រដ្ឋមន្រ្តីក្រសួងការងារ ស្នើសហជីពចិន ជំរុញអ្នកវិនិយោគចិនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

921
ចែករម្លែក

ដោយ:ដេប៉ូ/ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង បានស្នើឱ្យគណៈប្រតិភូសហជីពចិនបន្តការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសហជីពនៅកម្ពុជា ពិសេសសូមជួយជំរុញអ្នកវិនិយោគចិនឱ្យមកវិនិយោគនិង ជួយទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ថ្លែងក្នុងពិធីជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ជាំង ណាន អគ្គនាយកនៃនាយកដ្ឋានច្បាប់ របស់មជ្ឈមណ្ឌលការងារចិនដើម្បីសហប្រតិបត្តិការអន្តរជាតិ (CWCIE) នៃសហជីពទូទាំងប្រទេសចិន (ACFTU) លោកអ៊ិតសំហេងរដ្ឋមន្រ្តីក្រសួងការងារ បានស្នើសុំឱ្យ លោកស្រី ជាំង ណាន ជួយជំរុញឱ្យ អ្នកវិនិយោគចិនមកធ្វើការបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

ព្រមជាមួយគ្នានេះលោករដ្ឋមន្រ្តី ក៏បានស្នើសុំដល់មហាមិត្តចិនឱ្យជួយបង្កើនការបញ្ជា ទិញទំនិញពីកម្ពុជាឱ្យកាន់តែច្រើន។ព្រោះថា ការជួយទិញទំនិញ និងការមកវិនិយោគនៅកម្ពុជាកាន់តែច្រើន គឺដូចជាជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលជាមហាមិត្តយូរអង្វែង។

នាឱកាសនេះដែរលោក រដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលមានឯកឧត្តម ស៊ី ជិនពីង ជាប្រធានាធិបតី។

លោក រដ្ឋមន្រ្តីក្រសួងការងារ ក៏បានលើកឡើងពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់មហាយក្សចិន ដែលទើបតែបញ្ចប់មហាសន្និបាត កាលពីពេលថ្មីៗកន្លងទៅនេះ ហើយកម្ពុជាក៏ជាប្រទេសមួយ ដែលទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីការអនុវត្តគោលនយោបាយនេះ។មិនត្រឹមតែទទួលបានកិច្ចសហប្រតិបត្តិការណ៍លើការអភិវឌ្ឍវិស័យគមនាគមន៍ ហេដ្ឋារចនាសម្ពន្ធ ទេសចរណ៍ និងវិស័យមួយចំនួនទៀតប៉ុណ្ណោះទេ កម្ពុជាក៏ទទួលបានផលប្រយោជន៍យ៉ាងច្រើន លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាការវិនិយោគលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ពីការគាំទ្រគោលនយោបាយខ្សែក្រវាត់ និងផ្លូវនេះផងដែរ។

លោកអ៊ិត សំហេង បានស្នើឱ្យសហជីពនៃប្រទេសទាំងពីរ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ជាមួយគ្នា ឱ្យបានកាន់តែប្រសើរឡើង ដើម្បីបង្កើនការរួមចំណែកការពារផលប្រយោជន៍របស់កម្មករនិយោជិត និងដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ លើផ្នែកសហជីពនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណ១,២០០កន្លែង ក្នុងនោះស្ថិតក្រោមការវិនិយោគរបស់អ្នកវិនិយោគចិនមានប្រមាណ ៧០០កន្លែង៕B/