រដ្ឋលេខាធិការក្រសួងកសិកម្ម ចាត់​ទុកទិន្នផលនេសាទ ជាចង្វាក់បេះ​​ដូង​របស់ខេត្តកោះកុង

405
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែមករា ថ្មីៗ បានចាត់ទុកទិន្ននេសាទនៅក្នុងដែនសមុទ្រជាចង្វាក់ បេះដួងរបស់ខេត្តកោះកុងដែលមិនអាចខ្វះបាន ព្រោះវាជាប្រភពចំណូលដ៏ធំបំផុត សម្រាប់ប្រជានេសាទ និងអ្នកទទួលទាន។

លោក យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួងកសិកម្ម និងជាអតីតអភិបាលខេត្តកោះកុង លើកឡើងក្នុងបិទអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ ថា ដំណាំកសិកម្មស្រូវ ផ្លែឈើ និងការចិញ្ចឹមសត្វ គ្រាន់តែប្រភពចំណូលបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពរស់នៅក្នុងគ្រួសារប៉ុណ្ណោះ។ ពោលគឺរឹតតែមិនអាចនាំ កាន់បណ្តាខេត្ត ឬប្រទេសជិតទៀតផង។ ខណៈកង្វះខាតបច្ចេកទេសដាំដុះ និងផ្ទៃដីភាគច្រើនជាប់ក្នុងតំបន់ការពារធម្មជាតិ។

ផ្ទុយមកវិញ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចាត់ទុកមុខរបរនេសាទសមុទ្រ និងប្រមូលផលពី១ឆ្នាំទៅ១ឆ្នាំជាចង្វាក់បេះដួងរបស់ខេត្តកោះ កុង តាមរយៈទទួលបានប្រភពចំណូលដ៏ធំបំផុត ដែលនរណាៗក៏ដឹង ហើយស្គាល់ដែរ។ ទោះយ៉ាងណា លោក យុទ្ធ ភូថង បានបង្ហាញក្តីបារម្ភពីពលរដ្ឋ ឬឈ្នួញខិលខូចមួយចំនួនតូច គិតតែទាញយកតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយនាំគ្នាធ្វើសកម្មភាពបំផ្លិចបំផ្លាញសហគមន៍នេសាទរបស់ប្រជានេសាទទាំងមូលដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ មិនថា តំបន់ការពារ និងតំបន់ប្រើប្រាស់អាស្រ័យផលបាន។

បញ្ហាប្រឈមនេះ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម បានណែនាំដល់ប្រធាន និងក្រុមមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្តកោះកុង គប្បីត្រូវស្រាវជ្រាវឱ្យច្បាស់លាស់ពីសកម្មភាពនេសាទខុសច្បាប់ និងការទន្រ្ទានដីព្រៃលិចទឹកយកធ្វើជាកម្មសិទ្ធិឯកជនឱ្យបានប្រាកដប្រជា ពុំមែធ្វើលំៗ និងរឹតតែមិនអាចធ្វើឱ្យប្រជាជនគ្មានកន្លែងបង្កបង្កើនផលបានដែរ។

លោក យុទ្ធ ភូថង សង្កត់ធ្ងន់ថា ប្រសិនណាអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធអនុវត្តបានល្អ គឺភោគផលនេសាទនៅខេត្តកោះកុងមិនត្រឹមតែបម្រើដល់ប្រជាជននោទេ គឺអាចនាំចេញទៅលក់ក្រៅខេត្ត និងប្រទេសជិតខាងផងដែរ។ ដូច្នេះចាំបាច់នាំគ្នាយកចិត្តទុកដាក់ដោះស្រាយឡើងវិញ ចំពោះកិច្ចការងារពង្រឹងសហគមន៍នេសាទឱ្យបានគង់វង្ស ត្បិតបញ្ហានេះ វាមានលក្ខណៈស្មុគស្មាញយ៉ាងណាក៏ដោយ។

នៅឆ្នាំ២០១៩កន្លងទៅ ការងារប្រមូលផលអាជីវកម្មនេសាទទឹកសាប ទឹកប្រៃ និងវារីវប្បកម្ម សម្រេចបានជាង៥មឺុន៣ពាន់តោន។ ដោយផលនេសាទទាំងនោះ ដឹកជញ្ចូនទៅកាន់តែប្រទេសថៃ និងវៀតណាមចំនួន៧.០៣០៦តោន ហើយព្រមទាំងបានបង្រ្កាបបទល្មើសនេសាទបានចំនួន៤៩ករណីផងដែរ។

រីឯលោក អ៊ី ម៉េងលាង ប្រធនាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុងវិញ អះអាងថា បច្ចុប្បន្ន ខេត្តកោះកុង មានសហគមន៍នេសាទចំនួន១០ សហគមន៍កសិកម្មចំនួន៣ និងសហគមន៍ព្រៃឈើចំនួន៥។ និយាយពីការចូលរួមប្រជាពលរដ្ឋលើការងារការពារធនធានជលផលនៅមានកម្រិតទាប ទោះបីជាមានការបង្រ្កាប និងផ្សព្វផ្សាយអប់រំណែនាំពីច្បាប់ទៅកាន់ពួកគាត់យ៉ាងណាក្តី។

ជាបទពិសោធន៍ និងវិធានការថ្មី តបតាមការណែនាំរបស់ឯឧ យុទ្ធ ភូថង លោក អ៊ី ម៉េងលាង គូសបញ្ជាក់ថា លោកនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធបង្កើនការពង្រឹងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ព្រមទាំងបង្រ្កាបរាល់បទល្មើសនេសាទខុសច្បាប់ជាធរមាន ជៀសវាងការបាត់បង់ធនធានធម្មជាតិទៅថ្ងៃមុខ។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ បង្ហាញថា ក្រៅពីបញ្ហានេសាទ ក៏មានដែលការរំលោភទន្រ្ទានកាន់កាប់ដីចម្ការឈើអាកាស្យាពីសំណាក់ប្រជាពលរដ្ឋ អាជីវករលក់ជី និងថ្នាំកសិកម្មពុំទាន់មានវិញ្ញាបនបត្រឆ្លងកាត់វគ្គអប់រំវិជ្ជាជីវៈ។ ពិសេសក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួននៅតែមិនទាន់បានចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវ ដែលចំពោះរឿងនេះមន្ទីរពន្លឿនធ្វើមានភាពស្របច្បាប់បន្តទៀត រីឯការដាំដុះកៅស៊ូជាលក្ខណៈគ្រួសារថយចុះ ព្រោះតែតម្លៃចុះថោកខ្លាំង៕B/