រដ្ឋមន្រ្តីពីរក្រសួងគាំទ្រសមាគមអភិរក្សសត្វដំរី អៃរាវត្តា ខេត្តរតនគិរី ដែលបង្កើតតំបន់ អេកូទេសចរណ៍ និងកន្លែង បង្កាត់ពូជដំរីដ៏ធំនៅកម្ពុជាពេលអនាគត

175
ចែករម្លែក

ដោយ:មូលសម្បត្តិ-ភ្នំពេញ ៖ រដ្ឋមន្រី្តក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ និងរដ្ឋមន្រី្តក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមក្នុងពិធីដាំកូនឈើដែលរៀបចំឡើង ដោយសមាគមអភិរក្សសត្វដំរី អៃរាវត្តា (ARIAVATA) ដែលពិធីនេះធ្វើនៅទីតាំង តំបន់អេកូទេសចរណ៍ ភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

លោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម​អភិរក្ស​សត្វដំរីក្នុងខេត្តរតនគិរី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សសត្វដំរី ក៏ដូចជាការចូលរួមការពារ និងអភិរក្សបរិស្ថានតាមរយៈការ​បង្កើតឲ្យមានតំបន់អេកូទេសចរណ៍ដ៏មានសក្តានុពល ក្នុងដែនអភិរក្សរបស់ខ្លួន​ស្ថិតក្នុងភូមិសាស្រ្តនេះ។

លោក បានសម្តែងនូវការគាំទ្រចំពោះសមាគមអភិរក្សសត្វដំរី អៃរាវត្តា ដែលបានបង្កើតតំបន់អេកូទេសចរណ៍ និងរៀបចំឲ្យមានកន្លែងបង្កាត់ពូជដំរី ដ៏ធំជាងគេនៅប្រទេសកម្ពុជា ក្នុងទឹកដីភាគឦសានមួយនេះ ហើយក្នុងនាមក្រសួងបរិស្ថាន លោកនឹងផ្តល់ថវិកាក្នុងមួយឆ្នាំ ២ម៉ឺនដុល្លារ ដល់សមាគមដើម្បីឲ្យមានលទ្ធភាពបន្ថែម ទ្រទ្រង់ដល់កិច្ចដំណើរការរបស់ខ្លួន ប្រកបដោយនិរន្តរភាព។

រីឯលោក ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសសមាគម​អភិរក្សសត្វដំរី អៃរាវត្តា វិញក៏បានសម្តែងនូវការគាំទ្រផងដែរនូវគម្រោងខាងលើ។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកគម្រោងបង្កើតតំបន់អេកូទេសចរណ៍ និងការអភិរក្សសត្វដំរីពិតជាមានសារសំខាន់ណាស់ ក្នុងការរក្សាបាននូវធនធាន​ធម្មជាតិ និងបង្កើនចំនួនសត្វដំរីកាន់តែច្រើនឡើង ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសអាចជួយកាត់បន្ថយភាពក្រីក្រី ក្នុងសហគមន៍តាមរយៈ​ប្រាក់ចំណូល​បានពីអេកូទេសចរណ៍នេះ។

លោក បានលើកឡើងថា បច្ចុប្បន្ននេះសមាគមអភិរក្សសត្វដំរី អៃរាវត្តា (ARIAVATA) មានសត្វដំរីចំនួន ៤ក្បាល (ឈ្មោល២ ញី២) សម្រាប់ធ្វើការ​បង្កាត់ពូជ ហើយនៅពេលអនាគត (ARIAVATA) និងទិញពីខេត្តសូរិន ប្រទេសថៃ ឬពីប្រទេសភូមាបន្ថែមទៀត ដើម្បីយកមកបង្កាត់ពូជ ឲ្យមានចំនួនកាន់តែច្រើន។

បើតាមការលើកឡើងរបស់លោកស្រី រ័ត្ន ខៃចិន្តា ប្រធានសមាគមអភិរក្សសត្វដំរី អៃរាវត្តា បានឲ្យដឹងថា សមាគមនេះបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយក្រុមគ្រួសារ​លោកស្រីផ្ទាល់ ហើយ (AIRAVATA) នេះគឺដោយហេតុថា ក្រុមគ្រួសារ លោកស្រី​ស្រឡាញ់បរិស្ថាន ធម្មជាតិ និងស្រឡាញ់សត្វដំរី និងចង់ឲ្​យមានវត្តមានសត្វដំរីក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗ នាថ្ងៃអនាគត៕

សូមបញ្ជាក់ថា ក្នុងពិធីនេះលោករដ្ឋមន្ត្រីទាំងពីរ ក៏បានបំពាក់មេដាយការងារ និងប័ណ្ណសរសើរជូន ប្រធានសមាគម និងសប្បុរសជននានា ដែលបានជួយ​ឧបត្ថម្ភគាំទ្រដល់សមាគម អភិរក្សសត្វដំរី អៃរាវត្តានេះផងដែរ៕B/Ha