​ដៃគូ​អន្តរជាតិ​ក្នុងការ​ស្រោចស្រង់​ប្រាសាទ​ក្នុង​តំបន់​អង្គរ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​បាន​៕​B/